​តាម​ពិត​​​​ទំនិញ​គេ​លក់​​​​ចឹង​​តើ ​​​​បាន​​គេ​ទិញ​​មិន​ស្ដាយ​លុយ​សោះ ​​? ​

  • 2014-12-06 16:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ខ្លះ បាន​លើក​ឡើង​ថា ការ​ដាក់​តម្លៃ​ជា​ដុល្លារ​ ជា​ថ្លៃ​ចិត្តសាស្ត្រ ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​​ភាគ​ច្រើន​មិន​សូវ​សាញ​ ពោល​ពួក​គាត់​ភាគ​ច្រើន​ ​គិត​ថា ​មាន​តម្លៃ​​ថោក​ ជាង​​តម្លៃ​ជា លុយ​ខ្មែរ ដែល​មាន​លេខ​ច្រើន ​ ។ ខាង​ក្រោម​នេះ​ការ​បញ្ចេញ​យោបល់​ជុំ​វិញ​មតិ​ខាង​លើ​​ ​ ថា​តើ​ពួកគេ​យល់​យ៉ាងណា​ខ្លះ​ដែរ? ​ ជាក់ស្ដែង ​កញ្ញា​ ចាន់ ចរិយា និស្សិត​ជំនាញ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ ​នៅ​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ថា៖”ការ​ដាក់​តម្លៃ​លក់​ជា​ដុល្លារ​វា​អាច​ទាក់ទាញ​អ្នក​ទិញ​ មែន​ ព្រោះ​​របស់​មួយ​បើ​សិនជា​គេ​ដាក់​ត្រឹម​ ៥​កាក់​​ អ្នក​ទិញ​គិត​ថា​ថោក​ ប៉ុន្តែ​បើ​គេ​ដាក់​តម្លៃ​ជា​លុយ​ខ្មែរ​ ២​ពាន់​រៀល​ ដូចជា​មាន​អារម្មណ៍​ថា ​ថ្លៃ​ ដូច្នេះ ​អ្នក​ទិញ​អាច​​រា​រែកចិត្ត​​ ឬ​ពិចារណា​សិន”។

 

ស្រដៀង​គ្នា​នេះ​ដែរ យុវជន ចាន់​ ថន និស្សិត​​នៅ​ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ដែរ​ថា កាលណា​តម្លៃ​គេ​គិត​ជា​លុយ​​ខ្មែរ ដូចជា​ច្រើន​មែន​ ឧទាហរណ៍​ តម្លៃ ​២០០០ដុល្លារ​ គឺ គិត​ជា លុយ​ខ្មែរ ប្រហែល​ ៨​លាន​រៀល​ ដូច្នេះ​ដាក់​តម្លៃ​​ជា​លុយ​ខ្មែរ​អាច​​ជា​ការ​សម្រួល​ ដល់​ការ​សរសេរ​ និង​ជួយ​ជំរុញ​អ្នក​ទិញ​​ងាយ​សម្រេច​ចិត្ត​ដែរ​ ពិសេស​​ជន​បរទេស​ក៏​អាច​ទិញ​បាន​ដែរ​​។

 

 

ចំណែក ​ឯ អ្នក​មីង ហេង ​ជា​អ្នក​លក់​​ចាន​ឆ្នាំង​ នៅ​ផ្សារ​អូរឫស្សី ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​តម្លៃ​លក់​ជា​ដុល្លារ​អាច​ងាយ​លក់​ជាង​មែន ព្រោះ​អ្នក​ទិញ​ភាគច្រើន​គិត​ជា​ដុល្លារ​ដូចជា​មិន​សូវ​សាញ​ និង​មក​ពី​ការ​ទិញ​ចូល​គិត​ជា​ដុល្លារ។ ប៉ុន្តែ​សម្រាប់​​អ្នក​មីង​ ​យល់​ថា​ ​អ្នក​លក់​​ភាគ​ច្រើន​ ​​​គិត​ជា​លុយ​ខ្មែរ​ច្រើន​ជាង ​ទោះ​ជា​តថ្លៃ​ជា​ដុល្លារ​ក៏​ដោយ​។

 

ផ្ទុយ ​ពី​គេ បង​ប្រុស​ម្ចាស់​ហាង Green Tea Milk ដែល​បាន​ដាក់​តារាង​តម្លៃ​​​តែបៃតង​ និង​អាហារ​នៅ​ហាង​​របស់​​លោក​ ជា​លុយ​ខ្មែរ​យ៉ាង​ធំ ​ធ្លាប់​បាន​​ពន្យល់​​ថា​៖”មូល​ហេតុ​ដែល​លោក​ និង​ដៃគូ​ មិន​ដាក់​តម្លៃ​ជា​ដុល្លារ​ ព្រោះ​ចង់​លើ​កម្ពស់​លុយ​ខ្មែរ ម្យ៉ាង​វិញ​ទៀត​គឺ​ចង់​ឲ្យ​អតិថិជន​ បាន​មើល​ឃើញ​ពី​តម្លៃ​ពិត​ប្រាកដ​ ដើម្បី​ងាយស្រួល​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ”​។ លោក ​បាន​បញ្ជាក់​បន្ថែម​​យ៉ាង​ជឿជាក់​ថា ៖”​បើសិនជា​លោក​មាន​សេវាកម្ម​ល្អ និង​អាហារ​មាន​គុណភាព​​ អតិថិជន​នឹង​មក​ដោយ​ខ្លួន​ ទោះ​តម្លៃ​ដាក់​ជា​លេខ​អ្វី​ក៏​ដោយ​ ក៏​គេ​នៅ​តែ​ទិញ​ដែរ​​”​។ ចុះ​អ្នក​វិញ​យល់​យ៉ាងណា​ខ្លះ​ដែរ​?

 

អត្ថបទ​៖​ កង ចាន់​បញ្ញា