ដល់ថ្ងៃមង្គលការ តើ វ៉ន វីវ៉ា មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ?

  • 2014-11-20 17:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាក់​គីឡូ​ធ្ងន់​ ក្នុង​ពិភព​ក្បាច់​គុន​ខ្មែរ​ វ៉ន វីវ៉ា បាន​ចូល​រោង​ការ​កាល​ពី​ម្សិលមិញ ជាមួយ​កីឡា​ការិនី​តេក្វាន់ដូ ស៊ន ដាវីន នៅ​គេហដ្ឋាន​ខាង​ស្រី ក្នុង​ខណ្ឌ​ឫស្សីកែវ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី ២០ វិច្ឆិកា ​នេះ​នឹង​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន​តុ ពិសា​ភោជនីយាហារ​រួម​គ្នា នៅ​មជ្ឈមណ្ឌល​ម៉ូដែន ៥ អាគារ C។

 

វ៉ន វីវ៉ា និង ស៊ន ដាវីន ក្នុង​រៀបការ

មុន​​ចូល​រោងការ​ តើ វ៉ន វីវ៉ា មាន​ប្រវត្តិ​បែប​ណា?

 

ប្រវត្តិ​រូប​សង្ខេប

ឈ្មោះ​ពិត : ឈួន សុខឡេង

ឈ្មោះ​ក្រៅ : វ៉ន វីវ៉ា ឈ្មោះ​អង់គ្លេស Vorn Viva

ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក : ISKA

កម្ពស់ : ១,៨៣ ​ម៉ែត្រ

ថ្ងៃ​ខែ​ឆ្នាំ​កំណើត : ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ១៩៨៤

ទី​កន្លែង​កំណើត : ភូមិ ​ឃ្លោយទី៣ ឃុំ​ មាន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម

សញ្ជាតិ : ខ្មែរ

ជនជាតិ : ខ្មែរ

ការ​ប្រកួត​សរុប : ៤៤ដង ឈ្នះ : ៣៩ដង ចាញ់ : ៥ដង និង​ឈ្នះ​សន្លប់ : ២០ដង

 

កីឡាករ វ៉ន វីវ៉ា ក្នុ​ង​ប្រកួត​នាពេល​កន្លង​ទៅ

 

ជីវិត​ផ្ទាល់​ខ្លួន

 វ៉ន វីវ៉ា ជា​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​ដ៏​ល្បី​នា​ពេល​បច្ចុប្បន្ន​ដែល​ស្ទើរ​តែ​រក​ដៃ​គូ​ប្រកួត​គ្មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​លោក​កំពុង​តែ​គ្រប់គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​ISKA និង​​ជាប់​កុង​ត្រា​ជា​មួយ​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​កម្ពុជា​ ស៊ីធីអិន។

 

លោក​វ៉ន វីវ៉ា កើត​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ ១៩៨៤ នៅ​ក្នុង​ភូមិ ឃ្លោយទី៣ ឃុំ មាន ស្រុក ព្រៃ​ឈរ ខេត្ត កំពង់ចាម។ លោក​ឪពុក​ឈ្មោះ ឈួន ឡេង និង​ម្តាយ​ឈ្មោះ សេង ឆុន។ លោក​មាន​បង​ប្អូន​ចំនួន​៤នាក់ ប្រុស​ទាំង​អស់ ហើយ​លោក​ជា​កូន​ច្បង។ ប្អូន​ប្រុស​ទី​១ ឈ្មោះ ឈួន សុខស៊ីម ប្អូន​ប្រុស​ទី២​ឈ្មោះ ឈួន គន្ធា និង​ប្អូន​ពៅ​ឈ្មោះ ឈួន សុខអូន។

 

កាល​ពី​កុមារ​ភាព​ វីវ៉ា​បាន​ចូល​រៀន​សាលា​បឋម​សិក្សា​ឃ្លោយទី៣ ស្ថិត​នៅ​ក្នុង​ឃុំ​មាន ស្រុក​ព្រៃ​ឈរ ខេត្ត កំពង់​ចាម។ ខណៈ​ពេល​ដែល​កុមារា វីវ៉ា​ កំពុង​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​នា​កម្រិត​បឋម​សិក្សា លោក​កម្រ​មាន​​ភាព​សប្បាយ​រីក​រាយ​ ឫ​ក៏​មាន​សម្ភារៈ​ប្រើ​ប្រាស់​ លុយ​កាក់​ចាយ​គ្រប់​គ្រាន់​ដូច​កូន​គេ​ដ​ទៃ​ឡើយ។ សូម្បី​តែ​កង់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ក៏​វីវ៉ា​ពុំ​មាន​ដែរ។

 

ស្ថិត​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ជីវភាព​ខ្វះ​ខាត់ និង​ជា​កូន​ច្បង​ដែល​ត្រូវ​រ៉ាប់​រង​ជួយ​មើល​បី​បាច់​ថែរក្សា​ប្អូនៗ និង​ត្រូវ​រក​លុយ​កាក់​ដើម្បី​ជួយ​សម្រាល​បន្ទុក​លោក​ឪពុក​អ្នក​ម្ដាយ​ផង​នោះ តម្រូវ​ឲ្យ​លោក​ឆ្លៀត​ពេល​ពី​ការ​សិក្សា​ដើម្បី​រក​លុយ។ ពេល​ខ្លះ​លោក​មិន​បាន​ទៅ​សាលា​រៀន​ពីរ​ទៅ​បី​ថ្ងៃ​ ឬ​មួយ​អាទិត្យ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​សិក្សា​របស់​លោក​កាន់​តែ​ចុះ​ខ្សាយ ហើយ​អារម្មណ៍​ក៏​កាន់​មាន​សេចក្ដី​អៀន​ខ្មាស​ចំពោះ​មិត្ត​រួម​ថ្នាក់​និង​លោក​គ្រូ​អ្នក​គ្រូ។ ​

ទោះ​បី​ជា​កុមារា​រៀម​ច្បង​មាន​ការ​ខ្វល់​ខ្វាយ​និង​យក​ចិត្ត​ទុក​ចំពោះ​ជីវភាព​គ្រួសារ​យ៉ាង​ណា​ក៏​ដោយ ក៏​យុវជន វីវ៉ា​មិន​បាន​បោះ​បង់​សាលា​រៀន​ឡើយ។ យុវជន​កម្សត់​នៅ​តែ​តស៊ូ​សិក្សា​រហូត​ដល់​បញ្ចប់​បឋម​សិក្សា។ បន្ទាប់​ពី​បញ្ចប់​បឋម​សិក្សា​ក្នុង​ឆ្នាំ​១៩៩០ កុមារា ​វីវ៉ា​ មិន​បាន​បន្ត​ការ​សិក្សា​​នៅ​អនុវិទ្យាល័យ​ឡើយ។

 

បច្ចុប្បន្ន​គ្រួសារ​របស់​លោក​វ៉ន វីវ៉ា មាន​ជីវភាព​ធូរធារ​សមរម្យ​នៅ​ក្នុង​សង្គម​ បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​កីឡាករ​ល្បី​ល្បាញ។ ជា​រឿយៗ​លោក​បាន​ទៅ​លេង​ស្រុក​កំណើត​ដោយ​នាំ​យក​ថវិកា​ទៅ​ជួយ​សម្រាល​ជីវភាព​គ្រួសារ។ ជា​ពិសេស​ពេល​ឡើង​ប្រកួត​ម្ដងៗ​លោក​តែង​តែ​ទៅ​ជួប​ជា​​មួយ​អ្នក​មាន​គុណ​ជា​និច្ច។ នៅ​ពេល​នេះ​កីឡាករ​វ៉ន វីវ៉ា ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​គំរូ​សម្រាប់​ប្អូនៗ​ជំនាន់​ក្រោយ និង​ធ្វើ​ខ្លួន​ឲ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម ហើយ​បាន​ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរ​ធារ ​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​ប្រដាល់​ខ្មែរ និង​នាំ​កិត្តិយស​ជូន​ជាតិ​មាតុ​ភូមិ។

 

វ៉ន វីវ៉ា ប្រកួត​ជាមួយ​កីឡាករ ថៃ នៅ​ប៉ុស្ដិ៍ SEA TV កន្លង​មក

 

មាគ៌ា​ឆ្ពោះ​ទៅ​កាន់​សង្វៀន​ប្រដាល់

កាល​ពី​កុមារា​ភាព ​វ៉ន វីវ៉ា មិន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​នោះ​ទេ សូម្បី​តែ​ទស្សនា​​ការ​ប្រដាល់​តាម​កញ្ចក់​ទូរទស្សន៍​ក៏​លោក​មិន​ចូល​ចិត្ត​ផង។ ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ខ្វះ​ខាត​ បណ្ដាល​ឲ្យ​លោក​ត្រូវ​ដើរ​រក​ការងារ​ធ្វើ​ដើម្បី​គ្រាន់​បាន​កម្រៃ​ជួយ​សម្រាល​ដល់​អ្នក​មាន​គុណ​ ដូច្នេះ​ហើយ​លោក​ត្រូវ​ដើរ​ស៊ី​ឈ្នួល​គេ​ទៅ​តាម​ទី​ជិត​ឆ្ងាយ។ ជា​រឿយៗ​លោក​វ៉ន វីវ៉ា​តែង​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ដើម្បី​ស្វែង​ការងារ​ធ្វើ។

 

អំឡុង​ឆ្នាំ​២០០៣ លោក​បាន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​មាន​គុណ​និង​ប្អូនៗ​ជា​ទី​ស្រលាញ់​ ហើយ​រសាត់​អណ្ដែត​ទៅ​ដល់​ស្គន់ ស្រុក​ជើង​ព្រៃ ខេត្ត​កំពុង​ចាម។ ពេល​នោះ​លោក​បាន​ធ្វើ​ជា​កម្មករ​លើក​​ស្រូវ​​និង​ស៊ីម៉ង់​ដែល​ក្នុង​មួយ​ថ្ងៃ​លោក​រក​កម្រៃ​បាន​ត្រឹម​តែ​ពី​៥០០០រៀល​ទៅ​១០០០០រៀល​តែ​ប៉ុណ្ណោះ។

 

មាន​ពេល​មួយ​លោក​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ លោក​ក៏​ឃើញ​ការ​ប្រកួត​ប្រដាល់​ផ្ដាច់​ព្រ័ត្រ​រវាង​កីឡាករ​នួន បូរ៉ា និង​កីឡាករ សាន សៅ​យ៉ាន។ កីឡាករ សាន សៅយ៉ាន ជា​អ្នក​សន្លប់ បែរ​ជា​ទទួល​បាន​ជ័យជម្នះ ហើយ​កីឡាករ​នួន បូរ៉ា​ក៏​ស្រក់​ទឹក​ភ្នែក។ ទិដ្ឋភាព​នោះ​បាន​ធ្វើ​ឲ្យ​លោក​ចាប់​ផ្ដើម​អាណិត​អាសូរ​កីឡាករ ហើយ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​កីឡា។

 

គ្រា​ដែល​លោក​កំពុង​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​ នៅ​ម្ដុំ​ស្គន់​ជិត​កន្លែង​ធ្វើ​ការ​មាន​ក្លឹប​ប្រដាល់​មួយ​ឈ្មោះ​ក្លឹប ឈុន ជារិទ្ធី ដែល​មាន​លោក​ឈុន​ ជារិទ្ធី​​ជា​គ្រូ​បង្ហាត់។ ពេល​ទំនេរ​ពី​ការ​ស៊ី​ឈ្នួល​គេ លោក​ក៏​បាន​ចូល​ហាត់​ក្បាច់​គុន​ខ្មែរ​បុរាណ​ជា​មួយ​លោក​គ្រូ​ឈុន ជារិទ្ធី។ កាល​ពី​ដំបូង​លោក​គ្រាន់​តែ​ចូល​ហាត់​លក្ខណៈ​ធម្មតា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យូរៗ​ទៅ​លោក​ក៏​កាន់​តែ​ស្រលាញ់​ពេញ​ចិត្ត​ប្រដាល់ ហើយ​ក៏​កាន់​តែ​ព្យាយាម​ហាត់​កាន់​តែ​ខ្លាំង​ឡើង។

 

​ពេល​ដែល​លោក​សន្សំ​ប្រាក់​កាស​គួរ​សម លោក​បាន​យក​ប្រាក់​ទៅ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ ប៉ុន្តែ​លោក​មិន​ដែល​ហាន​ប្រាប់​អ្នក​មានគុណ​ថា ហាត់​កីឡា​ប្រដាល់​ឬ​ចង់​ក្លាយ​ជា​កីឡាករ​ប្រដាល់​ឡើយ។ ការ​ព្យាយាម​ហ្វឹក​ហាត់​បាន​មួយ​ឆ្នាំ​កន្លះ លោក​នៅ​តែ​មិន​មាន​ឱកាស​បាន​ឡើង​ប្រកួត​ឡើយ។ ទី​បំផុត​លោក​ក៏​ឈប់​ស៊ី​ឈ្នួល​គេ និង​បោះ​បង់​ចោល​ការ​ហ្វឹក​ហាត់ ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

