Smart បិទ​ផ្លូវ​ហាង​នានា​ដែល​ចង់​​យក​​ iPhone លក់​បន្ត

  • 2014-11-28 17:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ពី Apple ក្នុង​ការ​នាំ iPhone មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​គិត​ពិចារណា​​ ក្នុង​ការ​បើក​លទ្ធភាព​ឲ្យ​​​​ហាង​នានា​​មាន​សិទ្ធិ​នាំ​​​​​ iPhone ​ពី​ក្រុមហ៊ុនលក់​បន្ត​ដល់​អតិថិជន​នៅ​ឡើយ​ទេ។

 

 

ការបញ្ជាក់​បែប​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Smart បាននាំ iPhone 6/6PLus មក​លក់​និង​ចែកចាយ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា និង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Apple។

 

លោក Thomas Hundtl អគ្គនាយក​ក្រុមហ៊ុន Smart ឆ្លើយតប​ក្នុង​បទ​សម្ភាសន៍​ពិសេស​មួយ​ជាមួយ Sabay ថា Smart ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មួយ​គត់​នៅ​កម្ពុជា ដែល Apple ផ្ដល់​សិទ្ធិ​ក្នុង​ការ​នាំទូរសព្ទ iPhone មក​លក់​និង​ចែកចាយ​នៅ​ទីផ្សារ​កម្ពុជា។

 

លោក​បញ្ជាក់​ថា សម្រាប់​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ដៃគូ​ក៏​ដូចជា​បណ្តា​ហាង​នានា​ទទួល​​បាន​សិទ្ធិ​លក់​​និ​ងចែកចាយ​ iPhone បន្ត​​​ពី​ក្រុមហ៊ុន គឺ ក្រុមហ៊ុននៅ​មិនទាន់មាន​ការ​សម្រេច​​នៅ​ឡើយ​ទេ ប៉ុន្តែ​​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​។

 

តាម​​​បណ្តា​ហាង​ទូរសព្ទ​នានា ទូរសព្ទ iPhone ​ត្រូវ​​គេ​ដាក់​​លក់​យ៉ាង​​ព្រោងព្រាត​ ប៉ុន្តែ​​មិន​មាន​​​​ប្រភព​​​​នាំ​ចូល​ច្បាស់លាស់ និង​​មិន​មាន​​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Apple។

 

“ពេល​នេះ​យើង​មិន​ទាន់​ផ្តល់​ឲ្យ​​ ប៉ុន្តែ​ពេលក្រោយ​ក៏​មិន​​ទាន់​អាច​ថា​បាន​ដែរ"។ លោក Thomas បញ្ជាក់​បន្ថែម។

 

អតិថិជន​អាច​រក​ទិញ​បាន​ iPhone នៅ​ក្នុង​ក្រុមហ៊ុន Smart និង​តាម​បណ្តា Smart Shop នានា ដែល​ក្រុមហ៊ុន​​បញ្ជាក់​ថា អតថិជន​នឹង​ទទួល​បាន​ការ​ធានា​ពី Apple រួម​ទាំង​​អត្ថប្រយោជន៍​​ជា​ច្រើន​ទៀត។ យ៉ាងណា ក្រៅ​ពី​ Smart ក្រុមហ៊ុន iOne ក៏​​ជា​ក្រុមហ៊ុនក្នុង​ស្រុក​មួយ​ទៀត​​ដែល​ទទួល​​បាន​សិទ្ធិ​នាំ​ iPhone មក​លក់​និង​ចែកចាយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​។

 

បន្តអាន៖ ហាង​​​នានា​​​​ទប់​មិន​ឈ្នះ​ iPhone ​តម្លៃ​ទាប​លក់​ពី​ក្រុមហ៊ុន

បន្តអាន៖ រក​គូព្រេង​តាម​​ Facebook ឆុត​មិន​ឆុត​សាក​សិន​បាន​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី