ឥណ្ឌាឈានដល់ថ្នាក់​ប្រកាស​អាសន្ន​អំពី​សុខភាព ក្រោយផ្សែង​អ័ព្ទវាយប្រហារ​លើ​ទីក្រុង​

  • 2019-11-03 02:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​នៅ​រដ្ឋធានី​ញូវដែល្លី​បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​អំពី​ការបំពុល​អាកាសធាតុ ដោយ​បាន​បិទ​សាលារៀន​និង​សកម្មភាព​សាងសង់​ទាំងអស់​នៅ​ពេល​មន្ត្រី​ក្រុង​ម្នាក់​​បាន​ប្រៀបប្រដូច​អាកាសធាតុ​ក្នុង​ទីក្រុង​ទៅ​នឹង​ធុង​ហ្គាស​។​

​វា​បាន​កើតឡើង​ចំ​ពេល​មេដឹកនាំ​អាល្លឺម៉ង់​បាន​អញ្ជើញ​មកដល់​កាលពី​ថ្ងៃ​សុក្រ​ទី​១​វិច្ចិកា ដើម្បី​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​ជាមួយ​​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​នដ្រា ម៉ូ​ឌី​។​ ​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​គ្រប​លើ​រដ្ឋធានី​ឥណ្ឌា​នៅ​សប្តាហ៍​នេះ​មួយ​ភាគ​ធំ បង្ក​ឡើង​ពី​ភ្លើង​ដុត​ដើម​ពោត ដុត​ស្មៅ​ធ្វើ​ចំការ​នៅក្នុង​រដ្ឋ​ក្បែរ​ខាង​នោះ​។​ ​អភិបាលក្រុង​ដ​ល្លី លោក អា​វីន កេរី​វ៉ា​ល់ បាន​និយាយថា ទីក្រុង​នេះ​បាន​ក្លាយជា​ធុង​ហ្គាស​មួយ នៅ​ពេល​លោក​ប្រកាស​ថា​អាជ្ញាធរ​នឹង​ចែក​ម៉ា​សមុខ ហើយ​អំពាវនាវ​អោយ​អ្នក​​ក្រុង​ដែល្លី​ប្រើ​វា​ដើម្បី​ទប់ទល់​នឹង​ផ្សែង​អ័ព្ទ​។​

​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​គ្រប​លើ​រដ្ឋធានី​ដែល្លី​កាលពី​ថ្ងៃ​០១​វិច្ឆិកា ជាហេតុ​នាំ​អោយ​អាជ្ញាធរ​ប្រកាស​បិទ​សាលារៀន​និង​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ខាង​សុខភាព​។ ​ការ​វាស់​កំរិត​កខ្វក់​ខ្យល់អាកាស​កាលពី​ថ្ងៃ​សុក្រ​ឃើញ​៤៨៤ នៅ​លើ​កំរិត​៥០០​។​ការ​វា​ស់​នេះ​ដើម្បី​អោយ​ដឹង​កំរិត​ធាតុ​តូច​ល្អិត PM 2.5​នៅក្នុង​ខ្យល់​។​កំរិត​PM 2.5​លើ​៤០០​ឡើង​​ត្រូវ​គេ​ចាត់ទុកថា​គ្រោះថ្នាក់​ចំពោះ​សុខភាព ជាពិសេស​បង្ក​ជម្ងឺ​ផ្លូវដង្ហើម​ដោយសារតែ​កំទេច​ធូលី PM 2.5​ចូលទៅ​ក្នុង​សួត​។​ ​ក្រុមហ៊ុន​ខ្លះ​ថែម​ទាំង​ប្រាប់​បុគ្គលិក​កុំអោយ​ប៉ះ​ខ្យល់អាកាស​កខ្វក់ ដោយ​អនុញ្ញាត​អោយ​ធ្វើការ​ចេញ​ពី​ផ្ទះ​។​

​ខ្យល់​អាកាស​នៅក្នុង​រដ្ឋធានី​ឥណ្ឌា​ឡើង​ដល់​កំរិត​អាក្រក់​នេះ​កើតឡើង​ចំ​ពេល​អធិកា​ប​តី​អាល្លឺម៉ង់​លោកស្រី អង់​ហ្គេ​ឡា មឺ​គែល បាន​មកដល់​ក្រុង​ដែល្លី សំរាប់​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​។​នៅ​ថ្ងៃ​សៅរ៍​ទី​២​វិច្ឆិកា មេដឹកនាំ​អាល្លឺម៉ង់​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួនធំ ជាមួយ​លោក​ម៉ូ​ឌី​។​ ​លោកស្រី​និង​លោក​ម៉ូ​ឌី មិន​បាន​ពាក់​ម៉ា​សមុខ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទេ នៅ​ពេល​ពួក​លោក​ត្រួតពល​នៅ​វិមាន​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​។​ក្នុងពេល​ជាមួយគ្នា អភិបាល​​ក្រុង​និង​មន្ត្រី​របស់​លោក​បាន​ចែក​ម៉ា​សមុខ ហើយ​បញ្ជា​អោយ​បិទ​សាលារៀន​ដល់​ថ្ងៃ​៥​វិច្ឆិកា​ដើម្បី​ការពារ​កូន​ក្មេង​។​ អាជ្ញាធរ​ក្រុង​ក៏​បញ្ជា​អោយ​ផ្អាក​ការងារ​សាងសង់​នៅក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​២០​លាន​នាក់​និង​បណ្តា​ទីក្រុង​ជុំវិញ​រហូតដល់​ថ្ងៃ​៥​វិច្ឆិកា​។​ ​សូមបញ្ជាក់​ថា នៅ​រៀងរាល់ឆ្នាំ កសិករ​នៅ​រដ្ឋ​ពុន​ចាប និង​ហា​យ៉ាណា ដុត​ដើម​ពោត​ងាប់​ដើម្បី​ត្រៀម​សម្រាប់​រដូវ​ដាំ​ដុះ​ថ្មី ដោយ​មិន​ស្តាប់​ការណែនាំ​របស់​រដ្ឋ​ទេ​។​

​យោង​តាម​រូបភាព​ផ្កាយរណប ការ​មាន​ឆេះ​ជិត​៣.២០០​កន្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រដ្ឋ​ហា​យ៉ាណា​និង​ពុន​ចាប ដែល​ចូលរួម​ការបំពុល​ខ្យល់អាកាស​នៅ​ក្រុង​ដែល្លី​ចំនួន​៤៤​ភាគរយ​៕

ប្រភព ៖ rasmeinews