​ក្បួន​ស្រោចស្រង់​ជីវិត​​យុវវ័យ​គួរ​តែ​ដឹង​​បើ​​​​​​បែក​ឬ​របូត​​​ស្រោម​ពេល​ប្រតិបត្តិការ

  • 2014-09-26 00:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្ទង់​មតិ​កន្លង​មក​​ឃើញ​ថា​ យុវវ័យ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួម​ភេទ​ មិន​បាន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទេ​ ក្រៅ​ពី​ដេក​ភ័យ​បន់​រក​តែ​ពុទ្ធោ​​​​​ និង​រង់ចាំ​មើល​លទ្ធផល​ធ្វើ​តេស្ត​ឈាម​ ប្រសិន​បើ​ពួក​គេ​ថ្លោះ​ធ្លោយ​ធ្វើ​ឲ្យ​បែក​ស្រោម​ ពេល​​​​ប្រតិបត្តិ​ការ​សឹក​ជ​លើ​គ្រែ​​​។ ​យុវវ័យ​ជា​ច្រើន​​​​ពុំ​បាន​ដឹង​ថា​ មាន​ថ្នាំ​អាច​​សង្គ្រោះ​ពេល​ភ្លាត់​ស្នៀត​​​។

​ទាំង​ការ​ងឿង​ឆ្ងល់​ថា៖ “ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​រួម​ភេទ​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​ដឹង​ពី​រឿង​បង្ការ​ពេល​រួមភេទ​បែក​ស្រោម​ ហ្នឹង​​សោះ។ ​ប្រសិន​បើ​ខ្ញុំ​ប្រឈម​នឹង​បញ្ហា​នេះ​ខណៈ​ពេល​ប្រតិបត្តិ​ការ​អីចឹង​មែន​ ខ្ញុំ​ប្រហែល​ជា​ដេក​ភ័យ​ រង់ចាំ​លទ្ធផល​ពិនិត្យ​ឈាម​ហើយ​មើល​ទៅ​ ព្រោះ​មិន​ដែល​បាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ”។

 

មាន​ស្រុក​កំណើត​នៅ​ខេត្ត ​តាកែវ​ សម្បុរ​ស​ រាង​ខ្ពស់​ស្រលះ​ យុវជន​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ មករា ​អាយុ​២៤​ឆ្នាំ​ ក៏​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ។ “ប្រសិន​បើ​ចៃដន្យ​ ពេល​រួម​ភេទ​ជាមួយ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ ភ្លាត់​ស្នៀត​បែក​ស្រោម​ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដែរ​ មាន​តែ​ប្រញាប់​ប្រញាល់​ទៅ​សំអាត​ខ្លួន​ចេញ​ទេ។​ ក្រៅ​ពី​នេះ​មាន​តែ​រង់ចាំ​មើល​ឈាម​ទេ”។ មករា បញ្ជាក់​យ៉ាង​ដូចនេះ។

អាន​អត្ថបទ៖ ៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

រូប​តំណាង (រូបភាព​ពី៖ wisegeek)

ចំពោះ ​យុវជន​ វីរៈ ​ឯណោះ​វិញ​ ក៏​មិន​បាន​ដឹង​ពី​ថ្នាំ​ការពារ​មេរោគ​អេដស៍​ដែរ​ បើ​ទោះ​បី​ជា​កន្លង​មក​ វីរៈ​ ធ្លាប់​មាន​បទពិសោធន៍​នៃ​ការ​រួម​ភេទ​ច្រើន​ដង​ក៏​ដោយ។ វីរៈ​ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ “ខ្ញុំ​ធ្លាប់​រួម​ភេទ​ជា​មួយ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ ហើយ​របូត​ស្រោម​ពីរ​បី​ដង​ដែរ​ តែ​មិន​ដឹង​ធ្វើ​ម៉េច​ មាន​តែ​ដេក​ភ័យ​ រង់​ចាំ​ពិនិត្យ​ឈាម​ប៉ុណ្ណោះ។ សំណាង​ល្អ​ដែល​លទ្ធផល​ចេញ​មក​អត់​មាន​អ្វី​កើត​ឡើង​ កុំ​អី​ចប់​ហើយ​អនាគត​ខ្ញុំ”។

អាន​អត្ថបទ៖ រឿង​ពិត​នៅ​​ពី​ក្រោយ​វាំង​នន​ម៉ាហ្សា

 

ចំណែក​ឯ​ យុវជន កក្កដា ​ជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុម​ហ៊ុន​ឯកជន​មួយ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា៖​ ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​មាន​លក់​ថ្នាំ​ការពារ​មេរោគ​អេដស៍​នៅ​តាម​ឱសថ​ស្ថាន​ ក៏​ដូច​ជា​ពេទ្យ​រដ្ឋ​មួយ​ចំនួន​ តាម​រយៈ​​មិត្តភ័ក្ដិ​ខ្ញុំ​  តែ​មិន​ច្បាស់​ប៉ុន្មាន​ទេ​​ ព្រោះ​មិន​ដែល​ថ្លោះ​ធ្លោយ​ដល់​ថ្នាក់​បែក​ស្រោម​ផង។ រាល់​ពេល​ដំណើរ​ការ​ម្ដង​ៗ​ ឃើញ​ថា​អត់​មាន​បញ្ហា​អ្វី​ទេ​ តែ​បើ​ថ្ងៃ​ណា​មួយ​ រហែក​ស្រោម​ ខ្ញុំ​ប្រហែល​ជា​ភ័យ​ស្លាប់​ហើយ​ ជា​ពិសេស​គឺ​ខ្លាច​មេរោគ​អេដស៍​តែ​ម្ដង”។

ទាក់​ទង​នឹង​បញ្ហា​បែក​ ស្រោម​ពេល​ប្រតិបត្តិការ​នេះ​ ប្រធាន​​បណ្ដុះ​បណ្ដាល​នៃ​គ្លីនិក​រ៉ាក់​ លោក ម៉ៅ វណ្ណៈ ​បាន​ពន្យល់​ថា​ យុវវ័យ​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​ ទាក់​ទង​នឹង​បញ្ហា​សុខភាព​ត្រង់​ចំណុច​នេះ។

 

លោក​បាន​បន្ត​ទៀត​ថា​៖ “ប្រសិន​បើ​យុវវ័យ​មាន​ការ​ថ្លោះ​ធ្លោយ​ បែក​ស្រោម​ខណៈ​ពេល​រួម​ភេទ​​ ហើយ​ពួក​គេ​មិន​ទុក​ចិត្ត​ថា​ដៃ​គូ​របស់​គេ​មាន​ផ្ទុក​មេរោគ​អេដស៍​ ឬ​អត់​នោះ​ ពួក​គេ​អាច​មក​រក​សេវា​កម្ម​នៅ​គ្រប់​ទីតាំង​គ្លីនិក​រ៉ាក់​ ទូទាំង​ខេត្ត​ក្រុង​បាន​ តែ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ហួស​រយៈ​ពេល​៣៦​ម៉ោង​ទេ។ គេ​មាន​ថ្នាំ​ម្យ៉ាង​ដែល ​តម្រូវ​ឲ្យ​​លេប​ចំនួន​២៨​ថ្ងៃ​ជាប់​គ្នា​ ក្នុង​ការ​បង្ការ​ការ​ឆ្លង​មេរោគ​នេះ។ បើ​អ្នក​បែក​ស្រោម​ពេល​រួម​ភេទ​ មិន​គួរ​រង់​ចាំ​ដល់​៣៦​ម៉ោង​ទេ​ គួរ​តែ​មក​រក​អន្តរាគមន៍​ឲ្យ​លឿន​កាន់​តែ​ល្អ”។

 

សម្រាប់​អ្នក​ដែល​ ប្រទះ​បញ្ហា​នេះ​ អាច​ទំនាក់​ទំនង​ទៅ​កាន់​គ្លីនិក​រ៉ាក់​តាម​ទូរសព្ទ​លេខ​ ០៨៨​ ៧ ១០៧ ១០៧​ ឬ​ ០៨៩​ ៣៣៣ ៩៩០​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

 

តើ​មាន​យុវវ័យ​ណា​ខ្លះ​ បាន​ដឹង​ពី​សេវា​កម្ម​ថ្នាំ​ការពារ​មេរោគ​អេដស៍​នេះ​ដែរ​ឬទេ?