ទើប​​រក​​ឃើញ...ភាពយន្ត​​ក្នុង​​អតីតកាល​មួយ​​រឿង​​បាន​​បំបែក​​ឯតទគ្គកម្ម​​មុន​"ស្បែក​គង់​"ទៅ​​ទៀត!

  • 2014-11-21 16:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​រឿង​ផលិត​ក្នុង​ឆ្នាំ​២០១៤​នេះ​គឺ​រឿង "ស្បែក​គង់" ត្រូវ​បាន​អះអាង​ដោយ​ផលិតករ​លោក ប៉ុល វិបូ ហៅ នីត ថា​ភាពយន្ត​ខ្មែរ​ទី​១​ដែល​អាច​ឈាន​ទៅ​កាន់​ទីផ្សារ​បរទេស ក្នុង​រយៈ​ពេល​៤១​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​សំឡឹង​ទៅ​ជាង​១០​ឆ្នាំ​មុន មាន​ភាពយន្ត​ខ្មែរ​មួយ​រឿង​បាន​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន និង​ម៉ាឡេស៊ី មុន​ទៅ​ទៀត។

 

ឈុត​មួយ​ក្នុង​រឿង "ចៅ​ពស់​កេង​កង"

ភាពយន្ត​នោះ មាន​ចំណង​ជើង​ថា "កូន​ពស់​កេង​កង" របស់​ផលិតកម្ម​កម្ពុជា​ភាពយន្ត ដែល​បាន​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០០០។ លោក ហ្វៃ សំអាង ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​នេះ មិន​បាន​អធិប្បាយ​ដោយ​ផ្ទាល់​ទេ។ ប៉ុន្តែ​នៅ​លើ​គេហទំព័រ​របស់​លោក បាន​សរសេរ​ដូច្នេះ។

 

តាម​គេហទំព័រ​របស់​លោក ហ្វៃ សំអាង នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា "កូន​ពស់​កេង​កង" ជា​ខ្សែ​ភាពយន្ត​ទំហំ ៣៥មីលីម៉ែត្រ ចំណាយ​ថវិកា ១៨​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ចំណាយ​ពេល​ផលិត​ចំនួន ៩​ខែ គឺ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ១៩៩៨ រហូត​ដល់​ដើម​ឆ្នាំ ១៩៩៩ ទើប​ចប់។ រឿង​នេះ សម្ដែង​ដោយ វីណៃ ក្រៃ​បុត្រ តារា​សម្ដែង​ថៃ អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី អ្នក​នាង អម្ពរ ទេវី លោក ទេព រិនដារ៉ូ អ្នក​នាង ដាញ់ ម៉ូនីកា ទឹម អង្គារ៉ា នាយ កុយ អ្នកនាង​គ្រត និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត។

 

ព័ត៌មាន​លើ​គេហទំព័រ​លោក ហ្វៃ សំអាង

“ចៅ​ពស់​កេង​កង" ជា​ខ្សែ​រឿង​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ទសវត្សរ៍​ជាមួយ​គ្នា​នឹង​រឿង "មន្តមាយា" ដែល​ជា​ស្នាដៃ​និពន្ធ និង​ដឹក​នាំ​រឿង​ដោយ​លោក ហ្វៃ សំអាង ដូច​គ្នា។ រឿង "មន្តមាយា" ដែល​ល្បី​ល្បាញ​នៅ​ឆ្នាំ ២០០៦ ត្រូវ​បាន​យក​បញ្ចាំង​សារ​ជា​ថ្មី​អបអរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ។

 

ដោយ​ឡែក​រឿង "ចៅ​ពស់​កេង​កង" មិន​ទាន់​ដឹង​ថា ផលិតករ​ជា​ម្ចាស់​ផលិត​នៃ​រឿង​នេះ គ្រោង​យក​មក​ចាក់​បញ្ចាំង​ឡើង​វិញ​ឬ​យ៉ាង​ណា​ទេ ខណៈ លោក ហ្វៃ សំអាង មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​នា​ព្រឹក​នេះ៕

 

អាន៖ ភាពយន្ត​ដ៏​ល្បី​កាល ២០០៦ ត្រូវ​បាន​យក​មក​បញ្ចាំង​ឡើង​វិញ​អប​អរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ចុះ​ប្រិយមិត្ត​ចង់​ទស្សនា​ភាពយន្ត​មួយ​នេះ​ឡើង​វិញ​ដែរ​ទេ?

 

http://youtu.be/vpiYgknV6Co

អត្ថបទ៖ ទារិកា