សរុប​ព្រឹត្តិការណ៍សំខាន់ៗដែល​កើត​មាន​ក្នុង​ពិភព K-Pop នៅ​ឆ្នាំ ២០១៩

  • 2019-12-25 05:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៩​ ជា​ឆ្នាំ​ដែល​អាចនិយាយ​បាន​ថា​ធ្វើ​ឲ្យ​វិស័យ​ K-Pop ឡើង​ខ្ពស់​ ខ្ពស់​កប់ពពក និង​ធ្លាក់​ចុះ​ ធ្លាក់​ស្ទើរ​ដល់​បាត។ ដោយសារ​តែមាន​រឿង​រ៉ាវ​ជា​ច្រើន​ស្មាន​មិន​ដល់​ក្នុង​រង្វង់​សិល្បៈ​ ចេញ​ពី​តារាៗ​ រហូត​បង្ក​ជា​ភាព​ភ្ញាក់​ផ្អើល​ស្ទើរ​​និយាយ​លែង​ចេញ​ពី​សំណាក់​អ្នក​គាំទ្រ។ ដូចនេះ​ទៅ​មើល​ទាំង​អស់​គ្នា​ នូវ​ព្រឹត្តិការណ៍​សំខាន់ៗ មាន​ពេល​ជោគជ័យ​ និង​ខ្មៅ​ងងឹត​ទាំងអស់គ្នា៖

១. ភាព​រីកចម្រើន​ខ្លាំង​បំផុត​សម្រាប់​ K-Pop

និយាយ​ដល់​ចំណុច​ដំបូង​នេះ​ ច្បាស់​ណាស់​ភាគ​ច្រើន​នៃ​អ្នក​គាំទ្រ​ នឹង​នឹក​ដល់​ BTS មុន​គេ។ ជាការពិត​ គ្មាន​អ្វី​អាច​លាក់​បាំង​បាន​ទេ ដែល​ថាក្រុម​ចម្រៀង​បុរស​មួយ​នេះ​សម្រេច​ជោគជ័យ​ធំៗផ្ទួនៗច្រើន​ឆ្នាំ​ជាប់​គ្នា ពិសេស​នៅ​ឆ្នាំ ២០១៩​នេះ BTS កាន់​តែងើប​មុខ​បាន​យ៉ាង​អង់អាច​លើឆាក​សាកល ដោយ​សារ​សមិទ្ធផល​ ដែលពួកគេខិតខំ​កន្លងមក។ ជាក់​ស្ដែង​ ពេល​ពួកគេ​ចេញ​អាល់ប៊ុម​ "Map Of The Soul: Persona”​ BTS ក៏​ស្រាប់​តែ​មាន​មុខ​ភ្លាម​ក្នុង​កម្មវិធី​ដ៏ល្បី​ប្រចាំអាមេរិក គឺ Saturday Night Live។ វីដេអូ​បទ​ "Boy With Luv” ក៏អាច​បំបែក​កំណត់ត្រា​លើ​ YouTube ប្រចាំ​ពិភពលោក ដោយ​មាន​អ្នក​ចូល​មើល​ដល់​ទៅ ៧៨លានដង រយៈពេល​ត្រឹម​ ២៤​ម៉ោង​ប៉ុណ្ណោះ។​ ក្រៅពី​នេះ​ក៏​នៅ​មាន​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ធំៗ​ជា​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក​ ជា​ហេតុ​ធ្វើឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ស្គាល់​ពី​ឥទ្ធិពល​ BTS កាន់​តែ​ច្រើន។

ចំណែក​ BLACKPINK ឯណេះ​វិញ​ក៏​មិនអន់​ ព្រោះ​ថា​ពួកគេ​បាន​ក្លាយ​ជា​ក្រុម K-Pop ដំបូង​ដែល​មាន​មុខ​សម្ដែង​លើឆាក​ប្រគំតន្ត្រី​ Coachella ក៏ដូចជា​បំបែក​កំណត់ត្រា​ថ្មី​ផ្សេងៗ​ ក្រោយ​ចេញ​បទ​ "Kill This Love” ទៀតផង។

ចូល​ដល់​ក្រុម TWICE វិញ​ បាន​ក្លាយ​ជា​ក្រុម​នារី​ K-Pop ទី១ដែល​មាន​ឱកាស​បាន​សម្ដែង​ក្នុង​ពហុកីឡាដ្ឋាន​ដ៏​ធំ​ប្រចាំ​ប្រទេស​ជប៉ុន ដែល​ពីមុន​មក​មិន​ដែល​មាន​ក្រុម​នារី​ណា​អាច​ធ្វើ​បាន​ឡើយ។

ដោយឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ Super M ក្រុម​ដែល​មាន​សមាជិក​មក​ពី​ក្រុម​ផ្សេងៗគ្នា ក៏​ប្រែ​មុខ​មាត់​អស្ចារ្យ​ មាន​សមត្ថភាព​ខ្ពស់​ឈ្នះ​តំណែង អាល់ប៊ុម​ជាប់​លេខ១ នៅអាមេរិក​ តាមរយៈ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ "Jopping” ក្រោយ​បង្ហាញ​មុខ​ភ្លាម។

២. រឿង​អាស្រូវ​ដ៏​ខ្មៅងងឹត

ទោះ​បី​ជា​មាន​រឿង​ល្អ​ ប៉ុន្តែ​ K-Pop ក៏​ត្រូវ​បាត់​ហ្វេន​ច្រើន​ដែរ ដោយសារ​រឿង​រ៉ាវ​ល្អក់កករ កើត​ចេញ​ពីទង្វើ​របស់​តារា ពិសេស​ទាក់ទង​នឹង​រឿង​អាស្រូវ​ផ្លូវភេទ ឬគ្រឿងញៀនជា​ដើម។ ជាក់ស្ដែង​ដូច​ក្លឹប​កម្សាន្ត​ដែល​មានឈ្មោះ​ថា​ Burning Sun បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​គគុក​ពេញ​ពិភព K-Pop ក៏ដូចជាសង្គម​កូរ៉េទាំងមូល។ ទាក់ទង​នឹង​រឿង​រ៉ាវ​ផ្លូវភេទ អំពើពេស្យាចារ ការលួចបង្កប់កាមេរ៉ាខុសច្បាប់ ការប្រើប្រាស់​គ្រឿងញៀន ករណីគេចពន្ធជាដើម ពិត​ជា​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅឈឺក្បាល​ខ្លាំង​បំផុត​ ម្យ៉ាង​រឿង​នេះ​ក៏​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​តារា​ចម្រៀងSeungri រហូត​ធ្វើ​ឲ្យលោក​បង្ខំចិត្ត​លាឈប់​ពី​សិល្បៈ, Jung Joon Young ត្រូវតុលាការកាត់ទោសឲ្យជាប់​ពន្ធនាគារ ៦ឆ្នាំ និង Choi Jong Hoon ជាប់​ទោស ៥ឆ្នាំ។ មួយ​វិញ​ទៀត​ ងាក​មក​ស្ថាបនិក​ផលិតកម្ម YG លោក​ Yang Hyun Suk វិញ​ត្រូវ​លាលែង​ពីតំណែង​ក្នុង​នាម​ជា CEO ព្រោះ​តែ​មាន​រឿង​អាស្រូវ​ជុំវិញ​ខ្លួន។

មិន​យូរ​ប៉ុន្មាន​ B.I (អតីតសមាជិក​ក្រុម iKON)​ ក៏ត្រូវគេ​ចោទប្រកាន់​ថា​ប៉ុនប៉ងជួញដូរគ្រឿងញៀនទៀត។ រីឯ​សមាជិក​យិនស៊ិន​របស់ Super Junior គឺ KangIn ក៏​បាន​ប្រកាស​ដែរថា​ ខ្លួន​នឹង​លាចេញ​ពីក្រុម​ ដោយសារ​តែ​មាន​បញ្ហាច្រើន​ករណីងាស្រូវ​ផ្លូវភេទ និង​ស្រវឹង​បើកបរគ្មាន​ទំនួលខុសត្រូវ។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​តារា​ជា​ច្រើន​ទៀត​ សម្រេច​បញ្ចប់​វាសនា​ក្នុង​ក្រុម​ដូចជា Hwall ចេញ​ពីក្រុម Boyz, Woojin ចេញពីក្រុម Stray Kids, Wonho ចេញពីក្រុម Monsta X យោងតាម​ហេតុផលរៀងខ្លួន។

៣. ការ​បាត់បង់​ដ៏ធំ​របស់​ K-Pop

ហេតុការណ៍​ ២​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ K-Pop តក់ស្លុត​ និង​រំជួល​ចិត្ត​ខ្លាំង​ជាងគេ គឺ​មរណភាព​របស់ Sulli និង​ Goo Hara។ ការ​បាត់​បង់​អ្នកទាំង​ ២​បាន ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ដាយ​រក​ពាក្យ​និយាយ​លែង​ចេញ​ ព្រោះ​ថា​ការ​ចាក​ចេញ​នេះ​គ្មាន​ថ្ងៃ​ត្រឡប់​ឡើយ។ តាម​មតិ​ភាគ​ច្រើន​បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​គិត​ខ្លី​របស់​ Sulli និង​ Hara ក៏ដោយសារ​តែពួកគេ​រង​នូវ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ពិសេស​រងនូវ​ការ​វាយ​ប្រហារ​ចេញពីខមមិន​មិន​ល្អ​បែបរិះគន់​របស់​អ្នក​ដែល​មិន​ចូលចិត្តពួកគេកន្លងមក។

ដោយសារ​តែ​ហេតុការណ៍​ទាំង​នេះ​ហើយ​ ទើប​បណ្ដាល​ឲ្យ​មាន​ការ​លើក​ឡើង​ច្រើន​ពី​ជំងឹបាក់ទឹកចិត្ត​ជុំវិញ​ពិភពលោក។ វាមិន​មែន​ជា​ជំងឺធម្មតា ហើយ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​កម្លាំង​ចិត្ត​ ប្រើពាក្យ​ល្អ និង​គោរព​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បានច្រើន៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម