មិនគួរឲ្យជឿថា វិទ្យុសកម្មពី Wifi ប៉ះពាល់សុខភាពដល់ម៉្លឹង!
- 2014-11-24 23:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿថា វិទ្យុសកម្មពី Wifi ប៉ះពាល់សុខភាពដល់ម៉្លឹង!
ចន្លោះមិនឃើញ
ប្រហែល ៥ភាគរយនៃប្រជាជននៅចក្រភពអង់គ្លេស ស្មើនឹងជាង ៣លាននាក់ត្រូវគេជឿថាបានរងការប៉ះទង្គិចដោយសាររលកសញ្ញាវិទ្យុសកម្មដែលកំពុងតែបំផ្លាញសុខភាពអ្នកទាំងនោះដោយមិនដឹងខ្លួន។
មនុស្សប្រមាណជាង ៣លាននាក់នៅចក្រភពអង់គ្លេសជឿថា ពួកគេបានរងការប៉ះទង្គិចសុខភាពពីរលកសញ្ញាវិទ្យុសកម្មចេញពីគ្រឿងអេឡិចត្រូនិកទាំងឡាយ (ទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ អំពូលភ្លើង...) ដោយពួកគេតែងតែមានរោគសញ្ញា EHS (ការរងប្រតិកម្មទៅលើរលកសញ្ញាវិទ្យុសកម្ម) ដូចជា តែងតែឈឺក្បាលជាញឹកញាប់ ល្ហិតល្ហៃអស់កម្លាំង វិលមុខរកក្អួត ពិបាកដកដង្ហើម អាការៈស្ពឹក ឬពិការផ្នែកអវយវៈ សរសៃប្រសាទដំណើរការមិនប្រក្រតី និងកើតជំងឺមហារីកជាដើម។
ស្ត្រីមួយរូបឈ្មោះ Mary ដែលមានរោគសញ្ញា EHS បានឲ្យដឹងថា៖ "មុនពេលខ្ញុំមានអាការៈ EHS នៅឆ្នាំ ២០១២ ខ្ញុំមិនដែលជឿទេថាវាពិតជាកើតមានមែននោះ"។ ស្ត្រីអាយុ ៦៣ឆ្នាំរូបនេះបន្តប្រាប់ទៅសារព័ត៌មាន Daily Mail ទៀតថា៖ "ប៉ុន្តែឥឡូវទើបខ្ញុំដឹងថាវាជាការពិត។ ខ្ញុំតែងតែមានអារម្មណ៍ថាផ្នែកខាងក្នុងមាត់របស់ខ្ញុំដូចជាស្ពឹកៗ"។
លោកស្រី Mary ដែលមានអាការៈ EHS
គាត់កំពុងពាក់អាវ Aaronia Shield (រូបស្តាំ)
អាន៖ ផលអាក្រក់ចំពោះសុខភាពទាំង៦ដោយសារវិទ្យុសកម្ម WiFi និង 4G/LTE
បន្ទាប់ពីដឹងថាខ្លួនគាត់រងការប៉ះទង្គិចពីវិទ្យុសកម្ម Mary ក៏បានផ្លាស់ប្ដូរជីវិតរបស់គាត់ដើម្បីចៀសឲ្យផុតពីការប្រឈមនឹងវិទ្យុសកម្ម Wifi និងរលកសញ្ញាផ្សេងៗដែលចេញពីទូរសព្ទ។ តែទោះជាយ៉ាងណាគាត់និយាយថា វាពិតជាលំបាកមែនទែនក្នុងការរកកន្លែងដែលមិនគ្របដណ្ដប់ដោយ Wifi និងទីកន្លែងដែលគ្មានមនុស្សប្រើទូរសព្ទនោះ។ ហេតុដូចនេះហើយទើបលោកស្រី Mary មិនដែលចេញទៅទីកន្លែងសាធារណៈ តែបើទៅលេងក៏ត្រឹមតែផ្ទះមិត្តភក្តិរបស់គាត់ប៉ុណ្ណោះ (ដរាបណាផ្ទះរបស់ពួកគេបិទ Wifi និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ)។
បច្ចុប្បន្នជំងឺរបស់គាត់បានធូរស្បើយច្រើនមកហើយព្រោះបានពាក់អាវ Aaronia Shield ផលិតចេញពីសរសៃ Fibre ដែលអាចការពារវិទ្យុសកម្មបាន។ ប៉ុន្តែគាត់ថាជីវិតរបស់គាត់ពិតជាលំបាក ដោយត្រូវបោះបង់អ្វីដែលខ្លួនស្រឡាញ់ទាំងអស់ ដោយនៅតែផ្ទះប៉ុណ្ណោះ។
បុរសម្នាក់ទៀតឈ្មោះ Ricky Gardiner អាយុ ៦៦ឆ្នាំជាតន្ត្រីករក៏បានឲ្យដឹងដែរថា គាត់ចាប់ផ្ដើមមានរោគសញ្ញា EHS តាំងពីឆ្នាំ ១៩៩០ ដូចជាចង្វាក់បេះដូងមិនទៀងទាត់ និងពិបាកដកដង្ហើម។ មកទល់ពេលឥឡូវគាត់នៅតែប្រើកុំព្យូទ័រ តែមិនភ្ជាប់ WiFi នោះទេ។ ពេលដែលគាត់ត្រូវប្រើកុំព្យូទ័រម្ដងៗគឺចាំបាច់ត្រូវអង្គុយនៅជ្រុងម្ខាងនៃបន្ទប់ឲ្យឆ្ងាយពីកុំព្យូទ័រ ហើយប្រើកែវយឺតដើម្បីមើលអេក្រង់របស់វា។
ចំណែកឯស្ត្រីម្នាក់អាយុ ៥៣ ឈ្មោះ Sue Brown ក៏មានអាការៈ EHS នេះដែរ ដោយគាត់តែងតែគេងមិនលក់រាល់យប់និងឈឺក្បាលជាញឹកញាប់ ឬជួនកាលរកកលចង់ក្អួតទាំងយប់ក៏មាន។
ការសិក្សាផ្នែកខួរក្បាលមួយនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១១ បានបង្ហាញថាសិស្សប្រុសជាច្រើននៅតំបន់ដែលប្រឈមនឹងវិទ្យុសកម្ម Wifi រងការប៉ះទង្គិចផ្នែកសរសៃប្រសាទ ដោយសមត្ថភាពខួរក្បាលរបស់ពួកគេថយចុះ។
ចំណែកឯការសិក្សាមួយទៀតទៅលើស្ត្រីជាច្រើននៅសហរដ្ឋអាមេរិកក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយសមត្ថភាពខួរក្បាលរបស់ស្ត្រីទាំងអស់នោះថយចុះដូចគ្នាព្រោះតែរលកសញ្ញាវិទ្យុសកម្ម WiFi ដែលពួកគេកំពុងប្រើ។
ចំពោះវេជ្ជបណ្ឌិតជនជាតិអង់គ្លេសមួយរូបឈ្មោះ Andrew Tresidder ក៏មានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍របស់អ្នកជំងឺដែលមានរោគសញ្ញា EHS ផងដែរ ដោយពួកគេតែងតែត្អូញត្អែរជារឿយៗពីរោគសញ្ញាដែលជឿថាវាកើតចេញពីរលកសញ្ញាវិទ្យុសកម្ម។
ដោយឡែកចំពោះអង្គការគាំពារសុខភាពមួយទៀតរបស់អង់គ្លេស (Health Protection Agency) បែរជាបង្ហាញទស្សនៈផ្ទុយមកវិញថា យ៉ាងណាក៏ដោយមិនទាន់មានភស្តុតាងណាមួយច្បាស់លាស់នោះទេដែលថាបញ្ហាសុខភាពកើតឡើងចំពោះជនរងគ្រោះទាំងនោះ បង្កដោយវិទ្យុសកម្មដែលចេញពីគ្រឿងអេឡិចត្រូនិកនៅឡើយ។
មកទល់ពេលបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រនៅតែមានភាពចម្រូងចម្រាស់នឹងគ្នាទៅវិញទៅមកលើប្រធានបទ "ផលប៉ះពាល់តាមរយៈវិទ្យុសកម្ម"។ ប៉ុន្តែជនរងគ្រោះបីនាក់ខាងលើ និងជនរងគ្រោះជាង៣លាននាក់ទៀតកំពុងរងការប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងគួរឲ្យអាណិត ស្របពេលដែលវិទ្យុសកម្មត្រូវអ្នកទាំងនោះជឿថា ជាដើមចមធ្វើឲ្យពួកគេទៅជាបែបនេះ។
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់បានបញ្ជាក់ពីមូលហេតុពិតពីផលប៉ះពាល់របស់ជនរងគ្រោះចំនួនជាង៣លាននាក់ជុំវិញអង់គ្លេសក៏ពិតមែន តែអ្នកគួរតែការពារខ្លួនពីវិទ្យុសកម្មតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះអ្វីក៏ដោយតែងតែមានផលវិជ្ជមាន និងអវិជ្ជមាន។ ដូចពាក្យចាស់លោកពោលថា "ការពារប្រសើរជាងព្យាបាល"៕
អាន៖ ការស្រាវជ្រាវបង្ហាញថា ការឈ្ងោកចុចទូរសព្ទយូរនាំឲ្យខូចឆ្អឹងកញ្ចឹងក
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail