ហាង​​​នានា​​​​ទប់​មិន​ឈ្នះ​ iPhone ​តម្លៃ​ទាប​លក់​ពី​ក្រុមហ៊ុន​

  • 2014-11-26 19:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន Smart និង iOne បាន​នាំ iPhone 6/6Plus មក​លក់​ជា​ផ្លូវការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​បណ្ដា​ហាង​នានា​មានការ​ព្រួយ​បារម្ភ ដោយសារ​តែ​តម្លៃ​លក់​ចេញ​ពី​ក្រុមហ៊ុន​ទាប​ជាង​តម្លៃ​លក់​នៅ​តាម​ហាង​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​ទិញ​ប្រើប្រាស់​របស់​អតិថិជន។

 

 

លោក សុខ លី ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី បាន​ឲ្យ​ដឹង​ថា ការ​លក់​របស់​លោក​កំពុង​រង​ផល​ប៉ះពាល់​ជា​ខ្លាំង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​នាំ​ចូល​ iPhone 6/6Plus មក​លក់​ជា​ផ្លូវការ និង​លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ខាង​ក្រៅ។

 

“គេ​លក់​ទាប​ជាង​យើង យើង​ប្រាកដ​ជា​ស្លាប់​​ហើយ​ពេល​នេះ ដោយសារ​តែ​យើង​មិន​អាច​ប្រកួតប្រជែង​តម្លៃ​គេ​បាន"។

 

ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ថា លោក​មិន​អាច​បន្ទាប​តម្លៃ​បាន​ទេ​ដោយសារ​ការ​ទិញ​ចូល​មក​ថ្លៃ ហើយ​បើ​លក់​ថោក​ជាង​នេះ នឹង​ឡុងចុង​ជា​មិន​ខាន។

 

អាជីវករ​លក់​ទូរសព្ទ​មួយ​រូប​ទៀត​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូចគ្នា។ លោក ផេង ម្ចាស់​ហាង​លក់​ទូរសព្ទ​មួយ​រូប​នៅ​ម្តុំ​ផ្សារដើមគរ​ប្រាប់​ថា ការ​លក់​នៅ​ហាង​របស់​លោក​ក៏​មាន​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ។

 

“ចាប់​តាំង​ពី​ក្រុមហ៊ុន​ប្រកាស​នាំ iPhone មក​លក់​ និង​អះអាង​ពី​តម្លៃ​ទាប​ជាង​ទីផ្សារ​ខាង​ក្រៅ ធ្វើ​ឲ្យ​ការ​លក់​របស់​យើង​ចាប់ផ្ដើម​ថយ​ចុះ"។

 

Smart បាន​ប្រកាស​លក់ iPhone 6 ចាប់​ពី​តម្លៃ ៧២៨ ដុល្លារ ដោយ​ភ្ជាប់​ជាមួយ​ការ​ធានា​ពី Apple រួម​ទាំង​ការ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​ iOne ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ​ iPhone មួយ​ទៀត​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក៏​​ដាក់​លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ខាង​ក្រៅ​និង​ផ្តល់​ការ​ធានា​ផង​ដែរ។

 

ម្ចាស់​ហាង​រូប​នេះ​ថា តម្លៃ​របស់​ក្រុមហ៊ុន​ទាប​ជាង​ទីផ្សារ​នៅ​តាម​ហាង ជាពិសេស​គេ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ទើប​ធ្វើ​ឲ្យ​អតិថិជន​ងាក​ទៅ​ទិញ​ប្រើប្រាស់ iPhone ពី​ក្រុមហ៊ុន​ច្រើន។

 

អាន Smart អះអាង​តម្លៃ​លក់​ iPhone ​របស់​ខ្លួន​ស្តង់ដា​ចេញ​ពី Apple

អាន Samsung អះអាង​ពី​​​កាន់កាប់​​​ទីផ្សារ​​​ទូរទឹកកក​នៅ​កម្ពុជា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា