វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លាឡើងវិញ កាត់បន្ថយផ្សែងហុយ"

  • 2019-11-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ចំណូល​ចិត្ត​ជិះ​កង់ ​គិត​គូរ​ពី​សុខភាព​ជា​ចម្បង​ និង​ស្រលាញ់​បរិស្ថានផង​នោះ​ ​បុរស​វ័យ​ជាង ៣០ មួយ​រូប​ឈ្មោះ​លោក ស្រី វាសនា បាន​សម្រេច​បង្កើត​ចេញ​ជា​យាន​ជំនិះ​ដ៏​ទំនើប​មួយ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​បូក​នឹង​កម្លាំង​ធាក់​បញ្ចូល​គ្នា​តែ​ម្ដង​ដែល​មាន​​ឈ្មោះ​ថា Grood e-Bike

កង់​អគ្គិសនី Grood /រូបថត៖ grood PP

ស្ថាបនិក​កង់​អេឡិច​ត្រូនិច ឬ​កង់​អគ្គិសនី​​ថ្មី​នេះ បាន​ផ្ដល់​សម្ភាសន៍​ដល់​ក្រុម​ការងារ Sabay អំពី​គោលបំណង​នៃ​ការ​ផលិត​ចេញ​ជា​កង់​អគ្គិសនី​​បែប​នេះ​ ដោយសារ​តែ​លោក​សង្កេត​ឃើញ​ទីក្រុង​ភ្នំពេញ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ មាន​ម៉ូតូ-ឡាន​ព្រោងព្រាត​ចរាចរណ៍​លើ​ដង​ផ្លូវ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាង​នេះ​ទៀត ​យាន​ជំនិះ​ទាំង​នោះ​ប្រើប្រាស់​ឥន្ធនៈ​ដើម្បី​ដំណើរការ ដូចនេះ​វា​បញ្ចេញ​មក​វិញ​នូវ​ផ្សែង​ទៅ​បរិយាកាស ធ្វើ​ឲ្យ​កង្វក់​ខ្យល់។ ជំនួស​វិញ​ដោយ​ការ​ជិះ​កង់ លោក​​បាន​និយាយ​ថា **"ខ្ញុំ​ចង់​ឲ្យ​ខ្យល់​ល្អ​ ​បរិយាកាស​ល្អ សំបូរ​អ្នក​ជិះ​កង់​ច្រើន​ខ្យល់​ពុល​ក៏​មាន​​តិច​ក្នុង​ក្រុង ​ហើយ​អ្នក​ជិះ healthy (សុខភាព​ល្អ) ផង។ បើ​បាន​ជិះ​កង់​មាន​ម៉ូទ័រ​អគ្គិសនី​ទៀត ​វា​មិន​សូវ​បែក​ញើស​ខ្លាំង​ដូច​កង់​ធម្មតា​ អ្នក​ក៏​អាច​ជិះ​មក​ធ្វើការ​បាន​ចឹង​ដែរ។​”**

ស្ថាបនិក​កង់​អេឡិច​ត្រូនិច ស្រី វាសនា

លោក​បន្ថែម​ទៀត​ថា ​លក្ខណៈ​ពិសេស​លើ​កង់​អគ្គិសនី Grood គឺ​ខុស​ពី​កង់ E-bike ដទៃ ពោល​គឺ ​វា​តម្រូវ​អ្នក​កាន់​ចង្កូត​ធាក់​ខ្លះ​ៗ​និង​មាន​ជំនួយ​ពី​ម៉ូទ័រ​អគ្គិសនី​នៅ​ដុំ​ខាង​ក្រោយ​ដំណាល​គ្នា ​ដោយ​ឡែក​ E-bike ផ្សេង​មាន​លក្ខណៈ​ជា Scooter ដែល​ជួយ​ដល់​បរិស្ថាន​ដូច​គ្នា​ប៉ុន្តែ​អ្នក​កាន់​ចង្កូត​អាច​ធាក់​បាន លុះ​ត្រា​តែ​អស់​ថាមពល(អស់​ភ្លើង) ។ ​វត្ថុធាតុ​ដើម​នៃកង់នេះ នាំ​ចូល​ពី​កូរ៉េ ជប៉ុន និង​ចិន​ ដោយ​រចនា​ដោយ​ផ្ដល់​ភាព​សាមញ្ញ បើ​មើល​មួយ​ភ្លែត​ដូច​កង់​ធម្មតា​អីចឹង។

កង់​ដ៏​ឆ្លាត​វៃនេះ អ្នក​អាច​ធាក់​ដល់​ល្បឿន​អតិបរមា ៣២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ LCD នៅ​ដៃ​ចង្កូត​ខាង​ឆ្វេង​(វាស់​ដឹង​ល្បឿន​ធាក់​របស់​អ្នក​) ​សាក​ពេញ​ម្ដង​​ជិះ​បាន ៤០ គីឡូម៉ែត្រ ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ចូលចិត្ត​ធាក់​ទៅ​ដំណើការ​ឆ្ងាយ​ៗ។

​សម្រាប់​តម្លៃ​វិញ​គឺ ៥៣១ ដុល្លារ អ្នក​ក៏​អាច​កម្ម៉ង់​ទិញ​បាន​ឥឡូវ​នេះ​នៅ​លើ​គេហទំព័រ GetGrood ដែល​បច្ចុប្បន្ន​ផលិត​ជា​ពិសេស​តែ ១០០ គ្រឿង​ប៉ុណ្ណោះ​មាន​ ២ ពណ៌​គឺ បៃ​តង​ចាស់​និង​ខ្មៅ។

នៅថ្ងៃអនាគត ប្រសិនបើមានការគាំទ្រច្រើន ហើយមិនចង់ទិញតម្លៃដាច់ ចង់ជិះតែមួយភ្លែតៗ ក្រុមការងារ Grood នឹងបន្ថែមជម្រើសអាចជួលបានដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទ (App) ហើយក៏អាចបង់ប្រាក់តាមរយៈ E-Bank នានាក្នុងស្រុកគិតម៉ោង ឬជាថ្ងៃជាដើម៕

សម្រាប់អ្នកដែលចង់សាកជិះកង់ GROOD អាចទៅសាកល្បងជិះបាននៅហាង Biking Cafe

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី