អ្នក​លេង​គុន​ខ្មែរ​ ធន់​ ចាន់ឌី ​ប្រាប់​រឿង​ចាស់​កាល​ជិន​បាន​ឡើង​គូ​បរទេស​ដូច​គេ​ តែ​ខកខានវិញ...

  • 2019-09-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ធន់​ ចាន់ឌី​ រំលឹក​រឿង​កម្សត់​របស់​ខ្លួន​ពី​មុន​ ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ខំប្រឹង​ប្រកួត​យ៉ាង​ខ្លាំង​ រំពឹង​បាន​ប្រកួត​គូ​អន្តរជាតិ​ដូច​គេ​ ប៉ុន្តែ​បែរ​ជា​អាក់ខាន​វិញ​ដល់​សព្វថ្ងៃ​ព្រោះ​របួស​បែក​កែង​ដៃ។​

ធន់ ចាន់ឌី(ខៀវ)

ធន់​ ចាន់ឌី​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ ខ្លួន​មាន​របួស​បែក​កែង​ដៃ​ស្ដាំ​ ជា​ហេតុ​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ ៣​ខែ​ ដើម្បី​វះ​យក​ឆ្អឹង​ដែល​បែក​នោះ​ចេញ​ក្រៅ​ ទើប​អាច​បន្ត​អាជីព​ជា​អ្នក​ប្រដាល់​នេះ​ជា​ថ្មី​វិញ។​ អំឡុង​ពេល​នោះ​ អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ​រូប​នេះ​ ថា​ខ្លួន​បាន​ក្លាយ​ជា​គូ​ឯក​ក្នុង​កម្មវិធី​មួយ​ចំនួន​រួច​ហើយ​ និង​ធ្លាប់​ឈ្នះ​ជើង​ចាស់​ជា​ច្រើន​ផង​ដែរ​ អាច​ថា​នៅ​សល់​តែ​បន្តិច​ទៀត​បាន​វ៉ៃ​គូ​បរទេស​ហើយ។​

ធន់ ចាន់ឌី(ខៀវ)

កូន​សិស្ស​លោក​ ធន់​ សុភា​ ម្នាក់​នេះ​ក៏​ហាក់​អន់​ចិត្ត​និង​ខ្លួន​ឯង​ដែរ​ ដោយ​ឃើញ​មិត្ត​រួម​ក្លឹប​ដែល​ប្រឡូក​ស្រករ​គ្នា​គេ​បាន​ហក់​ដល់​គូ​បរទេស​ ប៉ុន្តែ​ខ្លួន​បែរ​ជា​បាត់​ឱកាស​ ហើយ​ត្រូវ​ខំប្រឹង​ជា​ថ្មី​ទៅ​វិញ​ដូច្នេះ។​ កីឡាករ​មាន​មហាច្ចិតា​ធំ​ខាង​លើ​ ប្ដេជ្ញា​ថា​នឹង​ខំប្រឹង​ទាំង​ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ប្រកួត​ឲ្យ​ខ្លាំង​ជា​ថ្មី​ទៀត​ ដើម្បី​បាន​វ៉ៃ​គូ​បរទេស​។ ការបានវ៉ៃគូបរទេស​អាច​ធ្វើ​ឲ្យ​ខ្លួន​ល្បី​ឈ្មោះ​ និង​អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន​ជាង​នេះ​សម្រាប់​ជួយ​ក្រុម​ក្រួសារ​ និង​ប្អូន​រៀន​សូត្រ​ផង​ដែរ។​

ធន់​ ចាន់ឌី​ ជា​សិស្ស​គុន​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​មាន​វ័យ​១៩​ឆ្នាំ​៕​

អត្ថបទ៖ នួន ស៊ីណា​