ចំណុច​អាក្រក់​ៗ​របស់​តារា​ល្បី ដែល​យុវវ័យ​មិន​គួរ​យក​ជា​គំរូ

  • 2014-11-21 18:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​ ជា​ពិសេស​តារា​ចម្រៀង​សម័យ​ថ្មី ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ក្មេង​ៗ និង​យុវវ័យ។ ក្រៅ​ពី​ការ​ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង និង​ទស្សនា​ការ​សម្ដែង​របស់​តារា​ដែល​ខ្លួន​ចូលចិត្ត អ្នក​គាំទ្រ​តែង​តែ​ចូលចិត្ត​តាម​ដាន​រាល់​សកម្មភាព​របស់​ពួក​គេ និង​ធ្វើ​ខ្លួន​ដូច​ពួក​គេ​ក៏​មាន។ ប៉ុន្តែ​តារា​ៗមួយ​ចំនួន​គឺ​មិន​សក្ដិសម​ឲ្យ​យុវវ័យ​យក​ធ្វើ​ជា​គំរូ​ឡើយ។

 

យោង​តាម​គេហទំព័រ​ Therichest ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចម្រៀង ៧​ដួង​ ដែល​យុវវ័យ​មិន​អាច​យក​ធ្វើ​​ជា Role Model បាន៖​

 

៧. Paris Hilton ៖មិន​គោរព​ច្បាប់​ចរាចរណ៍

 

តារា​ចម្រៀង និង​សម្ដែង​អាមេរិក Paris Hilton បាន​ចាប់​ផ្ដើម​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​ការ​បែក​ធ្លាយ​វីដេអូ​សិច​កាល​ពី​ឆ្នាំ២០០៣ ដែល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​លេច​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​កម្មវិធី​ជប់លៀង​ធំ​ៗ​ជា​ច្រើន​ទៀត។ នៅ​ឆ្នាំ​២០០៦ នាង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​មួយ​ខែ​ក្រោយ​មក នាង​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ម្ដង​ទៀត​​ដោយ​​សារ​ការ​បើកបរ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន។ នៅ​ឆ្នាំ​២០០៧ នាង​ក៏​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤៥​ថ្ងៃ​ដោយ​សារ​បំពាន​ការ​ព្យួរទោស។ នៅ​ឆ្នាំ​២០១០ នាង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ម្ដង​ទៀត​ ដោយ​សង្ស័យ​ថា​មាន​គ្រឿងញៀន​ជាប់​នឹង​ខ្លួន។​

 

៦. Rihanna៖ ស្លៀក​ពាក់​សិចស៊ី​ហួសហេតុ

 

តារា​ចម្រៀង​ Rihanna មិន​អាច​ជា​គំរូ​សម្រាប់​នារី​ទូទៅ​ឡើយ​បើ​និយាយ​ពី​រឿង​ស្លៀកពាក់​សិចស៊ី។ ជា​ការ​ពិត Rihanna ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​អាជីព​របស់​នាង ប៉ុន្តែ​នាង​ក៏​ទទួល​បាន​ការ​រិះគន់​ជា​ច្រើន​ដែរ តាម​រយៈ​ការ​លេង​ស្ទីល​ចំហ​ល្វែង​លើ​ដោយ​មិន​បិទបាំង​សូម្បី​តែ​ចុង​សុដន់។ ទង្វើ​មួយ​ទៀត​ដែល​នាង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន់​ចិត្ត គឺ​នៅ​ពេល​ដែល​នាង​ត្រលប់​ទៅ​ស្រឡាញ់ សង្សារ​ចាស់ Chris Brown វិញ​បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​នាង​យ៉ាង​ដំណំ។ Rihanna បាន​និយាយ​អំពី​សង្សារ​របស់​នាង​​ថា "គាត់​មិន​មែន​ជា​មនុស្ស​អាក្រក់​ដូច​អ្នក​គ្រប់​គ្នា​ឡើយ"។ ទោះ​យ៉ាង​ណា ​​ឥលូវ​នេះ ទំនាក់ទំនង​របស់​ពួក​គេ​បាន​បញ្ចប់​ហើយ។​​

 

៥. Miley Cyrus៖ ស្លៀក​ពាក់​សិចស៊ី និង​អាកប្បកិរិយា​មិន​សមរម្យ

 

ពី​ក្មេង​ស្រី​ធម្មតា​ម្នាក់​ក្លាយ​ជា​តារា​ចម្រៀង​កំពូល​សិចស៊ី Miley Cyrus បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​តាម​រយៈ​អាកប្បកិរិយា​ប្លែក​ៗ​របស់​នាង​រយៈ​ពេល​ជាង ១ឆ្នាំ​ចុង​ក្រោយ​នេះ។ Miley បាន​ចាប់​​ផ្ដើម​ថត​ស្រាត​ដាក់​ទស្សនាវដ្ដី​ និង​វីដេអូ​ចម្រៀង "Wrecking Ball” ហើយ​ក្រោយ​មក​ព័ត៌មាន​អាស្រូវ និង​មតិ​រិះគន់​បាន​កើត​មាន​ចំពោះ​រូប​នាង​ជា​បន្ត​បន្ទាប់ ជា​ពិសេស​សម្រាប់​កាយវិការ និង​សំលៀកបំពាក់​សិចស៊ី​ហួសហេតុ។​​

