លី​តឺហួរ និង​​អាម៉ាប់​​ចាប់​ដៃ​គ្នា​សម្ដែង​រឿង​ថ្មី "The Bodyguard”

  • 2014-09-25 16:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ល្បី​ឈ្មោះ​របស់​ហុងកុង Andy Lau (លីតឺហួរ) និង​តារា​ក្បាច់​គុន​ជើង​ចាស់​ Sammo Hung (អាម៉ាប់) បាន​សម្ដែង​ រួម​គ្នា​ក្នុង​ភាពយន្ត​ថ្មី​មួយ​​មាន​ចំណង​ជើង​ថា "The Bodyguard” ដែល​​ក្នុង​នោះ Sammo Hung សម្ដែង​ជា​តួ​ឯក និង​ជា​អ្នក​ដឹកនាំ​រឿង​ផ្ទាល់។

 

(ពី​ឆ្វេង) អាម៉ាប់, តារា​​ភាពយន្ត​​អាមេរិកាំង​​​ Maggie Q, និង លីតឺហួរ

 

តារា​សម្ដែង និង​អ្នក​ដឹកនាំ​រឿង​វ័យ ៦២​ឆ្នាំ​លោក Sammo ទើប​តែ​បង្ហើប​ប្រាប់​សារព័ត៌មាន​ នៅ​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​រឿង​ថ្មី "The Bodyguard” នេះ Andy នឹង​ចូល​រួម​សម្ដែង​ជា​តួ​​សំខាន់​ម្នាក់ ​ជា​មនុស្ស​ញៀន​ល្បែង និង​បាន​លួច​គ្រាប់​ពេជ្រ​មួយ រួច​ហើយ​ក៏​បោះបង់​គ្រួសារ​របស់​ខ្លួន​ចោល។ ដោយ​ឡែក​លោក​ផ្ទាល់​ នឹង​សម្ដែង​ជា​តួ អង្គរក្ស​ចូលនិវត្តន៍​ម្នាក់ ដែល​ត្រូវ​បង្ខំ​ចិត្ត​​ចូល​ប្រឡូក​ក្នុង​ពិភព​នៃ​ឧក្រិដ្ឋកម្ម​សារ​ជា​ថ្មី ដោយ​សារ​កូន​ស្រី​របស់ Andy។

នៅ​ពេល​សួរ​ថា តើ​ Andy Lau ដែល​មាន​វ័យ ៥២​ឆ្នាំ​ហើយ​នោះ អាច​សម្ដែង​បាន​គ្រប់​ឈុត​ឆាក​វាយ​ប្រហារ​ក្នុង​ភាពយន្ត​នេះ​ដែរ​ឬ​ទេ អ្នក​ដឹកនាំ​រូប​នេះ​បាន​និយាយ​ថា "គាត់​គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ ម្យ៉ាង​តួ​ជំនួស (stunts) ឥលូវ​ក៏​កាន់​តែ​មាន​ជំនាញ​ជាង​មុន​ដែរ"។ ​

បច្ចុប្បន្ន​ភាពយន្ត "The Bodyguard” កំពុង​ដំណើរ​ការ​ថត​ នៅ​ភាគ​ខាង​ជើង​នៅ​ប្រទេស​ចិន។ ភាពយន្ត​នេះ នឹង​អាច​​ចាក់​បញ្ចាំង​នៅ​អំឡុង​រដូវ​ក្ដៅ (ប្រហែល​ខែ​មិថុនាំ) ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

 

នេះ​គឺ​ជា​ការ​សហការ​គ្នា​ជា​ថ្មី​រវាង​ Andy Lau និង Sammo Hung បន្ទាប់​ពី​តារា​ទាំង​ពីរ​ដួង​បាន​សម្ដែង​រួម​គ្នា​ក្នុង​រឿងសាម​កុក​  "Three Kingdoms: Resurrection of the Dragon" តាំង​ពី​៦​ឆ្នាំ​មុន ៕

 

អាន៖ តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន នរណា​ជា​តារា​កំពូល​ក្បាច់​គុន?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo ,variety