ជុំ លីណូអស់ជិត២ម៉ឺនដុល្លាររឿងគ្រោះថ្នាក់ចរាចរណ៍ តែនៅមិនទាន់ដាច់ស្រេច
- 2014-11-25 14:43:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំ លីណូអស់ជិត២ម៉ឺនដុល្លាររឿងគ្រោះថ្នាក់ចរាចរណ៍ តែនៅមិនទាន់ដាច់ស្រេច
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្ម Daimond Music លោក ជុំ លីណូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរដូវបុណ្យអុំទូក និយាយឲ្យដឹងថា បញ្ហានេះនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយបើទោះបីជាភាគីជនរងគ្រោះព្រមទទួលសំណងហើយក្ដី ត្បិតអីរឿងក្ដីនេះនៅមិនទាន់រលត់បណ្ដឹងអាជ្ញា។
អតីតតារាចម្រៀងក្នុងផលិតកម្ម សាន់ដេរូបនេះបានប្រាប់ថា ហេតុការណ៍ថ្នាក់ចរាចរណ៍នោះលោកបានផ្ដល់សំណងផ្នែករដ្ឋប្បវេណីទៅជនរងគ្រោះរួចហើយ ដោយលោកបានសុំសងត្រឹមតែ ៧៥០០ ដុល្លារ ដែលដើមឡើយភាគីរងគ្រោះបានទាររហូតដល់បីម៉ឺនដុល្លារឯណោះ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ព្រះរាជអាជ្ញារបានប្ដឹងទៅតុលាការព្រោះជាបទល្មើសព្រហ្មទណ្ឌ។ ដួចនេះបើទោះបីភាគីទាំងពីរបានព្រមព្រៀងហើយក្ដី សំណុំរឿងមិនទាន់អាចបិទបញ្ចប់បានទេ ប្រសិនបើព្រះរាជអាជ្ញាមិនលើកលែងការចោទប្រកាន់នោះ។
លោកជុំ លីណូ ប្រាប់ឲ្យដឹងទៀតថា ភាគីតុលាការនៅតែបន្តកោះហៅខាងលោកទៅម្ដងជាពីរដដងដើម្បីដោះស្រាយបន្តប៉ុន្តែការចរចាមិនត្រូវរ៉ូវគ្នា។
រថយន្តរបស់ជុំ លីណូកាលមិនទាន់មានគ្រោះថ្នាក់
លោកជុំ លីណូ បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ។ រថយន្តរបស់លោក ដែលទិញជិត១ម៉ឺនដុល្លារនោះ លក់បានត្រឹមតែ១២០០ ដុល្លារប៉ុណ្ណោះ។ តារាដែលចូលចិត្តចាក់ក្បាច់តាម Michael Jackson បានប្រាប់ទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ លោកបានចំណាយអស់ខ្ទង់២ម៉ឺនដុល្លារ ដោយបូកទាំងការខូចខាត សំណង និង ការចាយវាយផ្សេងៗ។
ទោះបីជា សំណុំរឿងនេះនៅមិនទាន់ចប់នៅឡើយ តារាច្រៀងរូបនេះទទូច និងសង្ឃឹមថា ភាគីតុលាការនឹងអនុគ្រោះលើកលែងការចោទប្រកាន់ ក្នុងពេលឆាប់ៗនេះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់លោក ជុំ លីណូ បានកើតឡើងកាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ម៉ោងប្រមាណ ៦ ព្រឹក ស្ថិតក្នុងទឹកដី ស្រុកពួក ខេត្ត សៀមរាប ដោយឡានរបស់លោកបើកបរដោយបងជីដូនមួយ បានបើកបុកម៉ូតូ C125 មួយគ្រឿង ជិះគ្នា២នាក់។ ហេតុការណ៍នោះ បានធ្វើឲ្យស្ត្រីវ័យជាង៥០ឆ្នាំ ម្នាក់បានស្លាប់ និង ក្មេងស្រីវ័យខ្ទង់១៨ឆ្នាំ ម្នាក់រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗ អ្នកបើកបររថយន្ត ត្រូវបានប៉ូលិសឃាត់ខ្លួន ចំណែករថយន្តបង្កម៉ាក Celica ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2W-1055 រួមនិងម៉ូតូ ត្រូវបានប៉ូលិស យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ។
បច្ចុប្បន្ន អ្នកបើកបររថយន្តដែល តារាចម្រៀងជុំ លីណូ អះអាងថា ជាបងជីដូនមួយ របស់ខ្លួន ត្រូវបានប៉ូលិស ដោះលែងហើយបន្ទាប់ពី ជនរងគ្រោះព្រមទទួលសំណង៕
អត្ថបទ៖ ខុត សីហា