៤​ជំហាន​​​​​សង្គ្រោះ​​​​ខ្លួន​ឯង​ឲ្យ​​​​រួច​​ផុត​ពី​​​​មនុស្ស​គ្មាន​ស្នេហ៍​ស្មោះ​

  • 2014-09-26 16:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ធ្លាប់​មាន​បទ​ពិសោធន៍​ស្នេហា​ មួយ​ចំនួន​បាន​លើក​ឡើង​ថា​ មនុស្ស​ស្រលាញ់​គ្នា​ស្មោះ​ ចង់​រស់​នៅ​បង្កើត​គ្រួសារ​ជាមួយ​គ្នា​មែន​ ប្រាកដ​ជា​មាន​ឆន្ទៈ​ធ្វើ​អ្វី​ៗ​ឲ្យ​ដៃ​គូ​ខ្លួន​មាន​សង្ឃឹម​មិន​ខាន។​​ ប៉ុន្តែ​បើ​គេ​ធ្វើ​អ្វី​លាក់​ៗ​ សោះ​អង្គើយ​ ឬ​មិន​ប្រាកដប្រជា​ ​គេ​ច្បាស់​ជា​មិន​មាន​ស្នេហ៍​ស្មោះ​នោះ​ទេ។ គេ​ថា​ បើ​យុវវ័យ​ណា​នៅ​បន្ត​ស្នេហា​របៀប​នេះ​ ហាក់​ដូច​ជា​កុហក​ខ្លួន​ឯង។ ប៉ុន្តែ​មិន​ទាន់​បាន​ឮ​ពាក្យ​សុំ​បែក​ចេញ​ពី​មាត់​គេ​ផង ​សុខ​ៗ​ស្រាប់​តែ​សម្រេច​ដើរ​ចេញ​ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ យុវវ័យ​ខ្លះ​ថា​ បើ​ពិបាក​ក្នុង​ការ​ដើរ​ចេញ​ គេ​អាច​មើល​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ចែក​រំលែក​ដោយ​យុវវ័យ​ផ្ទាល់​តែ​ម្ដង៖

 

កាត់​ចិត្ត​ឲ្យ​ដាច់ ​​ កញ្ញា​ សៅ និមល ​អាយុ​១៧​ឆ្នាំ​ សិស្ស​រៀន​ថ្នាក់​ទី​១០​ នៃ​​វិទ្យាល័យ​បឹង​ត្របែក​​​ប្រាប់​ថា៖ “ការ​កាត់​ចិត្ត​ពី​នរណា​ម្នាក់​ងាយ​ស្រួល ​ឬ​ក៏​ពិបាក​នោះ​ អាស្រ័យ​លើ​យើង​ ថា​តើ​យើង​ព្រម​ទទួល​ស្គាល់​ការពិត​កម្រិត​ណា។ យើង​គួរ​តែ​ចេះ​ប្រាប់​ខ្លួនឯង​ថា​ គេ​ពី​មុន​ទៅ​បាត់​ហើយ​ បំភ្លេច​គេ​ចោល​ទៅ។​ បើ​យើង​នៅ​រវល់​តែ​គិត​ថា​ គេ​នៅ​ស្រលាញ់​យើង​ យើង​មិន​អាច​កាត់​ចិត្ត​បាន ​ឡើយ ប៉ុន្តែ​បើ​យើង​ប្រាប់​ខ្លួនឯង​ថា​ ការពិត​គេ​មិន​បាន​ស្រលាញ់​យើង​ទេ​ គេ​មិន​ត្រូវការ​យើង​ វា​នឹង​ធ្វើ​ឲ្យ​យើង​គិត​ថា​ចង់​ទៅ​ឲ្យ​ផុត​ៗ​ពី​មនុស្ស​ដូច​ជា​គេ”។

អាន​អត្ថបទ៖ ក្បួន​ស្រោចស្រង់​ជីវិត​​យុវវ័យ​គួរ​តែ​ដឹង​​បើ​​​​​​បែក​ឬ​របូត​​​ស្រោម​ពេល​ប្រតិបត្តិការ

 

 

 រូបតំណាង

ដាស់​ខ្លួនឯង​ឲ្យ​ភ្ញាក់

យុវសិស្ស​ លី ប៊ុន​ឆាយ​ អាយុ​១៨​ឆ្នាំ​ សិស្ស​រៀន​ថ្នាក់​ទី​១២​ នៃ​វិទ្យាស្ថាន​ប៊ែរធី​​​លើក​ឡើង​ថា​​៖ "​​ នៅ​ជាមួយ​មនុស្ស​ដែល​​យើង​មិន​ស្រលាញ់​អាច​ទ្រាំ​បាន ​តែ​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ស្រលាញ់​យើង​ គ្រាន់​តែ​មួយ​នាទី​ ក៏​យើង​មាន​​អារម្មណ៍​ឈឺ​ចាប់​ទៅ​ហើយ”។ ប៊ុនឆាយ​ បន្ត​ទៀត​ថា៖ ”មាន​តែ​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ គឺ​ឈប់​រស់​នៅ​ក្នុង​អតីត​កាល​ជាមួយ​គេ តែ​ត្រូវ​រស់​នៅ​ក្នុង​ បច្ចុប្បន្នកាល​ដែល​គ្មាន​គេ​ ព្រោះ​គេ​ឈប់​ស្រលាញ់​យើង​ហើយ​ វា​ប្រៀប​ដូចជា​ការ​​ជះ​ទឹក​ដាក់​ខ្លួន​ឯង។ បើ​យើង​ធ្វើ​មិន​បាន​ យើង​ប្រាកដ​ជា​នៅ​តែ​យល់សប្ដិ​បែប​នេះ​គ្មាន​ថ្ងៃ​ភ្ញាក់​ទេ”។

 

ឈប់​ធ្វើជា​មនុស្ស​ល្ងង់

មិន​ខុស​គ្នា​ប៉ុន្មាន​ កញ្ញា សុខ អ៊ីម​ អាយុ​១៨​ឆ្នាំ​ សិស្ស​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ បាន​និយាយ​ថា​៖ ”ស៊ូ​នៅ​ម្នាក់​ឯង​ប្រសើរ​ជាង។ ទោះ​ក្លែង​ធ្វើ​ជា​ល្ងង់​ ត​ទៅ​ទៀត​ ក៏​មិន​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រសើរ​ឡើង​ដែរ​ មាន​តែ​ខ្លួន​ឯង​ឈឺ​ចាប់។​ កាន់​តែ​ជិត​ កាន់​តែ​មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ។ ដៃ​ឈោង​ដល់​ តែ​ចិត្ត​ចូល​មិន​ដល់​ទេ”។

 

ព្រម​ទទួល​ស្គាល់​ការ​ពិត ​ កញ្ញា​ ជា លី​ម៉ី ​អាយុ​២២​ឆ្នាំ​ និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ បាន​រៀបរាប់​ថា​៖ “ផ្លូវ​ចេញ​តែ​មួយ​ដែល​ល្អ​បំផុត​គឺ​ ព្រម​ទទួល​ស្គាល់​វា​ឲ្យ​បាន​ ប៉ុន្តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ទេ​ វា​ប្រៀប​បី​ដូច​យើង​រត់​គេច​ពី​អ្វី​ម្យ៉ាង​ គឺ​រត់​ទៅ​កាន់​ទី​ងងឹត​មួយ។ នៅ​ទី​បំផុត​ក៏​រក​ផ្លូវ​ចេញ​លែង​ឃើញ។ វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​និង​ខ្លោចផ្សា​ណាស់។ យល់​ល្អ​​ឈរ​នៅ​កន្លែង​ណា​ដែល​មាន​ពន្លឺ​ ដូច្នេះ​យើង​អាច​ដឹង​ថា​ គួរ​ឈាន​ជើង​ទៅ​ផ្លូវ​ណា​បន្ត​ទៀត​ដែរ”។ ចុះ​មិត្ត​យុវវ័យ​វិញ​មាន​របៀប​បំភ្លេច​របស់​ខ្លួន​យ៉ាង​ណា​ដែរ?

អាន​អត្ថបទ៖ សុំ​រួម​រក្ស​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់?

 

អត្ថបទ៖ លឹម​ សុ​នា

អត្ថបទថ្មី