iPhone ជំនាន់ក្រោយអាចនឹងប្រើកាមេរ៉ា 3D ៣ គ្រាប់ និងប្រើ USB-C
- 2019-09-24 09:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ជំនាន់ក្រោយអាចនឹងប្រើកាមេរ៉ា 3D ៣ គ្រាប់ និងប្រើ USB-C
ចន្លោះមិនឃើញ
ក្នុងរបាយការណ៍របស់សារព័ត៌មាន Bloomberg បានអះអាងថាទូរសព្ទរបស់ Apple គឺ iPhone ស៊េរីថ្មីដែលនឹងចេញនាចុងឆ្នាំ ២០១៩ នេះនឹងមានការផ្លាស់ប្ដូរច្រើន ដោយប្រើប្រាស់ Hardware ថ្មី ដែលក្នុងនោះការកែប្រែកាមេរ៉ា និងរន្ធសាក ក៏នឹងកើតមានឡើងផងដែរ។
ដោយលើកឡើងថាខ្លួនបានទទួលព័ត៌មានពីមនុស្សដែលទាក់ទងក្នុងគម្រោងការនេះ Bloomberg បានប្រាប់ថា iPhone ជំនាន់ថ្មីនឹងប្រើប្រាស់កាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់ ជំនួសឲ្យកាមេរ៉ាភ្លោះ ២ គ្រាប់ដែលខ្លួនកំពុងមាននាពេលសព្វថ្ងៃនេះ។ Lens ទី ៣ ដែលគេនឹងបំពាក់ក្នុង iPhone ឆ្នាំ ២០១៩ នេះ អាចនឹងជាប្រភេទ Lens ពង្រីក អាច Zoom បានឆ្ងាយល្អដោយរក្សាគុណភាពរូប មិនឲ្យបែក ហើយវាក៏ថតបានទូលាយជាងមុនផងដែរ។
លើសពីនេះទៅទៀត iPhone ក្នុងឆ្នាំនេះ ឬក៏ iPhone ២០២០ អាចនឹងមានកាមេរ៉ាខាងក្រោយជាប្រភេទ 3D ដោយឥឡូវនេះ iPhone មានបច្ចេកវិទ្យានេះតែលើកាមេរ៉ាខាងមុខតែប៉ុណ្ណោះ ដែលវាដំណើរការជាមួយ Laser និង Infrared ដែលមាន Sensor ចាំទទួល និងវិភាគផ្ទៃរូបភាពជាទម្រង់ 3D ដែលវាត្រូវបានហៅថា Face ID សម្រាប់មុខងារសុវត្ថិភាពរបស់ iPhone។
ប្រសិនបើកាមេរ៉ាខាងក្រោយរបស់ iPhone ជំនាន់ថ្មីឡើងដល់ ៣ គ្រាប់ មាន Laser និងបច្ចេកវិទ្យា 3D នោះ iPhone នឹងមានបច្ចេកវិទ្យា AR ឈានមុខគេបំផុតថតដោយកាមេរ៉ាក្រោយនេះ។
Apple ក៏ត្រូវបានគេសង្ស័យថាបាននឹងកំពុងសាកល្បងទូរសព្ទថ្មីរបស់ខ្លួនជាមួយនឹងរន្ធសាកប្រភេទ USB-C ផងដែរ។ ការផ្លាស់ប្ដូរនេះ នឹងក្លាយជារឿងក៏ធំបំផុតមួយរបស់ Apple ដោយសារតែ iPhone តាំងពីជំនាន់ iPhone 5 មកប្រើប្រាស់រន្ធ Lightning ហើយសូម្បីតែឧបករណ៍អេឡិចត្រូនិកដទៃទៀតរបស់ខ្លួនដូចជា iPad (លើកលែង iPad Pro ឆ្នាំ ២០១៨) និង AirPods ក៏ប្រើរន្ធ Lightning ចាស់នេះដែរ។
បើសិនជាមានការផ្លាស់ប្ដូរមកប្រើ USB-C មែននោះ iPhone អាចនឹងគាំទ្រជាមួយនឹងឧបករណ៍អេឡិចត្រូនិកដទៃទៀតច្រើន ក្រៅតែពីម៉ាករបស់ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនបានចេញមុខមកបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ ថាពិត ឬមិនពិតនោះឡើយ។
ចុចអាន៖