 

៤. Kanye West៖ ចូលចិត្ត​បង្ក​រឿង

 

កាល​ពី​ឆ្នាំ​២០០៨ តារា​ចម្រៀង Kanye West ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​មាន​ជម្លោះ​ជាមួយ​អ្នក​ថត​រូប។ ប៉ុន្មាន​ខែ​ក្រោយ​មក គេ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត​ដោយ​សារ​ជម្លោះ​ជាមួយ​អ្នក​ប្រមាញ់​រូប​ថត​ដូច​គ្នា។ ក្រៅ​ពី​ការ​វាយតប់​ជាមួយ​អ្នក​ថត​រូប Kanye West ក៏​ធ្លាប់​មាន​រឿង​ជាច្រើន​ដែរ នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ផ្សេង​ៗ ដូច​ជា​ការ​បំបាក់​មុខ​តារា​ចម្រៀង​ Taylor Swift លើ​ឆាក VMAs កាល​ពី​ឆ្នាំ​២០០៩​ជា​ដើម។

 

៣. Lil Wayne៖ ប្រើ​គ្រឿងញៀន​ មាន​គ្រួសារ​ច្រើន

 

តារា​ចម្រៀង​រ៉េប​រូប​នេះ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ច្រើន​ដង ភាគ​ច្រើន​ដោយ​សារ​មាន​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន។ នៅ​ឆ្នាំ​២០០៧ ប៉ូលិស​ទីក្រុង​ញីវយ៉ក​បាន​ឃើញ Lil Wayne ជក់​ថ្នាំ​​ក្បែរ​ឡាន និង​មាន​កាំភ្លើង​ជាប់​នឹង​ខ្លួន​ទៀត។ នៅ​ឆ្នាំ​២០១០ គេ​ក៏​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៨​ខែ​នៅ​លើ​កោះ Rikers។ Wayne មាន​កូន​ ៤​នាក់​ ជាមួយ​ស្រ្តី​បួន​នាក់​ខុស​ៗ​គ្នា។ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ តារា​ចម្រៀង​រូប​នេះ​ក្លាយ​ជា​ឪពុក​របស់​កូន​ដល់​ទៅ​៣​នាក់ ដោយ​មាន​ម្ដាយ​ខុស​ៗ​គ្នា​ទាំង​៣។

 

២. Justin Bieber៖ ចូលចិត្ត​បង្ក​ចលាចល​ក្នុង​សង្គម

 

នៅ​ពេល​ចូល​សិល្បៈ​ដំបូង Justin Bieber ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ប្រុស​ល្អ​ម្នាក់ ប៉ុន្តែ​ពេល​ធំ​ឡើង​តារា​ចម្រៀង​ម្ចាស់​បទ "Baby” ​រូប​នេះ​ក៏​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ចូល​ចិត្ត​បង្ក​រឿង​ក្នុង​សង្គម​ទៅ​វិញ។ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ Bieber ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ មិន​បាន​ប៉ុន្មាន គេ​ក៏​បាន​គប់​ពង​ទា​ទៅ​លើ​ផ្ទះ​អ្នក​ជិត​ខាង នាំ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​គេ​​គិត​ជា​ទឹក​ប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ។ នៅ​ខែ​កញ្ញា Bieber ក៏​ត្រូវ​ចាប់​ខ្លួន​ម្ដង​ទៀត​ដោយ​សារ​ការ​វាយ​តប់ និង​ការ​បើកបរ​ហួស​ល្បឿន​កំណត់។​

 

១. Chris Brown៖ ប្រើ​អំពើ​ហិង្សា

 

តារា​ចម្រៀង និង​សម្ដែង​រូប​នេះ​បាន​លេច​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​​ជា​ច្រើន​កាល​ពី​ឆ្នាំ២០០៩ នៅ​ពេល​ដែល​គេ​បាន​ប្រើ​អំពើ​ហិង្សា​លើ​សង្សារ​គឺ​តារា​ចម្រៀង Rihanna។ Chris Brown ត្រូវ​ជាប់​ការ​ព្យួរ​ទោស​សាក​ល្បង (Probation) ចំនួន​៥​ឆ្នាំ និង​ត្រូវ​ធ្វើ​ការងារ​សហគមន៍​មួយ​ចំនួន។ ក្រៅ​ពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​មិត្ត​ស្រី Chris Brown ក៏​ធ្លាប់​មាន​ជម្លោះ វាយ​តប់​ជាមួយ​មិត្ត​រួម​អាជីព​មួយ​ចំនួន​ដែរ ដូច​ជា​តារា​ចម្រៀង Drake និង Frank Ocean និង​ធ្លាប់​ចូល​មណ្ឌល​អប់រំ​កែប្រែ​ផង​ដែរ ៕

អានអត្ថបទ៖ តារា​ស្រី​ល្បីៗ ៩​ដួង មាន​គូ​ស្នេហ៍​ជា​ប្រុស​ក្មេង ​អាយុ​ខុស​គ្នា​ឆ្ងាយ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest