ប្រៀបធៀប​ឲ្យ​ដាច់! គួរ​ទិញ iPhone 11 Pro ឬ​លៃលក​ត្រឹម iPhone XS Max?

  • 2019-09-11 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​ប្រកាស​ផ្សាយ​នូវ iPhone ចំនួន ៣ ម៉ូឌែល​នៅ​ឯ​ព្រឹត្តិការណ៍ Apple Event របស់​ខ្លួន​កាល​ពី​យប់មិញ។ ការ​ប្រកាស​លក់​ផ្លូវការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២០ ​កញ្ញា ប៉ុន្តែ​មក​ទល់​ពេល​នេះ​ក៏​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​សម្រាប់​អតិថិជន​អ្នក​ប្រើប្រាស់ ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​គួរ​ទិញ iPhone សេរ៊ី​ឆ្នាំ ២០១៩ ឬ​លៃលក​ត្រឹម iPhone XS Max សិន?

Sabay ​បង្ហាញ​នូវ​ភាព​ខុស​គ្នា​ប៉ុន្មាន​ចំណុច​រវាង​ iPhoneជំនាន់​ទាំង​ពីរ និង​វាយតម្លៃ​នូវ​ការ​សម្រេច​ចិត្ត​ដ៏​សមរម្យ​មួយ៖

រចនាបថ

ចំពោះ​រូបរាង​ហាក់​ពុំ​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ឡើយ ពោល​គឺ​រចនាបថ​អេក្រង់​ខាង​មុខ​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Apple នៅ​តែ​បន្ត​ប្រើប្រាស់​អេក្រង់​ឆក​ធំ​ដដែល ដោយ​ខុស​ត្រឹម​គន្លង​នៃ​កាមេរ៉ា​ក្រោយ​រចនា​ជា​រាង​បញ្ឈរ​ភ្លោះ​លើ iPhone 11 និង​ជា​រាង​ការេ​លើ iPhone 11 Pro។

ទម្ងន់​តួ​ខ្លួន iPhone 11 Pro/11 Pro Max មាន ១៨៨ ក្រាម និង ២២៦ ក្រាម​ធ្ងន់​ជាង​ជំនាន់​ចាស់ iPhone XS/XS Max មាន ១៧៧ ក្រាម និង ២០៨ ក្រាម។ ចំពោះ​កម្រាស់​តួ​ខ្លួន​ក៏​សេរ៊ី​ក្រោយ​រាង​ក្រាស់​ជាង​មុន​បន្តិច​ផង​ដែរ។

អេក្រង់

ទំហំ​អេក្រង់ ៥,៨ អ៊ីញ ​និង ៦,៥ អ៊ីញ​នៅ​តែ​ជា​ទំហំ​ស្តង់ដារ​ដែល​ប្រើប្រាស់​លើ iPhone ឆ្នាំ ២០១៩។ ចំណុច​ខុស​ប្លែក​ខ្លាំង​ត្រង់​កម្រិត​ពន្លឺ​បង្ហាញ​មាន​ភាព​ខ្ពស់​ជាង​ដល់​ទៅ ៨០០ nits ស្រប​ពេល iPhone XS ​លោត​បាន​ត្រឹម ៦២៥nits និង​ប្រព័ន្ធ​ដំណើរការ 3D Touch ​ត្រូវ​ផ្លាស់ប្តូរ​ទៅ​ជា Haptic Touch។

កាមេរ៉ា

នេះ​ជា​ចំណុច​រសើប​នៃ​ការ​អភិវឌ្ឍ​ខ្លាំង​បំផុត​លើ iPhone ឆ្នាំ ២០១៩ ដោយ​ជំនាន់​ចាស់​មាន​ប្រើប្រាស់​ត្រឹម​កាមេរ៉ា​ក្រោយ ២ គ្រាប់ លុះ​មក​ដល់​ជំនាន់​ក្រោយ​ឡើង​ដល់ ៣ គ្រាប់ ដែល​បន្ថែម​ឡេន​សំខាន់​ជា​ប្រភេទ Ultra-wide។ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត​រូប​បែប​ទូលាយ ជាមួយ​នឹង​ការ​គាំទ្រ​នូវ​មុខងារ Night Mode អាច​ថត​នៅ​ទីតាំង​ងងឹត​បាន​កាន់​តែ​ល្អ​ជាង​មុន។

ក្រឡេក​ទៅ​កាមេរ៉ា​មុខ​លើ​ជំនាន់​ចាស់​មាន​ទំហំ​ត្រឹម 7MP លុះ​មក​ដល់ iPhone 11 មាន 12MP ខ្លាំង​ត្រង់​អាច​ថត​វីដេអូ Slo-mo ​នូវ​កម្រិត 1 080p លើ​លក្ខខណ្ឌ 120fps ថែម​ទៀត​ផង។

