នេះហើយ! ម្ចាស់ភោជនីយដ្ឋាន គំរូដំបូងគេដែលស្ម័គ្រចិត្តរុះរើសំណង់ នៅមុខប្រាសាទអង្គរវត្ត
- 2020-01-03 04:12:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ! ម្ចាស់ភោជនីយដ្ឋាន គំរូដំបូងគេដែលស្ម័គ្រចិត្តរុះរើសំណង់ នៅមុខប្រាសាទអង្គរវត្ត
ចន្លោះមិនឃើញ
ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន ៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងពីឆ្នាំ ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់មុខប្រាសាទអង្គរវត្ត។ ដំណើរការរុះរើនេះ ចាប់ផ្ដើមកាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដោយមានការស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មពីម្ចាស់ភោជនីយដ្ឋាន។
លោក ស្រី អៀវ សុភ័ក្រកញ្ញា បានលើកឡើងថា «អង្គរប្រៀបដូចជាផ្ទះខ្ញុំ អង្គរបានជួយខ្ញុំច្រើន ហើយក៏ដល់ពេលដែលខ្ញុំត្រូវជួយអង្គរវិញដែរ។ ខ្ញុំស្ម័គ្រចិត្តដោយរីករាយ នឹងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដោយមិនមានភាពថ្នាំងថ្នាក់ឬការបង្ខិតបង្ខំ និងការស៊ូកប៉ាន់ណាមួយឡើយក្នុងការរើសំណង់នេះ។ ខ្ញុំដឹងថា អាជ្ញាធរជាតិអប្សរា នឹងកែលម្អទីនេះឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានស្អាត មានអនាម័យល្អ ឱ្យមានកន្លែងលក់ដូរស្តង់ដារតែមួយ ដើម្បីលើកមុខមាត់អង្គរ និងប្រទេសជាតិព្រមទាំងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង»។
ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានជួយសម្រួលដល់ការរុះរើនេះប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី ក៏សង្ឃឹមថា អាជីវករទាំងអស់នឹងស្ម័គ្រចិត្តចូលរួមកែលម្អសោភ័ណភាពនិងសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាងាយស្រួលអនុវត្តការងារបានទាន់ពេលវេលា ដើម្បីជាប្រយោជន៍រួមទាំងពេលបច្ចុប្បន្ន និងទៅអនាគតឱ្យកាន់តែល្អប្រសើរឡើង។
តាំងនាមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ សូមកោតសរសើរដ៏ស្មោះដល់លោកស្រី សុភ័ក្រកញ្ញា ដែលព្រមសហការជាមួយក្រុមការងារដោយសុឆន្ទៈ និងជាគំរូដ៏ល្អគួរឱ្យគោរពចំពោះសណ្តានចិត្ត ក្នុងការប្រគល់ទីតាំងឱ្យអាជ្ញាធរជាតិអប្សរារៀបចំទីតាំងនេះឱ្យក្លាយជាទីលានបដិសណ្ឋារកិច្ចទេសចរណ៍កម្រិតអន្តរជាតិមួយ ដើម្បីសេចក្តីថ្នូរនិងភាពថ្កុំថ្កើងក្នុងរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរា នឹងអនុវត្តការដោះស្រាយបញ្ហាប្រឈមនិងការរុះរើសំណង់ជាបណ្តើរៗទៅតាមដំណាក់កាល ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចត្រឹមត្រូវ និងទេសភាពបរិស្ថានល្អ ដើម្បីលើកមុខមាត់ប្រទេសជាតិ និងរមណីយដ្ឋានអង្គរឱ្យស័ក្តិសមជាបេតិកភណ្ឌពិភពលោក និងដួងព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។
លោកបន្តថា នៅចុងឆ្នាំ២០២០ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍នឹងសាងសង់រួចរាល់ ដោយរួមមានទាំងសាលពិព័រណ៌ មណ្ឌលបម្រើសេវាកម្មលំដាប់អន្តរជាតិ កន្លែងលក់ដូរក្នុងស្រុកដែលមានស្តង់ដាររួម និងចំណតយានយន្តល្អស្អាត។ រីឯនៅមុខអង្គរវត្តនឹងរៀបចំឱ្យមានភាពបៃតងដោយការដាំស្មៅនិងកូនឈើដើម្បីឱ្យបរិស្ថានស្អាត និងមានសារមន្ទីរលម្ហមួយដែលតាំងដោយរូបចម្លាក់ផ្សេងៗ ដើម្បីឱ្យភ្ញៀវអាចដើរទស្សនាបានទាំងក្នុងនិងក្រៅប្រាសាទ ជំនួសដោយភាពកខ្វក់ និងភាពអនាធិបតេយ្យដែលមាននាពេលបច្ចុប្បន្ន៕
រូបភាព៖ អាជ្ញាធរជាតិអប្សរា