ប្រហែល​ជា​ពីរ​ខែ​ក្រោយ​មក លោក​គ្រូ​ឈុន ជារិទ្ធី ក៏​បាន​ទៅ​បើក​ក្លឹប​នៅ​ជិត​ផ្ទះ​​វ៉ន វីវ៉ា​​ គោល​បំណង​ដើម្បី​បង្ហាត់​វីវ៉ា ពី​ព្រោះ​លោក​គ្រូ​បង្វឹក​រូប​នោះ​យល់ឃើញ​ថា កាយ​សម្បទា វ៉ន វីវា អាវ​មាន​អនាគត​ល្អ។ ពេល​នោះ​វីវ៉ា បាន​សំ​ការ​អនុញ្ញាត​ពី​លោក​ឪពុក​អ្នក​ម្ដាយ ប៉ុន្តែ​​ពួក​គាត់​​មិន​បាន​​យល់​ព្រម​ឲ្យ​វីវ៉ា​ហ្វឹក​ហាត់​ដើម្បី​ក្លាយ​ជា​កីឡាករ​ប្រដាល់​ឡើយ។ ទោះបី​ជា​មាន​ការ​ហាម​ឃាត​ពី​ឪពុក​ម្ដាយ​យ៉ាង​ណាក៏​ដោយ ក៏​យុវជន​វីវ៉ា នៅ​តែ​លួច​ទៅ​ហាត់​ដដែល ដោយ​សារ​តែ​ស្រលាញ់​ពេញ​ចិត្ត​ចំពោះ​ក្បាច់​គុន​ខ្មែរ​បុរាណ។ ដោយ​ការ​ហាម​ឃាត​មិន​បាន ឪពុក​ម្ដាយ​វ៉ន វី​វ៉ា​ក៏​បណ្ដោយ​តាម​ចិត្ត​កូន។

 

 

កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​ក្បាច់​គុន​ខ្មែរ​បុរាណ

បន្ទាប់​ពី​ហ្វឹក​ហាត់​ក្នុង​ក្លឹប​ជិត​ផ្ទះ​បាន​ប្រមាណ​៦​ខែ​ លោក​គ្រូ​ឈុន ជារិទ្ធី​ក៏​បាន​ផ្គូ​ផ្គង​វ៉ន វីវ៉ា​ ឲ្យ​ឡើង​ប្រកួត។ ពេល​នោះ​វីវ៉ា ត្រូវ​បាន​ផ្គូ​ផ្គង​ឲ្យ​ប្រកួត​ជា​មួយ កីឡាករ ជ័យ កំសត់ នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣។ បទ​ពិសោធន៍​រវាង​កីឡាករ​ជ័យ កំសត់ និង​វ៉ន វីវ៉ា​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពេល​នោះ​កីឡាករ​ជ័យ កំសត់ ធ្លាប់​ប្រកួត​បាន​១៣​ដង់ ខណៈវ៉ន វីវ៉ា មិន​ធ្លាប់​បាន​ប្រកួត​សោះ។ ប៉ុន្តែ​ជា​រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​មាន​ឡើង វ៉ន វីវ៉ា​បាន​ផ្ដួល​កីឡាករ ជ័យ កំសត់​ឲ្យ​សន្លប់​ក្នុង​ទី​១។

 

ការ​ប្រ​កួត​លើក​ទី​មួយ​នោះ​វ៉ន វីវ៉ា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង លោក​នឹក​ដល់​គុណ​ម៉ែ​គុណ​ឪ បន់​ព្រះ​សំពះ​ទេវតា​អស់​ហើយ។ បន្ទាប់​ពី​បាន​ឡើង​ប្រកួត​លើក​ទី​មួយ​ កីឡាករ វ៉ន វីវ៉ា​ មិន​បាន​ឡើង​ប្រកួត​ភ្លាមៗ​ទៀត​ទេ។ ​រយៈ​ពេល​៥​ខែ​ក្រោយ​ទើប​លោក​បាន​ឡើង​ប្រកួត​លើក​ទីពីរ។ ទោះ បី​ជា​ការ​ប្រកួត​លើក​ទី​ពីរ ទី​បី​ក៏​ដោយ ក៏​វ៉ន វីវ៉ា​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដដែល។

 

ក្រោយ​ឡើង​ប្រកួត​ទទួល​បាន​ជ័យជម្នះ​ពីរ​ទៅ​បី​ដង វ៉ន វីវ៉ា បាន​ចូល​ប្រកួត​ជម្រើស​ជាតិ។ ​លោក​មិន​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទេ ប៉ុន្តែ​វីវ៉ា​​ទទួល​បាន​ជ័យជម្នះ​ចំនួន​ពីរ​ប្រកួត​ដែរ។ បន្ទាប់​ពី​ការ​ប្រកួត​ជម្រើស​ជាតិ​មក កីឡាករ​វ៉ន វីវ៉ា បាន​ចូល​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ភេសជ្ជៈ​ខារ៉ាបាវ នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ការ​ចូល​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​លើក​នេះ លោក​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ​លោក​បាន​ចាញ់​កីឡាករ ព្រំ សារ៉ាម ហើយ​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​២។

 

អ្វី​ដែល​ធ្វើ​ឲ្យ​ វ៉ន វីវ៉ា មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​ក្នុង​ពិភព​ក្បាច់​គុន​បុរាណ​ខ្មែរ​នោះ នៅ​ពេល​ដែល​កីឡាករ​ទម្ងន់​ធ្ងន់​រូប​នេះ​ជួប​ប្រកួត​ជា​​មួយ​កីឡាករ​ជា តុត ដែល​ជា​កីឡាករ​ចាស់​វស្សា​និង​មាន​កេរ្តិ៍​ល្បី​យូរ​ឆ្នាំ​។ ទោះ​បី​ចាស់​វស្សា និង​មាន​កេរ្តិ៍​ល្បី​យូរ​យ៉ាង​ណា​ក្តី វ៉ន វីវ៉ា​បាន​ផ្ដួល​កីឡាករ ជា តុត នៅ​ទឹក​ទី​៤។ ការ​ប្រកួត​ជា​បន្ត​បន្ទាប់​រូប​គេ​តែង​តែ​ជួប​ជា​មួយ​កីឡាករ​ខ្លាំងៗ ដូចជា​កីឡាករ វ៉ែន សាវណ្ណ វោយ សុធន ធន សុភា​ជាដើម។

 

ភាព​ល្បី​រន្ទឺ​ខ្លាំង​នៅ​ពេល​ដែល​រូប​​គេ​ប្រកួត​ឈ្នះ​កីឡាករ​ធន សុភា។ បន្ទាប់​ពី​បរាជ័យ​ដ៏​អាម៉ាស់ ​កីឡាករ​ធន សុភា បាន​ឡើង​ប្រកួត​សង​សឹក​ម្ដង​ទៀត​ជា​មួយ​កីឡាករ វ៉ន វីវា។ ប៉ុន្តែ​​ការ​ប្រកួត​សង​សឹក​នោះ​កីឡាករ ធន សុភា រឹត​តែ​អាម៉ាស់​មុខ​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ដែល​កីឡាករ វ៉ន វីវ៉ាកាន់​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​ទ្វេ​ឡើង​ក្នុង​វិស័យ​ក្បាច់​គុន​ខ្មែរ​បុរាណ​ដោយ​រូប​គេ​មាន​ប្រៀប​ទាំង​ស្រុង​លើ​កីឡាករ​ធន សុភា។

 

ឆ្នាំ​២០០៨ ​វ៉ន វីវ៉ា បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រភេទ​ទម្ងន់​៧៨​គីឡូ​ក្រាម និង​ទទួល​បាន​ពានរង្វាន់​ចំនួន​៣​ដែល​ជាការ​​ប្រកួតលក្ខណៈ​អន្តរជាតិ។ ចាប់​ពី​រូប​គេ​ក្លាយ​ជា​កីឡាករ​ខ្លាំង ប្រចាំ​ប្រទេស​ជាតិ កីឡាករ​វ៉ន វីវ៉ា ស្ទើរ​តែ​រក​គូ​ប្រកួត​គ្មាន​សម្រាប់​កីឡាករ​ក្នុង​ស្រុក​ប្រភេទ​ទម្ងន់​ធ្ងន់។ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​ភាគ​ច្រើន​លោក​ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​បរទេស។

 

ចាប់​តាំង​ពី​ក្លាយ​ជា​កីឡាករ​រហូត​មក​ដល់​ពេល​នេះ​ វីវ៉ា ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ​ឈុន ជារិទ្ធី នៅ​ក្នុង​ក្លឹប ឈុន ជារិទ្ធី លោក​គ្រូ​ទ្រឿង សុះសាយ និង​លោក​គ្រូ​ផាន ផាណាត នៅ​ក្នុង​ក្លឹប​កង​រាជ​អាវុធ​ហាត់​លើ​ផ្ទៃ​ប្រទេស(អតីត​ក្លឹប​បេអិម​លើ​ផ្ទៃ​ប្រទេស)។

 

ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA

កាល​ពី​ថ្ងៃ​ទី​២៨ ខែ សីហា ឆ្នាំ ២០០៨ បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ព្រម​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​ ជា​មួយ​នឹង​សហព័ន្ធ​ប្រដាល់​សេរី​អន្តរជាតិ​រៀប​ចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA។

 

ជើង​ខ្លាំង វ៉ន វីវ៉ា​ត្រូវ​ជួបជា​មួយ​កីឡាករ Alban Amedi ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក ISKA​ មក​ពី​ប្រទេស​អាល្លឺម៉ង់​។ ម្ចាស់​ខ្សែក្រវាត់​ISKA រូបនេះ​ធ្លាប់​ប្រកួត​បាន​៣៩ដង ឈ្នះ​២៧ដង​ចាញ់​១០ដង ស្មើ​២ដង។ កីឡាករ​វ៉ន វីវ៉ា​ដណ្ដើម​ខ្សែ​ក្រវាត់ISKA ​បាន​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ឈ្នះ​ជា​ឯកច្ឆន្ទ​ ហើយ​គ្រប់​គ្រង​ខ្សែក្រវាត់រហូត​ដល់​សព្វ​ថ្ងៃ និង​ជាប់​កុង​ត្រា​​គ្មាន​កំណត់​ជា​មួយ​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​កម្ពុជា​ស៊ីធីអិន។

 

ឆ្នាំ​២០១១

វ៉ន​ វីវ៉ា បាន​ជាប់​ជា​កីឡាករ​ប្រដាល់​សកល​​​ជម្រើស​ជាតិ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (១១-២២ វិច្ឆកា ២០១១)​។ ជាលទ្ធផល វ៉ន វីវ៉ា ​ទទួល​បាន​មេដាយ សំរឹទ្ធ មក​ជូន​ជាត​មាតុភូមិ​វិញ។ ​​ការ​ឈ្នះ​​ត្រឹម​មេដាយ សំរិទ្ធ នេះ ដោយ​សារ​តែ​​​ វីវ៉ា ចាញ់ កីឡាករ ALEX TATONTOS របស់​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត។

 

 

បំណង​ប្រាថ្នា​អនាគត

លោក​វ៉ន វីវ៉ា កំពុង​តែ​មាន​ឆន្ទៈ​ចង់​ស្វែង​រក​ដៃ​គូ​ប្រកួត​មិន​ថា​ប្រកួត​នៅ​ក្នុង​ប្រទេស ឬ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឡើយ។ ក្នុង​នាម​លោក​ជា​កីឡាករ​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ជាតិ លោក​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ដើម្បី​បណ្ដុះ​បណ្ដាល​ក្មេងៗ​ជំនាន់​ក្រោយ ឲ្យ​ថែរក្សា​កេរ្តិ៍​មរតក​ខ្មែរ​អ​រូបិយ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន​និង​មាន​កេរ្តិ៍​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ។ លោក​មាន​អារម្មណ៍​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ពេល​ឭ​ដំណឹង​ថា ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កំពុង​ត្រៀម​រៀប​ចំ​ដាក់​បញ្ចូល​ក្បាច់​គុន​ខ្មែរ​បុរាណ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក៕

ខាង​ក្រោម​ជា​វីដេអូ ប្រកួត​ចុង​ក្រោយ​របស់ វីវ៉ា ជាមួយ កីឡាករ ឡាវ កាល​ពី​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ ២០១៤៖

 

http://youtu.be/EhsOqMnW4nA

ព័ត៌មាន​ជា​ច្រើន​ជុំ​វិញ វ៉ន វីវ៉ា សូម​ចុច​ទីនេះ...

 

អត្ថបទ៖ ជាន ចាន់រ៉ា