តំណែង​ស្តេច​កាមេរ៉ា ​មិន​ទាន់​រង្គោះរង្គី​ទេ ទោះ​ជា​ស្មាតហ្វូន​ថ្មីៗ​ចេញ​មក​ច្រើន

  • 2019-09-23 03:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark បាន​បញ្ចេញ​នូវ​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត​កាមេរ៉ា​នៅ​លើ Galaxy Note 10+ 5G ដែល​វា​អាច​ទទួល​បាន​ពិន្ទុ​សរុប​ដល់​ ១១៣ ឯណោះ។ ពិន្ទុ​នេះ​គឺ​ខ្ពស់​ជាង​ Huawei P30 Pro មួយ​ពិន្ទុ​ ប៉ុន្តែ​វា​អាច​ឲ្យ​​ស្មាតហ្វូន Samsung ថ្មី ឈរ​លើ​តំណែង​កំពូល​​នៃ​តារាង​របស់​ DxOMark បាន។

លើស​ពី​នេះ Note 10+ 5G អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដាច់​គេ​នៅ​លើ​ផ្នែក​កាមេរ៉ា Selfie ខាង​មុខ​ ជា​មួយ​ពិន្ទុ​សរុប​ ៩៩ ពិន្ទុ។ ក៏​ព្រោះ​តែ​ម៉ូដែល 5G មាន​បំពាក់​កាមេរ៉ា​ដូច​ជា​ Galaxy Note 10+ ធម្មតា​ ហេតុ​នេះ​ពិន្ទុ​នេះ​ក៏​អាច​ប្រើ​លើ Galaxy Note 10+ ផង​ដែរ។

DxOMark បាន​ដាក់​ពិន្ទុ​ស្មាតហ្វូន​​ស៊េរី​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​ថត​រូប និង​វាយ​តម្លៃ​លើ​រូប​ចំនួន ១៥០០ សន្លឹក​ដែល​ថត​សាក​ល្បង និង​វីដេអូ​ដែល​មាន​រយៈពេល​សរុប​ជាង ២ ម៉ោង នៅ​ក្នុង​បរិយាកាស​ផ្សេងៗ​គ្នា​​ដូច​ជា​នៅ​ទី​ងងឹត, នៅ​​ខាង​ក្រៅ និង​នៅ​ខាង​ក្នុង​ជា​ដើម។

Galaxy Note 10+ មាន​បំពាក់​កាមេរ៉ា​មេ​កម្រិត ១២ MP ជា​មួយ​ Aperture f/1.5-2.4, មាន​ OIS និង Dual-Pixel Autofocus។ វា​មាន​មក​ជា​មួយ​កាមេរ៉ា​ Ultra-Wide កម្រិត ១៦ MP មាន​ Aperture f/2.2 និង Telephoto កម្រិត ១២ MP ជា​មួយ Aperture f/2.1។ វា​ក៏​មាន​បំពាក់​ដោយ​ Sensor Time of Flight សម្រាប់​ជំនួយ​ដល់​ការ​វាស់​ជម្រៅ​ផង​ដែរ។

​រវាង​​កាមេរ៉ា​លើ S10 5G និង Galaxy Note 10+ គឺ​មាន​ Hardware មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ Samsung អាច​ធ្វើ​ឲ្យ​កាមេរ៉ា​កាន់​តែ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​បង្កើន​​សមត្ថភាព​ Software។

ចំពោះ​ការ​ថត​រូប​​សន្លឹក​ Note 10+ 5G អាច​ទទួល​បាន​ពិន្ទុ​សរុប ១១៨ ពិន្ទុ ឈើ​នៅ​លំដាប់​លេខ​ពីរ ចាញ់​ Huawei P30 Pro មួយ​ពិន្ទុ។ ការ​ធ្វើ​តេស្ត​រក​ឃើញ​ថា​​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា កាមេរ៉ា​របស់ Note 10+ 5G អាច​គណនា​បាន​ល្អ​លើ​ការ​កំណត់​​​ Exposure នៃ​រូបភាព។

ចំពោះ​វីដេអូ Note 10+ 5G បាន​ក្លាយ​ជា​កាមេរ៉ា​អាច​ថត​វីដេអូ​ខ្លាំង​ដាច់​គេ​បំផុត​នៅ​លើ DxOMark ដែល​មាន​ពិន្ទុ​ ១០១ ពិន្ទុ។ ស្មាតហ្វូន​នេះ​អាច​ថត​វីដេអូ​បាន​ច្បាស់​ខ្លាំង​ក្នុង​កម្រិត 4K អាច​ធ្វើ​ការ​ Autofocus បាន​ចំៗ​និង​អាច Track Subject បាន​លឿន និង​ល្អ។

តែយ៉ាងណាមិញមិន​ប្រាកដ​ថា​ Note 10+ 5G នឹង​អាច​កាន់​កាប់​តំណែង​កំពូល​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ដោយ​សារ​នៅ​ពេល​ខាង​មុខ​វា​នឹង​ត្រូវ​ប្រកួត​នឹង​ស្មាតហ្វូន​កំពូលៗ​ជា​ច្រើន រួម​មាន iPhone ថ្មី(11 Pro Max), Google Pixel 4 និង Huawei Mate ជំនាន់​ថ្មី(30 Pro 5G)​ជា​ដើម៕​​​

អត្ថបទទាក់ទង៖

ប្រភព៖ dxomark   ប្រែ​សម្រួល៖ រក្សា