QR Code បច្ចេកវិទ្យា​ថ្មី​​ អ្នក​ចាប់​អារម្មណ៍​ក៏​ខ្លាំង​ អ្នក​ងឿងឆ្ងល់​ក៏​ខ្លាំង

  • 2014-12-05 19:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

QR Code ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ប្រើ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​​លើ​ផលិតផល​អ្វី​មួយ ហើយ​គេ​អាច​ប្រើ​​ទូរសព្ទ​ក្នុង​ការ​ថត​យក​រូប​ភាព​នៃ​ QR Code នោះ​ ហើយ​វា​នឹង​​បម្លែង​ចេញ​ជា​​ព័ត៌មាន​លម្អិត​ជាក់លាក់​។

 

សព្វ​ថ្ងៃ​​បច្ចេកវិទ្យា​ QR Code ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​ក៏​លាយ​ឡំ​ភាព​ងឿង​ឆ្ងល់​ជុំវិញ​​បច្ចេកវិទ្យា​នេះ ខណៈ​មាន​ការ​ប្រើប្រាស់​​កាន់​តែ​ទូលំទូលាយ។

 

 

 

យុវជន​ សៀង ឌី មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​ នៅ​ពេល​ផ្ទាំង​​ផ្សាយ​ពាណិជ្ជកម្ម​​​មួយ​​មាន​ប្រើ​និមិត្ត​សញ្ញា QR Code។

 

"បច្ចេកវិទ្យា​​នេះ​ពិត​ជា​អស្ចារ្យ​ណាស់។ ខ្ញុំ​អាច​ទទួល​បាន​ព័ត៌មាន​បាន​យ៉ាង​ងាយស្រួល គ្រាន់​តែ​យក​ទូរសព្ទ​មក​ថត​ វា​នឹង​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​ពី​ផលិតផល​​ដែល​គេ​ចង់​បង្ហាញ"។

 

យុវតី បញ្ញា ពេចន៍ ក៏​មាន​មតិ​មួយ​ដែល​ថា​ ៖ " ពី​មុន​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ដែរមិន​ដឹង​ថា​ QR Code ហ្នឹង​អ្វី​ទេ​? ភាគ​ច្រើន​ខ្ញុំ​បាន​ឃើញ​តាម​សារព័ត៌មាន, កាសែត​, ទូរទស្សន៍ ឬ កម្មវិធី Smart Devices ផ្សេងៗ​ដែល​មាន​និមិត្តសញ្ញា​ QR Code នេះ"។​

 

បញ្ញា ពេចន៍​បន្ត​ថា​ ​​ទើប​តែ​​ពេល​នេះ​ដឹង​ថា​ QR Code ​ជា​បច្ចេកវិទ្យា​ថ្មី​​​អាច​​​ឲ្យ​គេ​ទាញ​យក​ព័ត៌មាន​​ផ្សេង​ៗ​ដោយ​មិន​កត់​ត្រា​​គឺ​វា​អាច​បង្ហាញ​តាម​រយៈ​បច្ចេកវិទ្យា​ថ្មី​នេះ។

 

ចំណែក​លោក​ គីម​ សុង ជា​និស្សិត​សាកលវិទ្យាល័យ​ ន័រតុន ក៏​បាន​រ៉ាយរ៉ាប់​​​ថា​ សម្រាប់ QR Code ប្រទេស​គេ​​មាន​ការ​ប្រើ​ប្រាស់​មុនយូរ​ណាស់​ហើយ​ដែរ​ តែ​ប្រទេស​កម្ពុជា​ទើប​តែ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ។

 

លោក​បន្ត​ថា​ QR Code ​អាច​បញ្ជូន​​ព័ត៌មាន​ផ្សេងៗ​ដោយ​​សារ​វា​បាន​ផ្សារ​ភ្ជាប់​ជាមួយ​រាល់ Smart Device ផ្សេង​ៗ ហើយ​ដែល​វា​អាច​​បង្ហាញ​ព័ត៌មាន​បាន​យ៉ាង​លម្អិត​និង​ជាក់លាក់​​​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់។

 

ចុច​ត្រង់​នេះ... ដើម្បី​អាន​ព័ត៌មាន មតិជុំវិញ​បច្ចេកវិទ្យា​ផ្សេង​ៗ។

 

អត្ថបទ ៖ ដារ៉ាឆានី​