ជីវិត​កក់ក្ដៅ​បែប​នេះ អ្នក​ណា​មិន​ចង់​បាន! វិថី​ជីវិត ឱក សុគន្ធ​កញ្ញា មក​ដល់​ពេល​នេះ អ្វី​ក៏​មាន​មិន​ខ្វះ​ដែរ!

  • 2020-01-15 03:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱក សុគន្ធ​កញ្ញា បាន​លា​ជីវិត​ខ្លួន​មួយ ក្រោយ​បាន​រៀបការ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស​កាល​ពី​ខែ​ឧសភា ២០១៩ ហើយ​ក្រោយ​មក​នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ឹង បញ្ញា​បុត្រ ហៅ "ឆលី" ជា​ចំណងដៃ​អាពាហ៍ពិពាហ៍។ មក​ដល់​ពេល​នេះ ពួក​គេ​បាន​ពូន​ផ្ដុំ​គ្នា​ជា​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ នៅ​លើ​វិថី​ជីវិត​ដ៏​ត្រចះត្រចង់​ដែល​អាច​និយាយ​បាន​ថា អ្វី​ក៏​មិន​ខ្វះ​ដែរ។

ដើរ​មក​ដល់​ពេល​នេះ គេ​មើល​ឃើញ​ថា កញ្ញា មាន​សព្វ​អ្វី​ៗ ពោល​គឺ ទាំង​ការងារ មុខ​របរ​អាជីវកម្ម ស្វាមី ទាំង​កូន និង​ទ្រព្យ​សម្បត្តិ អាច​និយាយ​បាន​ថា នាង​មាន​សម្បូរ​សប្បាយ​ឥត​ខ្វះ​ហើយ ខណៈ​អ្នក​ផ្សេង​ទៀត​ច្រើន​អនេក​នៅ​លើ​លោក​ដ៏​ធំ​ធេង​នេះ នៅ​ខ្វះ​ភ័ព្វ​វាសនា​នៅ​ឡើយ។ ក្រៅ​ពី​ការងារ​សិល្បៈ តាម​សាមី​ខ្លួន​ប្រាប់ នាង​មាន​អាជីវកម្ម​លក់ និង​ចែក​ផលិតផល​ថែ​រក្សា​សម្រស់​ម៉ាក "ASK" ដែល​ជា​ឈ្មោះ​របស់​នាង​តែ​ម្ដង។

ក្រៅ​ពី​ការ​បង្ហើប​ខាង​លើ សុគន្ធ​កញ្ញា ត្រូវ​បាន​គេ​ដឹង​ថា នាង​មាន​នាំ​ចូល​ផលិតផល​កាបូប កំប៉ុង​ទឹក​ក្ដៅ​ដែល​ប្រើ​ឈ្មោះ​របស់​នាង​ជា Brand ថែម​ទៀត ដែល​ទាំង​នេះ កាន់​តែ​ធានា​ភាព​រឹង​មាំ​នៃ​ជីវភាព​របស់​នាង ស្រប​ពេល​ដែល​គេ​ដឹង​ថា ចំណូល​ពី​សិល្បៈ​របស់​នាង ក៏​ក្រាស់​ក្រែល​រួច​ទៅ​ហើយ។ តាម​ព័ត៌មាន​ស្ដី​ពី​ការ​ប៉ាន់​ស្មាន​ចំណូល​ប្រចាំ​ឆ្នាំ​របស់ សុគន្ធ​កញ្ញា គឺ​នាង​អាច​រក​ចំណូល​ពី​ការងារ​សិល្បៈ​មិន​តិច​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ក្នុង​១​ឆ្នាំ​ៗ។

ការ​ប៉ាន់​ប្រមាណ​នេះ ដោយ​ផ្អែក​លើ​ការងារ​ធំ​របស់​នាង ដូច​ជា​ការងារ​ជា​អ្នក​តំណាង​ផលិតផល​មួយ​ចំនួន ដូច​ជា​ផលិតផល​ទូរស័ព្ទ Hauwei, នូទ្រីលៀត និង​ផលិត ក៏​ដូច​ជា​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដែល​ការងារ​នេះ តាម​ព័ត៌មាន​ នាង​ស៊ី​ថ្លៃ​កុងត្រា ខ្ទង់​ពី ៦-៨ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​កិច្ច​សន្យា​ការងារ​១​ឆ្នាំ។ នេះ​មិន​ទាន់​គិត​ការងារ​សិល្បៈ​រាំ​ច្រៀង​របស់​នាង និង​ការងារ​ចូល​រួម​ជា​កិត្តិយស​សម្ពោធ​ផលិតផល ឬ​ក្រុមហ៊ុន​នានា​ផង។

ការងារ​ទាំង​នោះ កញ្ញា ត្រូវ​បាន​គេ​ដឹង​ថា​មាន​ថ្លៃ​ពលកម្ម​ខ្ទង់​ជាង ៣០០០​ដុល្លារ​អាមេរិក ហើយ​១​ខែ​ៗ នាង​មាន​មុខ​លើ​ខុនសឺត និង​កម្មវិធី​ក្រុមហ៊ុន​នានា​មិន​ដាច់។ ដូច្នេះ​ហើយ តួលេខ​ប៉ាន់​ប្រមាណ​ពី​ចំណូល​ប្រចាំ​ឆ្នាំ​របស់​តារា​ស្រី គឺ​អាច​ថា​មិន​ខុស​ឡើយ។ សំខាន់​ជាង​នេះ ការ​ចាប់​ផ្ដើម​ជីវិត​គូ​ជាមួយ​លោក អ៊ឹង សុខលី ប្អូន​ប្រុស​ថៅកែ​ហង្សមាស​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ រឹត​តែ​ធ្វើ​ឲ្យ​នាង​សម្បូរ​សប្បាយ​លើស​ដើម។

ប៉ុន្តែ​មិន​ទាន់​អស់​នៅ​ឡើយ គឺ​នៅ​មាន​របស់​ដ៏​សំខាន់​បំផុត​មួយ​ទៀត​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​គ្រួសារ​ ដែល​ពេល​នេះ ក៏ កញ្ញា បាន និង​កំពុង​មាន​វា​ដែរ​នោះ គឺ "ក្ដី​ស្រឡាញ់"។ ចំណុច​នេះ កញ្ញា ត្រូវ​បាន​​គេ​មើល​ឃើញ​ថា នាង​នៅ​តែ​មាន​សំណាង​លើស​គេ ព្រោះ​បាន​លោក អ៊ឹង សុខលី ដែល​ល្បី​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ស្រី​ៗ​ជា​ច្រើន​នោះ មក​ធ្វើ​ជា​ស្វាមី​ពេញ​ច្បាប់ រៀបការ​យ៉ាង​អធិកអធម​ក្នុង​ប្រវត្តិសាស្ត្រ​ថ្ងៃ​មង្គល​របស់​សិល្បករ។

សំខាន់​បំផុត តាម​ព័ត៌មាន គឺ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស​រូប​នេះ ស្រឡាញ់ យក​ចិត្ត​ទុកដាក់ និង​ថ្នាក់​ថ្នម​នាង​ខ្លាំង​ថែម​ទៀត។ ចំណុច​ផ្សេង​ទៀត ដែល​កត់​សម្គាល់​បាន គឺ​ជា​រឿយ កញ្ញា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជីវិត​កក់​ក្ដៅ​បាន និង​កំពុង​មាន​នៅ​ក្នុង​គ្រួសារ​ថ្មី​ថ្មោង​របស់​នាង តាម​រយៈ​រូបថត​អនុស្សាវរីយ​ផ្អែម​ល្ហែម​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក។ ពិសេស គឺ​ប្រសូត​បាន​បុត្រ​ដ៏​គួរ​ស្រឡាញ់​ម្នាក់​ដែល​ពេល​នេះ​ទើប​មាន​វ័យ​ជាង ២ខែ ឈ្មោះ​ហៅ​ក្រៅ​ថា "ឆលី" នោះ រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​លង់​ក្នុង​ក្ដី​ស្រឡាញ់​ក្នុង​សង្គម​គ្រួសារ​របស់​ពួក​គេ។

ចំណុច​នេះ កញ្ញា បាន​បង្ហើប​ដែរ​ថា នៅ​ពេល​មាន​កូន អ្វី​ៗ​ទាំង​អស់​គឺ​ដើម្បី​កូន ពោល​គឺ​នាង និង​ស្វាមី អាច​កាត់​ពេល​ធ្វើ​កិច្ចការ​នានា ពេល​ផ្ទាល់​ខ្លួន​ទាំង​អស់ យក​ពេល​មើល​ថែ​កូន​ជាមួយ​គ្នា។ "យើង​ទាំង​ពីរ​នាក់ មើល​កូន​តែ​ពីរ​នាក់​ដោយ​ខ្លួន​ឯង ព្រោះ​ពួក​យើង​ចង់​សាក​ល្បង​ជីវិត​ជា​ឪពុក​ជា​ម្ដាយ​គេ​ដោយ​ផ្ទាល់...អីចឹង​ហើយ​អ្វី​ក៏​អាច​លះបង់​ដែរ សូម្បី​តែ​ការងារ​ក៏​ដោយ...ខ្ញុំ​ចង់​និយាយ​ថា ការងារ​សុំ​ច្បាប់​គេ​ឈប់​បាន ប៉ុន្តែ​រឿង​កូន មិន​អាច​សុំ​ច្បាប់​នោះ​ទេ"។ កញ្ញា ថ្លែង។

រឿង​ដ៏​មង្គល​មួយ​របស់​គ្រួសារ​ត្រកូល "អ៊ឹង" សម្រាប់​ដើម​ឆ្នាំ ២០២០ នេះ គឺ​ពួក​គេ​ទើប​នឹង​បាន​សម្រេច​សមិទ្ធផល​ធំ​ធេង​រួម​គ្នា​ថែម​ទៀត ដោយ​កញ្ញា និង​កូន ត្រូវ​បាន​ជ្រើស​ជា​អ្នក​តំណាង​ផលិតផល នូទ្រីលេត ដែល​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ ពួក​គេ​ទទួល​ថ្លៃ​ពលកម្ម​ដល់​ទៅ​ប្រមាណ ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ សម្រាប់​កិច្ច​សន្យា​ការងារ​រយៈ​ពេល ៣​ឆ្នាំ។ វេលា​នោះ គេ​ឃើញ​លោក អ៊ឹង សុខលី បី​ឱប​កូន​ប្រុស​ចូល​មក ពេញ​ដោយ​ស្នាម​ញញឹម និង​ភាព​កក់​ក្ដៅ៕

អត្ថបទ៖ ទារិកា