សាន ផានិត បើកសាលាអង់គ្លេសនៅមណ្ឌលគិរី
- 2014-11-21 14:12:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន ផានិត បើកសាលាអង់គ្លេសនៅមណ្ឌលគិរី
ចន្លោះមិនឃើញ
តារាចម្រៀង សាន ផានិត កំពុងសម្ងំបើកសាលាបង្រៀនភាសាអង់គ្លេសនៅខេត្តមណ្ឌលគិរី ដោយមានបុគ្គលិកប្រមាណជាង១០នាក់ បំពេញការងារនៅទីនោះ។
លោក សាន ផានិត បានប្រាប់ Sabay ថា សាលាបណ្ដុះបណ្ដាលចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់លោកមានឈ្មោះថា មជ្ឈមណ្ឌលអេនឌីសម្រាប់វិស័យអប់រំ ឬ Andy Center for Education (ACE)។ មើលទៅមានដំណើរការល្អ ព្រោះមិនទាន់បើកបានប៉ុន្មានថ្ងៃផង មានសិស្សចុះឈ្មោះចូលរៀនប្រមាណជាង៣០០នាក់ហើយ។
ជាការចាប់ផ្ដើមថ្មី របស់តារាចម្រៀងរូបនេះ បន្ទាប់ពីបានផ្អាកបង្រៀនភាសាអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែលោកអះអាងថា មិនមានផលលំបាកលើការបង្រៀននោះទេ បើយោងតាមបទពិសោធន៍ និងសមត្ថភាពធ្លាប់មានពីមុនមកស្រាប់។
ម្ចាស់បទ"ទូរសព្ទប្រាប់ផង" បានរំលឹកថា ក្នុងឆ្នាំ ១៩៩២ លោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដែលមានវ័យក្មេងបំផុតនៅសាលាភាសាបរទេស បាណាណា។ បន្ទាប់មកក្នុងឆ្នាំ ១៩៩៨ បានផ្លាស់មកបង្រៀននៅសាលាភាសាបរទេស Universal English School និងចុងក្រោយលោកបង្រៀននៅសាកលវិទ្យាល័យ វ៉េស្ទើន អំឡុងឆ្នាំ២០០៦ ហើយក៏បោះបង់អាជីពនេះរហូតមក។
ទោះចាប់ផ្ដើមម្ដងទៀតពិតមែន លោកមានសុទិដ្ឋិនិយមថា ទទួលបានជោគជ័យ ខណៈហាងលក់សំលៀកបំពាក់យីហោ"តារាភ្នំពេញ" ក្រោមការគ្រប់គ្រងរបស់ភរិយាកំពុងកាក់កបគ្រាន់បើ។ ភរិយារបស់ សាន ផានិត និងគ្រួសាររបស់នាងរំពឹងលើមុខរបរថ្មីនេះ ទោះបីមានភាពសាមញ្ញ ប្រាក់ចំណូលតិចតួច មិនអាចធ្វើឲ្យមានបានយ៉ាងណាក្ដី។
ដោយឡែក ពាក់ព័ន្ធទៅនឹងអាជីពសិល្បៈឯណេះវិញ តារាចម្រៀងរូបនេះសន្យាថា មិនបោះបង់អាជីពជាអ្នកចម្រៀងដាច់ខាត ទោះបីមានរយៈពេលយូរ ហើយរាងកាយវិវត្តន៍ទៅរកភាពចាស់យ៉ាងណាក៏ដោយ។ ជាក់ស្ដែងរូបលោកកំពុងត្រៀមខ្លួនឡើងច្រៀងនៅស្ថានីយទូរទស្សន៍បាយ័ន តបតាមការអញ្ជើញរបស់ផលិតករកម្មវិធីលោក គង់ វិសាល៕
អានអត្ថបទ ៖ ខាត់ សុឃីម បណ្ដុះអាជីពសិល្បៈដល់កូនប្រុសនាយ ឡោស៊ី
អត្ថបទ៖ សំ ជំនាញ