​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ការ​ឈ្ងោក​​​ចុច​ទូរសព្ទ​​​​យូរ​នាំ​ឲ្យ​ខូច​ឆ្អឹង​​កញ្ចឹង​ក​​

  • 2014-11-22 00:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ពេល​ដែល​​ចុច​ទូរសព្ទ​ម្ដង​ៗ​ អ្នក​តែង​តែ​ឱន​​ក្បាល​ចុះ​​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​។ អ្នក​ខ្លះ​ចូល​ចិត្ត​អង្គុយ​ចុច​ទូរសព្ទ​ ហើយ​អ្នក​ខ្លះ​ទៀត​ឈរ​ចុច ​និង​ឱន​ក្បាល​ចុះ​ជា​ទម្រង់​ពី ១៥ទៅ ៦០ដឺក្រេ។ តើ​អ្នក​មាន​ធ្លាប់​គិត​ដែរ​ទេ​ថា​ ពេល​ដែល​អ្នក​​ឈ្ងោក​ក្បាល​ចុច​ទូរសព្ទ​នោះ​ តើ​នឹង​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ឆ្អឹង​កញ្ចឹង​ក​របស់​អ្នក​?

 

 

តាម​ការ​សិក្សា​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​​ឆ្អឹង​ខ្នង Kenneth Hansraj បាន​ឲ្យ​ដឹង​ថា​ការ​ឱន​ក្បាល​ចុច​ទូរសព្ទ​ជា​ទម្រង់ ៦០ដឺក្រេ​រយៈ​ពេល​យូរ​ វា​ហាក់​បី​ដូចជា​អ្នក​កំពុង​តែ​ដាក់​វត្ថុ​ទម្ងន់​ធ្ងន់​ស្មើ​នឹង​ ២៧គីឡូក្រាម​ទៅ​លើ​​កញ្ចឹង​ក​របស់​អ្នក​អញ្ចឹង​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​កញ្ចឹង​ក​របស់​អ្នក​ចុក​រោយ​​ និង​កាន់​តែ​ទ្រុឌ​ទ្រោម​ឡើង​ៗ។

 

Hansraj បាន​បង្កើត​រូបភាព​គំរូ​អំពី​ការ​ឈ្ងោក​ចុច​ទូរសព្ទ​ជា​ច្រើន​ទម្រង់​ដូចជា​ ១៥ដឺក្រេ ៣០ដឺក្រេ ៤៥ដឺក្រេ និង ៦០ដឺក្រេ​ ដែល​ទម្រង់​ទាំង​អស់​នេះ​ហើយ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​កញ្ចឹង​ក​របស់​អ្នក​។​ វា​អាច​នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​ចំពោះ​កញ្ចឹង​ក​របស់​អ្នក (ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​ឆ្អឹង​កញ្ចឹង​ក​ កើត​ស្រ្តេស​​ញឹក​ញាប់​ និង​ឈឺក្បាល​រ៉ាំរ៉ៃ)​ ពេល​ដែល​អ្នក​តែង​តែ​ឈ្ងោក​ក្បាល​ចុះ​ចុច​ទូរសព្ទ​រាល់​ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក​វេជ្ជបណ្ឌិតHansraj។

 

រូប​ភាព​គំរូ​ពី​ការឈ្ងោក​ចុច​ទូរសព្ទ​ទៅ​តាម​ទម្រង់​ខុស​ៗ​គ្នា​

 

វេជ្ជបណ្ឌិត​ដដែល​ក៏​បាន​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​និង​អ្នក​ដែល​តែង​តែ​អង្គុយ​សម្លឹង​មើល​អេក្រង់​​កុំព្យូទ័រ​​ពេញ​មួយ​ថ្ងៃ​​ទាំង​អស់​ថា ពេល​ដែល​អ្នក​ចុច​ទូរសព្ទ​​ឬ​អង្គុយ​នៅ​នឹង​មុខ​អេក្រង់​កុំព្យូទ័រ​ ត្រូវ​ប្រាកដ​ថា​ក្បាល​​ កញ្ចឹង​ក ​និង​ខ្នង​របស់​អ្នក​ត្រង់។ ​មួយ​វិញ​ទៀត​​ត្រូវ​សម្រាក​ឬ​ងាក​មុខ​ចេញ​ពី​អេក្រង់​​ទូរសព្ទ​ឬ​កុំព្យូទ័រ​​ឲ្យ​បាន​ញឹក​ញាប់​ នោះ​ទើប​កញ្ចឹង​ក​ និង​ឆ្អឹង​ខ្នង​របស់​អ្នក​មិន​មាន​ផល​ប៉ះ​ពាល់​ និង​​​​ឆាប់​ទ្រុឌទ្រោម​៕

 

អាន៖ ផល​អាក្រក់​ចំពោះ​សុខភាព​ទាំង​៦​ដោយ​សារ​វិទ្យុសកម្ម​ WiFi និង​ 4G/LTE​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ huffingtonpost

អត្ថបទថ្មី