ព្រឿង​ សុជាតិ​ លាភ​ រដ្ឋា​ សុទ្ធតែ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ឡើង​ទៅ​វគ្គ​៨​ពាន​ TV5

  • 2019-09-23 03:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ​ ព្រឿង​ សុជាតិ​ ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ ខណៈ​ លាភ​ រដ្ឋា​ ក៏​ផ្ដួល​ ណាម​ ម៉ូរ៉ាក់​ ឲ្យ​សន្លប់​ដើម្បី​ឡើង​ទៅ​ជុំ​ទី៣​ នៃ​កម្មវិធី​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។​

កីឡាករ ព្រឿង សុជាតិ

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ ភួង​ ពិសិដ្ឋ​ នេះ​គឺ​ខ្លួន​បាន​ដឹង​ពី​សមត្ថភាព​ដៃគូ​រួច​ហើយ​ គេ​ល្អ​កណ្ដាប់ដៃ។​ ដូច្នេះ​ហើយ​ទើប​ខ្លួន​ព្យាយាម​ហាត់​ទាត់​បាន​ច្រើន​ ខណៈ​ពេល​ប្រកួត​មែនទែន​ សុជាតិ​ ទាត់​កាត់​ដៃគូ​បាន​ល្អ​ គឺ​ផ្ដាច់​ចង្វាក់​​ធ្វើ​ឲ្យ​ ភួង​ ពិសិដ្ឋ​ ពិបាក​និង​ចូល​មក​វ៉ៃ។​ ការ​ព្យាយាម​ទាត់​នេះ​ កីឡាករ​ ព្រឿង​ សុជាតិ​ ក៏​បាន​សម្រេច​នៅ​ទឹក​ទី២​ ដោយ​ដៃគូ​ត្រូវ​រន្ទះ​ជើង​ទាត់​ផ្កាប់​ចាន់​សន្លប់​តែ​ម្ដង​ទៅ។​

លាភ រដ្ឋា(ក្រហម)

ចំណែក​ លាភ​ រដ្ឋា​ វិញ​ក៏​មិន​ធម្មតា​ដែរ​ ពោល​កណ្ដាប់ដៃ​ធ្ងន់​ៗ​គ្មាន​មេត្តា​ វ៉ៃ​សម្រុក​លើ​ដៃគូ​រហូត​អាជ្ញាកណ្ដាល​ ១ដង​ទៅ​២​ដង​ មុន​ពេល​សន្លប់​ធំ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី២​នោះ។​ អ្នក​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​រូប​នេះ​នៅ​តែ​បង្ហាញ​ស្នៀត​កណ្ដាប់ដៃ​ល្អ​ដដែល​ នៅ​ពេល​ដៃគូ​ភ្លាត់​ចូល​ដៃ​របស់​គេ​ហើយ​ ដឹង​តែ​គេច​មិន​ផុត​ពី​សន្លប់​នោះ​ឡើយ។​

កីឡាករ លាភ រដ្ឋា

រំលឹក​ដែរ​ថា​ កីឡាករ​ ព្រឿង​ សុជាតិ​ និង​ លាភ​ រដ្ឋា​ បាន​ឡើង​ទៅ​ជុំ​ទី៣​ ដែល​មាន​កីឡាករ​៨នាក់​បន្ត​ទៀត ​បន្ទាប់​ពី​ពួកគេ​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​កញ្ញា​ ២០១៩​កន្លង​ទៅ​នេះ។​ សុជាតិ​ នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ លាភ​ រដ្ឋា​ ហើយ​នរណា​ឈ្នះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​