រំជើបរំជួល!​ ​​តូច​​និង​ក្មេង​ជាង​​គេ ​តើ​យុវតី​ខ្មែរ​អាច​ឈ្នះ​​​ពាន​ពិភពលោក​​បាន​អត់? ​

  • 2014-11-28 18:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​​ដំណាក់​​កាល​រំជើបរំជួល​​ កំពុង​​​ចាំ​អ៊ុត​​​​​​ថា​តើ​​យុវតី​​ខ្មែរ ប៉ែន​ សុខអាន ​ដែល​តំណាង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល  ​​​នឹង​ឈ្នះ​ពាន​​​ពិភពលោក​​នៃ​ការ​ប្រកួត​ វោហារ​សព្ទ​​ ​លើ​បេក្ខជន​​ដៃ​គូ​​ផ្ដាច់​ព្រ័ត្រ​​មក​ពី អាមេរិក អឺរ៉ុប និង​អាហ្វ្រិក​ ​​ដែរ​ឬ​យ៉ាង​ណា ​នៅ​ពេល​ដែល​​លទ្ធផល​នឹង​​​ទម្លាយ​​នៅ​​ថ្ងៃ​​សុក្រ​ទី ​២៨​វិច្ឆិកា​នេះ ​​ក្នុង​​សន្និបាត​ប្រចាំ​ឆ្នាំ​​​​របស់​​​បណ្ដាញ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ (JCI) ​ទូទាំង​ពិភពលោក​ ​ដែល​មាន​ឈ្មោះ​ថា ​2014 JCI World Congress  នៅ​ក្រុង Leipzig ​ប្រទេស​​ អាឡឺម៉ង់​​​​​​។

 

 

​​​មុន​​ពេល​​ទៅ​ដល់​​ឆាក​​ពិភពលោក​មិន​ធ្លាប់​មា​ន​សម្រាប់​យុវជន​​ខ្មែរ ប៉ែន សុខអាន ​កាល​ខែ​មេសា​​​ជា​ជើង​ឯក​ថ្នាក់​ជាតិ​នៃ​ការ​​ប្រកួត​​វោហារ​សព្ទ​ជា​សាធារណៈ​​ ដែល​រៀប​ចំ​ដោយ​ JCI កម្ពុជា​សាខា​​ចតុមុខ​។ រួច​​​ សុខអាន ​​វ័យ​១៨​ឆ្នាំ​ក៏​​​​​​បន្ត​ទៅ​​កាន់​​ការ​ប្រកួត​ថ្នាក់​តំបន់​នៅ​ JCI  Asia Pacific Conference នៅ​​ប្រទេស​ជប៉ុន​​ រហូត​ក្លាយ​ជា​​​​​​ម្ចាស់​ពាន​​​ប្រចាំ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​​ ​ដោយ​ការ​ផ្ដួល​យុវជន​ពី​ប្រទេស​​ផ្សេង​ៗ​ដូច​ជា ម្ចាស់​ផ្ទះ​ជប៉ុន ម៉ុងហ្គោលី ​ម៉ាឡេស៊ី ហ្វីលីពីន និង​ ឥណ្ឌា ជា​​ដើម។​

 

​​វិល​មក​​វេទិកា​​ប្រជែង​ថ្វី​​មាត់​ជា​ភាសា​អង់គ្លេស ​​ដណ្ដើម​​ពាន​រង្វាន់​ពិភពលោក (World Public Speaking Championship) ​​ដែល​ស្ថិត​ក្នុង​​ការ​វាយ​តម្លៃ និង​​​​ហៀប​​នឹង​​ប្រកាស​ជយលាភី​នេះ​វិញ​​​​ ធ្វើ​​ឡើង​ក្រោម​ប្រធាន​បទ​ « The greatest global movements have Been ignited by one Visionary Individual»​​ ឬ ​«​ចលនា​សកល​ដ៏​អស្ចារ្យ​​ កើត​ឡើង​​ពី​សកម្មភាព​នៃ​​ចក្ខុវិស័យ​របស់​បុគ្គល​​​ម្នាក់​ៗ»។

 

អ្នក​ស្រី ជា​ សុខលាង ​ប្រធាន​​សភា​យុវ​​ពាណិជ្ជករ​​អន្តរជាតិ​កម្ពុជា JCI សាខា​ចតុម្មុខ​​​​ ដែល​ជា​ស្ថាប័ន​រៀប​ចំ​​ចម្រាញ់​រក​យុវជន​ឆ្នើម ​​នៃ​​​​​​​ការ​ប្រកួត​​ តស៊ូ​មតិ​និង​វោហារ​សព្ទ ​តាំង​ពី​ថ្នាក់​ជាតិ​ រហូត​​ដឹក​នាំ​ទៅ​ប្រជែង​ថ្នាក់​តំបន់ និង​ពិភពលោក​ទៀត​នោះ ​​​​មិន​បាន​វាយ​តម្លៃ​​ក្ដី​​សង្ឃឹម​គ្រង​​ពាន​ ពិភពលោក​ របស់​​យុវតី​​ខ្មែរ​ មាន​ច្រើន​ប៉ុណ្ណា​ទេ តែ​ថា​វា​ជា​​​ឆាក​ថ្វី​មាត់​ដ៏​តាន​តឹង។

 

​ប៉ែន សុខអាន ​របស់​កម្ពុជា​ដែល​​តំណាង​ អាស៊ី​ប៉ាស៊ីហ្វិក​​​ មាន​អាយុ​តិច​ បើ​​ធៀប​នឹង​បេក្ខជន​៣​រូប​​ទៀត​ដែល​ជា​ជើងឯក​​មក​ពី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក ដែល​សុទ្ធ​តែ​មាន​វ័យ​ច្រើន​​​និង​​បទពិសោធន៍​ការងារ​ចាស់​ទុំ ខុស​ពី​ ប៉ែន ​សុខអាន​ កម្ពុជា​ដែល​កំពុង​រៀន​ថ្នាក់​មធ្យម​សិក្សា​នៅ​ឡើយ​​។

 

ប៉ែន សុខអាន និង​គូ​ប្រជែង​​ពាន​ពិភពលោក

ប៉ុន្តែ​អ្នក​​ស្រី​​​​ ជា សុខលាង ​ក៏​លើក​ឡើង​ថា​​​​នេះ​​​ជា​វេទិកា​​បើក​​​​​​​មុខ​មាត់​និង​កិត្តិយស​កម្ពុជា ដែល​មាន​យុវជន​ឆ្នើម​​​ឡើង​ទៅ​កាន់​​ការ​​​​ប្រកួត​សមត្ថភាព​​​​ដ៏​កំពូល​នេះ។ ​អ្នក​ស្រី​​បន្ត​ថា៖ ​"​​វា​បាន​បង្ហាញ​​​ពិភពលោក​ជា​ចំហ​ថា​​យុវជន​​ខ្មែរ​តូច​ក្មេង តែ​សមត្ថភាព​​​មិន​ក្មេង​ឡើយ​ ហើយ​វា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ដែល​យើង​​បញ្ជូន​យុវជន​យើង​ទៅ​កាន់​ ឆាក​ពិភពលោក​​។ ពីមុន​យើង​ធ្លាប់​តែ​ប្រកួត​​ត្រឹម​ថ្នាក់​តំបន់​​"។

​រង់ចាំ​អ៊ុត​ទាំង​អស់​គ្នា​មើល​ តើ​យុវតី​ខ្មែរ នឹង​​ឈ្នះ​ពាន​ ថ្វី​មាត់ ពិភពលោក​ជា​​ប្រវត្តិសាស្ត្រ​ឬ​យ៉ាង​ណា?

 

អត្ថបទ៖ ប៉ែន សុផាន់ណា​ រូបភាព៖ JCI Cambodia ​