ផ្នែក Hardware

iPhone 11 Pro បាន​ពាំនាំ​នូវ​បន្ទះ​ឈីប​ថ្មី​គឺ A13 Binonic បន្ត​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charge ប៉ុន្តែ​មិន​ទាន់​វិវត្ត​ដល់​មុខងារ Reverse Wireless Charging ដូច​គូ​ប្រជែង​ដទៃ​ឡើយ។ ជាង​នេះ​ប្រព័ន្ធ 5G ក៏​មិន​មាន​ផ្តល់​ជូន​លើ​ជម្រើស​នៃ​ម៉ូឌែល​ណា​មួយ ពោល​គឺ​ប្រើប្រាស់ 4G ស្រប​ពេល​ក្រុមហ៊ុន​ធំ​តូច​មួយ​ចំនួន​ក្នុង​លោក​បាន​នឹង​កំពុង​តេស្ត​សាកល្បង​អ៊ីនធឺណិត​ល្បឿន​លឿន​ជា​បណ្តើរៗ។

ទំហំ​ថ្ម (mAh) ទំហំ RAM ខាង​ក្រុមហ៊ុន Apple មិន​ទាន់​លម្អិត​ជាក់ច្បាស់ តែ​ត្រង់​ចំណុច​ខ្លឹម​លើ iPhone 11 Pro គឺ​ការ​ផ្តល់​ជូន​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង ១៨ វ៉ាត់​មក​ស្រាប់​ខាង​ក្នុង​ប្រអប់។

តម្លៃ

iPhone 11 Pro មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​ឡើង​ទៅ ស្រប​ពេល iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុមហ៊ុន Apple បាន​បិទ​មិន​មាន​ការ​លក់ iPhone XS/XS Max លើគេហទំព័រខ្លួនឡើយ ​ពោល​គឺ​ទម្លាក់​ថ្លៃ​ត្រឹម iPhone XR ​មក​សល់ ៥៩៩ ដុល្លារ និង iPhone 8 មក​សល់ ៤៤៩ ដុល្លារ។

ការ​វាយ​តម្លៃ​រួម

និយាយ​ឲ្យ​សាមញ្ញ​បំផុត​ប្រសិន​អ្នក​ស្ថិត​ក្នុង​ប្រភេទ​អ្នក​ប្រើប្រាស់​ចូលចិត្ត​ការ​ថត​រូប នោះ​ការ​ចំណាយ​លុយ​ទៅ​លើ iPhone 11 Pro ឬ 11 Pro Max ពិត​ជា​សក្ដិសម​បំផុត ព្រោះ​ចំណុច​ខ្លាំង​ត្រង់​ផ្នែក​កាមេរ៉ា​នៃ​ការ​បន្ថែម​ឡេន Ultra-wide វា​ជា​លើក​ដំបូង​និង​បទពិសោធន៍​ថ្មី ដែល​ធៀប​នឹង iPhone សេរ៊ិ​ចាស់​គ្មាន​ដូច។

ផ្ទុយ​ទៅ​វិញ​ប្រសិន​អ្នក​ត្រឹម​ស្ថិត​ក្នុង​ប្រភេទ​អ្នក​ប្រើប្រាស់​ទូទៅ មិន​សូវ​ជា​ខ្វល់ខ្វាយ​លើ​ការ​ថត​រូប នោះ​ជម្រើស iPhone តម្លៃ​ថោក​ត្រកូល XS/XS Max ​អាច​ថា​ជា​ជម្រើស​ល្អ​ជាង។ ប៉ុន្តែ​ប្រសិន​អ្នក​ចង់​ភ្លក់​រសជាតិ​ iPhone សេរ៊ី​ឆ្នាំ​ ២០១៩ ហើយ​មិន​ចង់​ចំណាយ​ច្រើន នោះ​ក៏​គួរ​តែ​សាកល្បង​ជាមួយ iPhone 11 ឬ iPhone XR ជំនាន់​ទី​ពីរ ព្រោះ​ធុន​នេះ​ក៏​មាន​ឡេន Ultra-Wide ដូច​គ្នា គួប​ផ្សំ​ជម្រើស​ពណ៌​ស៊ីវិល័យ​ច្រើន ខុស​ខ្លាំង​ត្រង់​ផ្នែក​អេក្រង់​ដែល​មិន​មែន​ជា OLED តែ​ប៉ុណ្ណោះ៕

អានអត្ថបទ:

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី