ថន លក្ខិណា ដើរ​លុកលុយ​ស្ថានីយ​ទូរទស្សន៍​​ជា​​ច្រើន​នៅ​ថៃ

  • 2014-12-02 17:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​ពេល​ជិត​១​សប្ដាហ៍​កញ្ញា ថន លក្ខិណា តារា​សម្ដែង ដើរ​ម៉ូដ និង​ជា​ពិធីការិនី​ទូរទស្សន៍ CTN បាន​ដើរ​ចូល​ស្ថានីយ​ទូរទស្សន៍​ថៃ​ជា​ច្រើន ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​ភាពយន្ត​ខ្នាត​ធំ​របស់​នាង "The Return” ដែល​នាង​សម្ដែង​គូ​ជាមួយ​តួ​ឯក​ប្រុស​របស់​ប្រទេស​នេះ។

 

 

បេសកកម្ម​នេះ លក្ខិណា ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់២-៣​ស្ថានីយ​ទូរទស្សន៍​របស់​ថៃ ដែល​នាង និង​ក្រុម​ការងារ​ក្នុង​រឿង "The Return” បាន​ទៅ​ដល់។ "មួយ​ថ្ងៃ ហោច​ណាស់​ក៏​ពីរ​បី​ស្ថានីយ​ដែរ​បង...បើ​សរុប​ទៅ ម៉ា​រួច​រាល់​ប្រមាណ​ជា​ជិត​១០​ស្ថានីយ​ដែរ តែ​ខ្ញុំ​អត់​ចាំ​ថា​ស្ថានីយ​អី​ខ្លះ​ទេ ព្រោះ​ស្ថានីយ​ទូរទស្សន៍​ស្រុក​គេ​ច្រើន​ណាស់​បង ចាំ​ជាង​គេ​តែ​ប៉ុស្តិ៍​លេខ​៧ ដែល​ខ្មែរ​យើង​ភាគ​ច្រើន​ស្គាល់។ម្យ៉ាង​ទៀត ប៉ុស្តិ៍​បាន​ផ្សាយ​ផ្ទាល់​ពី​ពួក​នាង​ខ្ញុំ​ផង"។

 

 

កញ្ញា ថន លក្ខិណា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២៣ វិច្ឆិកា ឆ្ពោះ​ទៅ​ប្រទេស​ថៃ។ នេះ​ជា​ដំណើរ​លើក​ទី​២​របស់​នាង​ទៅ​ប្រទេស​នេះ ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ខ្នាត​ធំ​ដែល​ចូល​រួម​ស្ដែង​ដោយ​តារា​៤​ប្រទេស(ខ្មែរ ថៃ ឡាវ និង មីយ៉ាន់ម៉ា)។ "The Return” ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ចុះ​ផ្សាយ​ថា ជា​ភាពយន្ត​បើក​ទំព័រ​សមាហរណកម្ម​អាស៊ាន ២០១៥។

 

តារា​ស្រី​មាន​កំណើត​នៅ​ខេត្ត​កោះកុង​រូប​នេះ ថ្លែង​ថា នាង​សប្បាយ​រីករាយ និង​មោទនភាព​មែន​ទែន។ “នេះ​ជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​នាង​ខ្ញុំ...និយាយ​ទៅ លើក​នេះ​សប្បាយ​ណាស់ ទី​១​បាន​ចូល​ស្គាល់​ស្ថានីយ​ទូរទស្សន៍ និង​ជួប​ជា​មួយ​តារា​ល្បី​គេ​ជា​ច្រើន។ ទី​២​ទៀត រឹត​តែ​មាន​មោទនភាព ពេល​ពិធីករ​គេ​តែង​និយាយ​ថា ថន លក្ខិណា តារា​តំណាង​កម្ពុជាៗ...ស្ដាប់​ទៅ​គួរ​ឲ្យ​មោទនភាព​ណាស់!”។

 

ពិធីការិនី​កម្មវិធី​សំណើច​តាម​ភូមិ​រូប​នេះ ប្រាប់​បន្ត​ថា រៀង​រាល់​ពេល​ចូល​កម្មវិធី​របស់​ទូរទស្សន៍​ថៃ គ្រប់​ពេល​គឺ​នាង​ស្លៀក​ពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ ហើយ​ការ​ពិភាក្សា​តែង​ផ្ដើម និង​បញ្ចប់​ដោយ​ភាសា​ខ្មែរ។ "ពេល​ជម្រាប​សួរ និង​ជម្រាប​លា​ខ្ញុំ​សំពះ និង​និយាយ​ភាសា​យើង តែ​ក្នុង​កិច្ច​សន្ទនា ខ្ញុំ​និយាយ​ថៃ ព្រោះ​ពេល​ខ្លី មិន​អាច​និយាយ​ផង​បក​ប្រែ​ផង​ទាន់​ទេ"។

 

 

កញ្ញា ថន លក្ខិណា បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា។ ប៉ុន្តែ​នាង​ប្រាប់​ថា នឹង​ត្រឡប់​ទៅ​វិញ​ម្ដង​ទៀត​នៅ​រង្វង់​ពីរ​សប្ដាហ៍​ក្រោយ ដើម្បី​ទំនាក់​ទំនង​ការងារ​ជាមួយ​មន្ទីរ​ពេទ្យ​មួយ​របស់​ថៃ។

 

ភាពយន្ត "The Return” ជា​ភាពយន្ត​រឿង​ខ្មោច​ដែល​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ប្រទេស​ទាំង​៤ ខ្មែរ ថៃ ឡាវ និង​មីយ៉ាន់ម៉ា។ កញ្ញា ថន លក្ខិណា គឺ​ជា​តារា​ខ្មែរ​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​សារព័ត៌មាន​ថៃ អះអាង​ថា​ជា​ភាពយន្ត​បើក​ទំព័រ​សមាហរណកម្ម​អាស៊ាន ២០១៥។ ភាពយន្ត​នេះ​បាន និង​កំពុង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​តាម លក្ខិណា "The Return” នឹង​មក​ដល់​ប្រទេស​កម្ពុជា​យើង​ឆាប់​ៗ ព្រោះ​បាន​បញ្ជូន​មក​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រួត​ពិនិត្យ​ហើយ៕

អត្ថបទ៖ ថន លក្ខិណា ត្រៀម​ទៅ​ជួប មីយ៉ាន់ម៉ា ឡាវ នៅ​ថៃ

 

ថន លក្ខិណា និង​តួ​ឯក​ប្រុស​ក្នុង​រឿង "The Return"

 

អត្ថបទ៖ ទារិកា