​ខ្មែរ​មួយ​រួប​ទទួល​​បាន​​ពាន​​រង្វាន់​​ "​បុរស​ប្រចាំ​ឆ្នាំ​ ​" ​(Man​ ​of​ ​the​ ​Year​)

  • 2014-11-25 00:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សុក​ ស៊ីផាន់​ណា​ ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ទទួល​​ពាន​​រង្វាន់  "បុរស​ប្រចាំ​ឆ្នាំ​” (Man of the Year Brand Icon Leadership Award 2014) ​នៃ​ភាព​ជា​ដឹកនាំ The BrandLaureate Brand ICON Leadership Awards  ពី​មូលនិធិ​ Asia Pacific Brands Foundation នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​​ពេល​​ថ្មី​ៗ​នេះ​​។ ​

ពាន​រង្វាន់​នៃ​ភាព​ជា​អ្នក​ដឹក​នាំ ជា​ការ​ផ្តល់​កិត្តិយស ​និង​ទទួល​ស្គាល់​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​​ ដែល​បាន​រួម​ចំណែក​ ក្នុង​ប្រទេសជាតិ​ និង​សហគមន៍​តាម​រយៈ​មុខ​ជំនាញ​ពិសេស​របស់​ពួក​គាត់​។​ ពាន់​រង្វាន់​នេះ​​ត្រូវ​បាន​​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០០៦ ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក​ Mohathir Mohamad។

 

លោក សុក​ ស៊ី​ផាន់​ណា​ បាន​ទទួល​ពាន​រង្វាន់​ ដោយ​ផ្ទាល់​ពី​លោក​​បណ្ឌិត​ ​K K ​Johan​ ​ដែល​ជា​ប្រធាន​ ​​ពាន​រង្វាន់​ នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ "​The Brand​Laureate​ ​Brand​ ​ICON ​Leadership ​Awards​"​ និង​អ្នក​ឈ្នះ​កាល​ពី​ឆ្នាំ​មុន ​YBhg ​Tan​ Sri​ ​Dato'​ Dr ​Jemilah ​Mahmood ។​ ​ ​​

 

 

ពាន​រង្វាន់​​ខាង​លើ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​បុរស​ ​និង​ស្ត្រី​ដែល​មាន​ការ​តំាង​ចិត្ត​ និង​មាន​ឆន្ទៈ​មុត​មំា​ ក្នុង​ការ​បង្ហាញ​ផ្លូវ​ ​និង​ផ្តល់​ជា​កេរ្តិ៏​ដំណែល​ទៅ​កាន់​កូន​ចៅ​ជំនាន់​ក្រោយ​។​ រង្វាន់​ដែល​ពោរ​ពេញ​ដោយ​សក្តានុភាព​នេះ​ជា​កិត្តិយស​ដ៏​ល្បីល្បាញ​សម្រាប់​អ្នក​ដឹក​នំា​ដ៏​ល្អ​បំផុត​មក​ពី​ប្រទេស​ និង​ឧស្សាហកម្ម​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​របស់​ជាតិ​ខ្លួន​។​ ​

 

​ដោយ​​​សរសេរ​អធិប្បាយ​លើ​បណ្តាញ​សង្គម ​លោក​ សុក​ ស៊ីផាន់​ណា​ បាន​​លើក​ឡើង​​​​​ថា​ ​ការ​ទទួល​ពាន​រង្វាន់​នេះ​ជា​កិត្តិយស​ដល់​ការ​ការ​រួម​ចំណែក​របស់​​លោក​ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ជា​ពិសេស​ច្បាប់​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ហើយ​​ជា​កិត្តិយស​ដល់​ការងារ​របស់​លោក​សម្រាប់​ប្រទេស​ជាតិ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។​

 

លោក​បាន​បន្ថែម​​ថា​ ពាន​រង្វាន់​នេះ​​ក៏​ជា​ការ​ទទួល​ស្គាល់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​​ជាមួយ​អង្គការ​អន្ដរជាតិ​ដូច​ជា ​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ​(UNDP) ​ធនាគារ​ពិភពលោក ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ក្នុង​ការ​ប្រឹក្សា​យោបល់​ផ្សេងៗ​។ ​នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ និង​ទទួល​បាន​នូវ​ពាន​រង្វាន់​ដ៏​ពិសេស​ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី