សូម្បី​​អ្នក​និពន្ធ​បទ "ស្មោះ​បង​អូន​ស្លាប់​អី" ក៏​មោទនភាព​ចំពោះ ប៊ុត សីហា ដែរ!

  • 2014-12-04 22:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ម្ចាស់​ជយលាភី The Voice Cambodia ប៊ុត សីហា ប្រហែល​ជា​ទស្សនិកជន​នៅ​ចងចាំ​បទ​ចម្រៀង "ស្មោះ​បង​អូន​ស្លាប់​អី" ដែល​បេក្ខជន​រូប​នេះ បាន​យក​មក​ច្រៀង​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ផ្សេង​ទៀត​ ដើម្បី​ដណ្ដើម​ការ​គាំទ្រ​ពី Coach និង​ទស្សនិកជន។

 

កញ្ញា ស៊ិន ធារី ប្រាប់​ Sabay ព្រឹក​នេះ​ថា បទ "ស្មោះ​បង​អូន​ស្លាប់​អី" ហាក់​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ទៅ​វិញ និង ​មាន​ការ​គាំទ្រ​បន្ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​កម្មវិធី​លំដាប់​ពិភព​លោក​មួយ​នេះ​បញ្ចប់​ទៅ ដោយ​ភាគ​ច្រើន​ឮ​គេ​ច្រៀង ឬ​ចាក់​ផ្សាយ​បទ​ចម្រៀង​នេះ​ជា​ហូរហែ នៅ​តាម​ទី​កន្លែង​នានា។ នេះ​ជា​ការ​ផ្ទុះ​ឡើង​ជា​ថ្មី នូវ​ស្នាដៃ​អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ។

 

កញ្ញា​និយាយ​ថា៖ "ក្នុង​នាម​ជា​អ្នក​និពន្ធ​បទ​នេះ ខ្ញុំ​មាន​មោទនភាព នៅ​ពេល​ដែល​ម្ចាស់​ជយលាភី ប៊ុត សីហា យក​ស្នាដៃ​របស់​ខ្ញុំ​ទៅ​ច្រៀង​ក្នុង​កម្មវិធី The Voice Cambodia ដែល​ទទួល​បាន​លទ្ធផល​ល្អ”។ នាង​ថា ម្ចាស់​ដើម ឆាយ វីរៈយុទ្ធ និង​ ជយលាភី ប៊ុត សីហា សុទ្ធ​តែ​មាន​សមត្ថភាព​ច្រៀង​បទ​នេះ​បាន​ល្អ។

 

ប៉ុន្តែ ធារី បាន​រំលឹក​រឿង​ហួស​ចិត្ត​មួយ​ថា បទ ​"ស្មោះ​បង​អូន​ស្លាប់​អី" នាង​បាន​ចំណាយ​ពេល​១​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សរសេរ​ជា​ទំនុក​ឲ្យ​ចេញ​ជា​រូបរាង​ឡើង ចុង​ឆ្នាំ​ ២០១៣​ កន្លង​ទៅ។ នោះ​ជា​ពេល​វេលា​ខ្លី​បំផុត​សម្រាប់​អ្នក​និពន្ធ​ជើង​ថ្មី​ដូច​ជា​រូប​នាង។ ប៉ុន្តែ​នោះ​ជា​កាតព្វកិច្ច ខណៈ​ផលិតកម្ម Sunday ចង់​ឲ្យ​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ ថត និង ​ចេញ​លក់​ទាន់​ពេលវេលា។

 

 

នាង​បន្ត​ថា៖" សំណាង​ហើយ​ពេល​នោះ មាន​អារម្មណ៍​ស្ងប់ស្ងៀម ខ្ញុំ​អាច​សរសេរ​បាន​បទ​មួយ​ចំនួន​ក្នុង​មួយ​យប់​នោះ កុំ​អី​ពិបាក​ហើយ"។ អ្នក​និពន្ធ​វ័យ​២៣​ឆ្នាំ​ខាង​លើ​អះអាង​ថា អារម្មណ៍​នឹងន ជា​ចំណុច​សំខាន់​សម្រាប់​អ្នក​និពន្ធ​គ្រប់​រូប ដើម្បី​និពន្ធ​បទ​មួយ ដែល​មាន​ព្រលឹង​វិញ្ញាណ។

 

ដំបូង​ឡើយ នាង​គ្មាន​សង្ឃឹម​បាន​ទទួល​ការ​គាំទ្រ​នោះ​ទេ ព្រោះ​គ្មាន​ពេល​វេលា​ពិនិត្យ​​បាន​ល្អិតល្អន់ ឬ​​កែ​ពាក្យពេចន៍​មួយ​ចំនួន​ឲ្យ​បាន​សមរម្យ​ឡើយ ព្រោះ​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត ត្រូវ​សរសេរ​ក្នុង​ពេល​ ១ ​យប់​នោះ។ ប៉ុន្តែ​នៅ​ពេល​ចេញ​លក់​ជា​ផ្លូវ​ការ ស្រាប់​តែ​មាន​ការ​គាំទ្រ​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។ នោះ​ជា​កម្លាំង​ចិត្ត​សម្រាប់​នាង ទោះ​បី​ជា​មាន​ការ​រារាំង​ពី​គ្រួសារ៕

 

-បទ "ស្មោះ​បង​​អូន​ស្លាប់​អី?"  ប៊ុត សីហា ច្រៀង​ក្នុង​វគ្គ​Live Show

 

http://youtu.be/v2IcXuXpeF8

 

- បង​"ស្មោះ​បង​អូន​ស្លាប់​អី?" របស់​ ឆាយ វីរៈយុទ្ធ

 

http://youtu.be/u5wlUGY6Qno

 

 

អាន​អត្ថបទ៖ លទ្ធផល...ពីរ​រឿង​គាប់ជួន​របស់ ឆន សុវណ្ណរា- ប៊ុត សីហា

អាន​អត្ថបទ៖ តារា​ខ្មែរ​អាមេរិក នឹង​ចេញ​បទ​ថ្មី​ស្ទីល​ប្លែក

 

អត្ថបទ៖ សំ ជំនាញ