មេ​ធំ Huawei ​ដាក់​គោលដៅ​លក់​ស្មាតហ្វូន​ឲ្យ​បាន ២៧០ លាន​គ្រឿង​ឆ្នាំ​នេះ

  • 2019-10-28 01:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei ​បាន​ប្រកាស​ពី​ភាព​ជោគជ័យ​លើ​ការ​នាំ​ចេញ​ស្មាតហ្វូន​ប្រមាណ ២០០ លាន​គ្រឿង​រួច​មក​ហើយ​សម្រាប់​ឆ្នាំ ២០១៩ ពោល​គឺ​លឿន​ជាង​ដល់​ទៅ ៦៤ ​ថ្ងៃ បើ​ធៀប​នឹង​តួ​លេខ​ធ្វើ​បាន​ដូច​គ្នា​នា​ឆ្នាំ ២០១៨។

ត្បិត​វិវាទ​រវាង​សហរដ្ឋអាមេរិក-ចិន​ ដែល​ឈាន​ដល់​ការ​ហាមប្រាម​មិន​ឲ្យ​ផលិតផល Huawei ឈរ​ជើង​នៅ​ទីផ្សារ​អាមេរិក​ក៏​ដោយ ប៉ុន្តែ​ទំហំ​នៃ​ភាព​រីក​ចម្រើន​របស់​ស្មាតហ្វូន​ចិន​ហាក់​ពុំ​ចុះ​ថមថយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​ទាញ​ការ​គាំទ្រ​ខ្លាំង​លើ​ជំនាន់​ចុង​ក្រោយ Mate 30/Mate 30 Pro។

យ៉ាងណាមិញ​ស្ថាបនិក Huawei លោក Ren Zhengfei ក៏​បាន​ទម្លាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប​ថា​ក្រុមហ៊ុន​របស់​ខ្លួន​មាន​គម្រោង​នាំ​ចេញ​ស្មាតហ្វូន​ឲ្យ​បាន​ដល់​ទៅ ២៧០ លាន​គ្រឿង​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ពោល​គឺ​ច្រើន​ជាង ២០ លាន​គ្រឿង​ធៀប​នឹង​ការ​ព្យាករណ៍​ទុក​ជា​មុន។

គួរ​បញ្ជាក់​ថា​ប្រសិន Huawei អាច​ធ្វើ​បាន​ដូច​ការ​គិត នោះ​ជា​តួ​លេខ​ល្អ​ប្រសើរ​មួយ ខណៈ Samsung ដែល​ជា​ក្រុមហ៊ុន​លំដាប់​ទី ១ ក្នុង​លោក​កាល​ពី​ឆ្នាំ​ ២០១៨ នាំ​ចេញ​បាន​ត្រឹម ២៩០ លាន​គ្រឿង ហើយ​វា​ក៏​ជា​សញ្ញា​វិជ្ជមាន​ដើម្បី​រុញ​ឲ្យ Huawei ក្លាយ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា