ផលិតករ​មក​ពី​ ៦​ផលិតកម្ម​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នឹង​​ការ​ផលិត​កុន

  • 2014-12-02 01:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​មក​ពី​​ ៦​ផលិតកម្ម​​ផ្សេង​គ្នា​ បាន​ចូល​រួម​ជជែក​ពិភាក្សា​គ្នា​​ពី​បញ្ហា​ប្រឈម​នានា ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន នៅ​ស្នាក់​ការ​ផលិតកម្ម LD Picture រសៀល​នេះ។ ផលិត​កម្ម​ទាំង ៦​នោះ​មាន​ដូច​ជា LD Picture មហាហង្ស Angkor Picture ភូមិ​ពេជ្រ​ភាពយន្ត Rock និង 391 Film ។

ការ​ជជែក​ពិភាក្សា​គ្នា​រយៈ​ពេល​ជាង ២​ម៉ោង ជា​លទ្ធផល​តំណាង​ផលិត​ទាំង​៦​ខាង​លើ​បាន​សម្រេច​ចំណុច​ជា​រួម​៣​ដើម្បី​ដាក់​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​ដូច​ជា​ផលិតករ​ដទៃ​ទៀត​។

 

 

ចំណុច​រួម​ទាំង​បី​នោះ​មាន​ដូច​ជា ទី​១ ការ​កំណត់​ពន្ធ ១០​ភាគ​រយ ទី​២ ការ​បែង​ចែក​រវាង​ផលិតករ និង​រោង​កុន ៥០ និង​៤០ ទី៣ ការ​កែ​លម្អ​សមាគម​ភាពយន្ត។ ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture លោក ប៉ុល វិបូ ហៅ​នីត លើកឡើង​ថា​​ការ​ផលិត​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​ផលិតករ​ជួប​ឧបសគ្គ​ជា​ច្រើន ជា​ពិសេស​ចំណុច​ទាំង​បី​ខាង​លើ។ លោក ប៉ុល វិបូ បញ្ជាក់​ថា៖"យើង​ដឹង​ស្រាប់​ហើយ​ផលិតករ​យើង​សព្វ​ថ្ងៃ​នៅ​បែកខ្ញែក​គ្នា​ខ្លាំង ហើយ​ឧបសគ្គ​ជា​ច្រើន​កើត​ឡើង​ដូចៗ​​ តែ​មិន​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដោះ​ស្រាយ។ ដូច្នេះ​ថ្ងៃ​នេះ​ពួក​យើង​ចង់​រួម​គ្នា​ជា​គំនិត​មួយ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ"។  

  ដោយ​ឡែក​លោក លៀក លីដា ជា​ចាងហ្វាង​ផលិតកម្ម LD Picture ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​នេះ​ឡើយ បាន​និយាយ​ថា​ ការ​ជួប​ជុំ​គ្នា​ថ្ងៃ​នេះ ដោយ​មាន​៣​ចំណុច​​គ្រោង​នឹង​យក​ទៅ​ពិភាក្សា​ជា​មួយ​ក្រសួង​ ក៏​ដូច​ជា​ផលិតករ​ដទៃ មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើង​ទេ។ ប៉ុន្តែ​តាម​ការ​សម្រេច​ពី​អង្គ​ប្រជុំ​ផលិតករ​គ្រប់​រូប​សង្ឃឹម​ថា​ នឹង​អាច​មាន​ច្រក​មួយ​ចេញ​រួច​ក្នុង​ការ​ធ្វើ​ឱ្យ​ផលិតករ​នានា​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​តទៅ​ទៀត។ ផលិតករ​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា៖"បើ​យើង​ម្នាក់ៗ​​អង្គុយ​នៅ​ស្ងៀម​បែប​នេះ​មិន​កើត​ទេ យើង​ត្រូវ​គ្នា​គិត​ដើម្បី​រក​វិធី​ណា​មួយ​ល្អ​ប្រសើរ​ជាង​នេះ ទើប​ជីវិត​ជា​អ្នក​ផលិត​កុន​ដូច​ពួក​យើង​មាន​សង្ឃឹម​ទៅ​ថ្ងៃ​ខាង​មុខ"។

 

រីឯ​លោក ដើង ពុទ្ធពណ៌ ចាងហ្វាង​ផលិត ភូមិ​ពេជ្រ​ភាពយន្ត បាន​គាំទ្រ​ចំណុច​ទាំង​បី​ខាង​លើ​ក្នុង​ការ​យក​ទៅ​ជជែក​ពិភាក្សា​ជា​មួយ​ក្រសួង​វប្បធម៌ រួម​នឹង​ផលិតករ​ផ្សេង​ទៀត។ ក្នុង​ចំណោម​ចំណុច​ទាំង​បី​ខាង​លើ​​អ្វី​ដែល​លោក​ចាំ​អារម្មណ៍​​បំផុត​គឺ​ការ​យក​ពន្ធ ១០​ភាគ​ពី​រាជរដ្ឋាភិបាល ធ្វើ​ឱ្យ​ផលិតករ​នានា​រារែក​ក្នុង​ការ​ផលិត​កុន​មួយ​ឱ្យ​មាន​កម្រិត​ស្តង់ដារ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖"យើង​ដឹង​ហើយ​​ផលិតករ​ម្នាក់​ពួកគាត់​ពុះពារ​ណាស់​ក្នុង​ការ​ផលិត​កុន ព្រោះ​ឧបសគ្គ​ជា​​ច្រើន​បាន​រារាំង តែ​រដ្ឋាភិបាល​មិន​ព្រម​កាត់​ពន្ធ​ពី​រោង​កុន​តែ​ បែរ​ជា​មក​កាត់​ពី​ផលិតករ។ នេះ​ជា​អ្វី​ខ្ញុំ​ចង់​និយាយ​បំផុត​ពេល​ប្រជុំ​ថ្ងៃ​មុខ"។

 

  តំណាង​ផលិតកម្ម​ទាំង​ ៦​រូប​ខាង​លើ​មិន​ទាន់​សម្រេច​ថា​នឹង​យក​ចំណុច​ទាំង​៣​ខាង​លើ​ទៅ​ជជែក​ពិភាក្សា​ជា​មួយ​ក្រសួង និង​ផលិតករ​ដទៃ​ទៀត​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ។ មិន​ទាន់​ប្រាកដ​ក៏​ព្រោះ​តែ​ក្រុម​ផលិតករ​ទាំង​នេះ​កំពុង​តែ​​រៀប​ចំ​ឯកសារ​នានា​ដើម្បី​ដាក់​ជជែក​ពិភាក្សា។ ការ​ជជែក​ពិភាក្សា​ពី​ផលិតករ​ទាំង​៦​រូប​នេះ ធ្វើ​ឡើង​ខណៈ​​ការ​ផលិត​ខ្សែ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​មាន​សន្ទុះ​កើន​ឡើង​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្នុង​ឆ្នាំ​២០១៤​តែ​ម្ដង៕   អត្ថបទ៖ អ៊ីង សុឡា