រឿងរ៉ាវជនជាតិជប៉ុនម្នាក់ ជួយដល់កូនខ្មែរ មកបង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ
- 2019-09-28 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវជនជាតិជប៉ុនម្នាក់ ជួយដល់កូនខ្មែរ មកបង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ
ចន្លោះមិនឃើញ
ធ្លាប់តែជាអ្នកជំនួញជួញដូរ មានលុយ មានចំណូលវាល់លានដុល្លារនៅប្រទេសជប៉ុន ក៏ប៉ុន្តែបុរសញញឹមស្រស់វ័យជាង ៣០ រូបនេះ បានមកប្រទេសកម្ពុជា មកបង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ កំពង់ស្ពឺ។
"ពីអ្នកជំនួញកាន់ប្រាក់វាល់លាន មកជាគ្រូណែនាំនៅវិទ្យាស្ថានបច្ចេកវិទ្យានៅកម្ពុជា"
លោក Takeshi Izuka ចាប់ផ្ដើមអាជីពការងារដំបូងក្នុងវិស័យជំនួញ ក្នុងក្រុមហ៊ុនធំមួយដែលផ្ដល់សេវាផ្នែកប្រឹក្សានិងយុទ្ធសាស្រ្តទីផ្សារឌីជីថល ក្នុងប្រទេសជប៉ុន។
ដល់ឆ្នាំ ១៩៩៨ លោកបានលាឈប់ពីតំណែង ហើយមកចាប់ផ្តើម Project ផ្ទាល់ខ្លួនដោយបង្កើតជាក្រុមហ៊ុនជំនាញផ្នែក Website Analytics ហៅកាត់ថា Digital Forest ។ អាជីវកម្មទើបចាប់ផ្ដើមថ្មីនេះ ទទួលបានជោគជ័យខ្លាំង រហូតក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងចំណោមអាជីវកម្មបែបនោះនៅជប៉ុន ក៏ប៉ុន្តែសម្រាប់ការប្រកួតប្រជែងលើទីផ្សារសកលនៅមិនអាចប្រជែងបាន ធ្វើឲ្យលោកសម្រេចចិត្តលក់ក្រុមហ៊ុនទៅឲ្យសម្ព័ន្ធក្រុមហ៊ុនធំមួយគឺ NTT ។
“ការសម្រេចចិត្តលក់ក្រុមហ៊ុនដែលអ្នកស្រឡាញ់ខ្លាំងឲ្យក្រុមហ៊ុនផ្សេង មិនមែនជាបទពិសោធន៍គួរឲ្យរីករាយនោះទេ” លោក Izuka សើច! ការរកស៊ីតែងតែមានការប្រកួតប្រជែង ហើយកាន់តែមានសម្ពាធខ្លាំង ពេលអ្នកទៅប្រជែងជាមួយក្រុមហ៊ុនយក្សដូចជា Google គ្រាន់តែស្ដាប់ក៏ខ្លាចដែរ។
ទោះជាយ៉ាងនេះក្ដី លោកក៏មិនចុះចាញ់ហើយមិនចូលនិវត្តន៍ដែរ។ បុរសកូនអ្នកជំនួញរូបនេះ ស្វះស្វែងរកឱកាសជាថ្មី ដោយធ្វើដំណើរទៅមើលពិភពលោកខាងក្រៅ។ "កាលមុនខ្ញុំមិនដែលគិតពីទីផ្សារអន្តរជាតិខ្លាំងទេ ដែលជាមូលហេតុធ្វើឲ្យផលិតផល Digital Forest បានដួលបន្ទាប់ពីមានសេវាកម្មចែករំលែកលើផ្នែកនោះដោយមិនគិតថ្លៃពី Google”។
ក្រោយមកលោកក៏ចាប់ផ្តើមចង់ធ្វើអ្វីប្លែកថ្មីលើវិស័យនេះ រហូតឈានដល់ធ្វើជំនួញដល់ប្រទេសចិន និងឥណ្ឌា រហូតផ្លាស់ទៅរកស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីត លើវិស័យកសិកម្ម តែមិនជោគជ័យទាំងអស់ រួចមកក៏មកបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនៅប្រទេសកម្ពុជា។
លោក Takeshi Izuka បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ក្នុងឆ្នាំ ២០១៤ ដែលមានទីតាំងនៅលើភ្នំគិរីរម្យ (បើជិះពីភ្នំពេញទៅភ្នំគិរីរម្យប្រមាណជា ៤ ម៉ោង)។ វិទ្យាស្ថាននេះមានកម្មវិធីសិក្សា និងរបៀបបង្រៀនបែបទំនើបសឹងតែដូចនៅជប៉ុនទៅហើយ ជាពិសេសគឺនិស្សិតអាចរៀនសូត្រពីអ្នកជំនាញឬវិស្វករកម្មវិធីជាជនជាតិជប៉ុនផ្ទាល់ និងជួយឲ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់ និងទទួលបានឱកាសការងារខ្ពស់លើវិស័យ IT។
“កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងរីកចម្រើនលឿនខ្លាំងលើវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី”
មនុស្សជាច្រើនបានសួរលោកថា ហេតុអ្វីបានជារើសយកកម្ពុជា? លោកបានបកស្រាយថា បើគិតលើ GDP កម្ពុជាបច្ចុប្បន្ននេះកំពុងតែកើនឡើង ខុសពីជប៉ុនដែលរីកចម្រើនខ្លាំង ជាកត្តាធ្វើឲ្យអ្នករកស៊ីល្មមៗមិនអាចមានឱកាសលូតលាស់ទេ។
សម្រាប់ប្រទេសកម្ពុជាក្នុងសតវត្សទី ២១ នេះ “កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងរីកចម្រើនលឿនខ្លាំងលើវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី”។
"រកឃើញទីតាំងដ៏ល្អមួយ អាចផ្ដល់ឱកាសឲ្យលូតលាស់បានក្នុងវិស័យបច្ចេកវិទ្យា"
ក្រោយពេលមកដល់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក Izuka ចាប់ចិត្តនឹងទឹកដីដ៏ល្អនេះ រហូតបង្កើតបានជា vKirirom Pine Resort ក្នុងឆ្នាំ ២០១១ និងឈានដល់បង្កើតវិទ្យាស្ថានបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៤។
លោកបាននិយាយថា ការបង្កើតវិទ្យាស្ថាននេះ មិនមែនជាជំនាញខ្ញុំទេ ក៏ប៉ុន្តែអំឡុងពេលស្នាក់នៅកម្ពុជា ខ្ញុំបានកត់សម្គាល់ឃើញថា វិស័យអប់រំកម្ពុជា អាចនឹងលូតលាស់ដល់ថ្នាក់កំពូលបាន។ លោកបន្ថែមថា ការស្វែងរកបុគ្គលិកជំនាញផ្នែក IT មកជួយបម្រើការក្នុងរមណីយដ្ឋានគិរីរម្យ កាលពីមុនជារឿងលំបាក លោកបានធ្វើដំណើរមកភ្នំពេញ រួចប្រកាសរើស តែអ្នកដែលមានចំណេះដឹងនិងជំនាញខ្ពស់ តាមតម្រូវការមានតិច។ តែយ៉ាងណាមិញ លោកអាចរកបាន និងបណ្ដុះបណ្ដាលបន្ថែមក្នុងរយៈពេល ៦ ខែរួចផ្ដល់ឱកាសឲ្យទៅសិក្សាបន្ថែមនៅអាមេរិច។
ក្នុងវិស័យអប់រំផ្នែក IT លោកសង្កេតឃើញថា និស្សិតខ្មែរមានចំណូលចិត្តខ្លាំង និងមានទេពកោសល្យខ្ពស់ គ្រាន់តែខ្វះអ្នកបណ្ដុះបណ្ដាលបន្ថែមប៉ុណ្ណោះ ដែលជាមូលហេតុធ្វើឲ្យលោកសម្រេចចិត្តបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនេះឡើង និងថែមទាំងផ្ដល់ជូនអាហារូបករណ៍ពេញថ្លៃថែមទៀតផង ដើម្បីជួយឲ្យនិស្សិតខ្មែរអាចប្រជែងចូលទីផ្សារ IT ពិភពលោកបាន។
លើសពីនេះទៀតស្ថាប័នដែលជួយផ្លាស់ប្ដូរសង្គមទៅជាសង្គមនុវានុវត្តន៍កម្រិតខ្ពស់ (Advanced Innovation) បានជួយឲ្យលោក Izuka បានឈ្នះពានរង្វាន់បុគ្គលដ៏សំខាន់មួយគឺ Rakuten Empowerment Award ។
ពានរង្វាន់នេះបង្កើតឡើងក្រុមហ៊ុនបច្ចេកវិទ្យា Rakuten Technology ក្នុងកម្មវិធី Rakuten Technology Conference ក្នុងទីក្រុងតូក្យូ ផ្តល់ជូនសហគ្រិនទាំងអស់ ដែលមានបែងចែកតាមផ្នែកនីមួយៗដូចជាពានរង្វាន់ Rakuten Technology & Innovation Award ជាដើម៕
ប្រភព៖ Rakuten