អនុប្រធាន Ford សុំឡានភីកអាប់ Tesla មកតេស្តផ្ទាល់ខ្លួនឯងវិញម្ដង

  • 2019-11-26 09:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ចេញ​រថយន្ត​ភីកអាប់​អគ្គិសនី Cybertruck របស់ Tesla លោក Elon Musk បាន​បង្អួត​វីដេអូ​មួយ ដែល​ជា​ការ​ប្រកួត​សមត្ថភាព​អូស​សណ្ដោង​ជា​មួយ​រថយន្ត​ភីកអាប់ F-150 របស់ Ford ដោយ​រថយន្ត​ Cybertruck អាច​យក​ឈ្នះ​បាន​ដោយ​ងាយ។

ចាប់​តាំង​ពី​វីដេអូ​បាន​បញ្ចេញ​ មាន​មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​ថា​មិន​មែន​ជា​ប្រកួត​ដោយ​ស្មើ​ភាព​នោះ​ទេ ដោយ​សារ​រថយន្ត​ Cybertruck ដែល​យក​​មក​ប្រើ​គឺ​ជា​ប្រភេទ AWD (វិល​កង់​ទាំង​បួន) ហើយ​វា​ប្រកួត​នឹង​ Ford F-150 ​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ RWD (វិល​តែ​កង់​ខាង​ក្រោយ)។

លោក​ Sunny Madra អនុ​ប្រធាន​​របស់​ Ford X បាន​ឆ្លើយ​តប​វិញ ដោយ​បាន​សុំ​រថយន្ត​ Cybertruck មួយ​គ្រឿង ដើម្បី​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​អាច​ធ្វើ​ការ​ប្រកួត​ដោយ​ដៃ​ផ្ទាល់​មួយ។ លោក Elon Musk នាយក​ប្រតិបត្តិ Tesla ក៏​បាន​ឆ្លើយ​តប​វិញ​ថា​ ៖ "អត់​មាន​ខ្លាច​ទេ។”

ប្រសិន​បើ​​មាន​ការ​ប្រកួត​គ្នា​មែន​ វា​នឹង​ក្លាយ​ជា​​រឿង​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ ដោយ​ Ford អាច​នឹង​ប្រើ​ប្រាស់​រថយន្ត​ដើរ​ដោយ​ឧស្ម័ន​ហ្គាស ឬ​រថយន្ត​​ភីកអាប់​អគ្គិសនី​​ប្រភេទ Concept ដែល​ខ្លួន​បង្ហាញ​កាល​ពី​ថ្មីៗ​នេះ​ថា​អាច​អូស​សណ្ដោង​ទម្ងន់ ៥០០ តោន​ឯណោះ។ គួរ​ដឹង​ថា​រថយន្ត Cybertruck នឹង​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​នៅ​ចុង​ឆ្នាំ ២០២១​ ខាង​មុខ៕​

ចុចអាន ៖ ចេញ​បាន ២ ថ្ងៃ​រថយន្ត​ភីកអាប់​មិន​ប្រើ​សាំង​របស់ Tesla ​នាំ​ចំណូល​ជាង ១៤ លាន​ដុល្លារ

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង