មង្គល ទីណា និង អេ នីហ្សាម ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​យប់​មិញ!

  • 2014-11-21 17:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Range Rover ពណ៌​ស​បើក​បរ​ដោយ​តារា​ចម្រៀង មង្គល ទីណា រួម​ដំណើរ​ជាមួយ​ប្អូន​ស្រី អេ នីហ្សាម បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​យប់​មិញ នៅ​ក្បែរ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​ព័ត៌មាន ពី​ប្រភព​នៅ​កន្លែង​កើត​ហេតុ សុំ​មិន​បញ្ចេញ​ឈ្មោះ។

 

ប្រភព​ដដែល​បញ្ជាក់​ថា រថយន្ត​ទំនើប​ខាង​លើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។ លុះ​មក​ដល់​ទីតាំង​ខាង​មុខ VIP Airport ក៏​ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុក​ទម្លុះ​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ របើក​ដួល​អស់​១​ផ្ទាំង​ធំ ប៉ុន្តែ​មិន​មាន​នរណា​រងគ្រោះ​ថ្នាក់​នោះ​ទេ ខណៈ​លោក​​ព្យាយាម​បើក​រត់​គេច តាម​បណ្ដោយ​ផ្លូវ​ដដែល​ឆ្ពោះ​ទៅ​កាន់​ចោមចៅ។

 

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ទើប​បាន​ប្រហែល​ជា ​៣០០ ​ម៉ែត្រ​ ប៉ុណ្ណោះ ក៏​ស្រាប់​​​តែ​កង់​រថយន្ត​ផ្នែក​ខាង​មុខ​របូត​ចេញ មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ទេ។ ពេល​នោះ​ហើយ ទើប​គេ​បាន​ដឹង​ច្បាស់​ថា ជា​តារា​ចម្រៀង មង្គល ទីណា និង ​ប្អូន​ស្រី អេនីហ្សាម ។

 

​សមត្ថកិច្ច​ដដែល​រៀបរាប់​យ៉ាង​ដូច្នេះ" ពូក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ពេល​នោះ​បើកបរ​បណ្ដើរ និយាយ​ទូរសព្ទ​បណ្ដើរ ហើយ​ចៃដន្យ​អី​វា​ជ្រុះ​ពី​ដៃ ក៏​អោន​ទៅ​រើស​មក​វិញ។ ប៉ុន្តែ​ពេល​ងើប​ឡើង មិន​ដឹង​ទាក់​ដៃ​យ៉ាង​ម៉េច​ទេ ក៏​រេ​ចង្កូត​បុក​របាំង​ផ្លូវ​តែ​ម្ដង​ទៅ"។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង មង្គល ទីណា ជា​បង​ប្រុស​បាន​ប្រាប់​ Sabay មុន​នេះ​បន្តិច​ថា រថយន្ត​Range Rover ពណ៌​ស​របស់​គេ​ពិត​ជា​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រាកដ​មែន កាល​ពី​យប់​មិញ ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​បន្តិចបន្តួច។ ហើយ​លោក​ជា​អ្នក​បើកបរ មិន​មែន​ប្អូន​ស្រី​នោះ​ទេ។

 

មង្គល ទីណា ប្រាប់​ថា សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​របស់​លោក ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ក្រុង​ភ្នំពេញ​តាំង​ពី​យប់​មិញ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​នៅ​រសៀល​នេះ។ រូប​គេ​នឹង​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត ដែល​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ៕

 

 

រូបថត​ខាង​លើ​​គឺ​បាន​ពី​ ប្រិយមិត្ត​ Sabay នៅ​កន្លែង​កើត​ហេតុ បាន​ថត​ និង បញ្ជូន​​មក​ក្រុម​ការងារយប់មិញ

 

អាន​អត្ថបទ៖ សាន ផានិត បើក​សាលា​អង់គ្លេស​នៅ​មណ្ឌលគិរី

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី