អ្នក​លេង​ឆ្លង​ដែន​​ថៃ​៤​នាក់​ចាញ់​កីឡាករ​កម្ពុជា​​ទាំង​អស់​ម្សិល​មិញ

  • 2014-12-08 17:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​សេរី​ឆ្លង​ដែន​ថៃ​៤​នាក់ និង​ម៉ុងហ្គោលី​ម្នាក់​សុទ្ធ​តែ​ទទួល​រង​បរាជ័យ​សម្រាប់​ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​ពីរ​សង្វៀន​ខុស​គ្នា​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

 

បង​ប្អូន​ត្រកូល​ឡៅ​បាន​នាំ​គ្នា​បំបាក់​ជើង​ខ្លាំង​មក​ពី​ថៃ​ទាំង​ពីរ​នាក់​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាល​ពី​វេលា​ម៉ោង​៧​យប់​មិញ។ ឡៅ ចន្ទ្រា​បាន​វាយ​សន្ធាប់​តាម​រយៈ​កណ្តាប់​ដៃ និង​ទាត់​បាន​យ៉ាង​ល្អ​ដើម្បី​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ថៃ Nondengyim ខណៈ​បង​ប្រុស​របស់​ខ្លួន​គឺ ឡៅ ស៊ីណាត​ បាន​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ថៃ Jinda ដូច​គ្នា។

 

ឡៅ ស៊ីណាត រំលឹក​គុណ​គ្រូ

លទ្ធផល​ជ័យជម្នះ​របស់​បង​ប្អូន​ត្រកូល​ឡៅ​ទាំង​ពីរ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ម្នាក់​៥០០​ដុល្លារ​អាមេរិក​ពី​ក្រុម​ហ៊ុន​ភេសជ្ជៈ​ខារ៉ាបាវ​បន្ថែម​លើ​ប្រាក់​តម្លៃ​ខ្លួន​នៃ​ប្រកួត​លក្ខណៈ​អន្តរជាតិ។  

ងាក​ទៅ​កាន់​សង្វៀន​អាស៊ីអាគ្នេយ៍​ឯណោះ​វិញ កីឡាករ​មាឌ​ល្អិត​ចិត្ត​ធំ ម៉ន វិរៈ​ បាន​វាយ​មួយ​កែង​ស្តាំ​លើ​ ត្រចៀក​​របស់​អ្នក​លេង​ឆ្លង​ដែន​ថៃ Deth Oudom ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ ចំណែក​ជើង​ខ្លាំង​ សារឿន​ ចាន់ បាន​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី Ganas ដោយ​ពិន្ទុ​​ប៉ុណ្ណោះ បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក​ពេញ។  

ចំពោះ​ការ​ចាប់​គូ​រវាង​អ្នក​ប្រដាល់​កម្ពុជា ឈិត ក្វាន់ង៉ុយ និង​កីឡាករ​ថៃ​ Kha Thon ប្រៀប​ដូច​ជា​ចាប់​មនុស្ស​ធំ​ឲ្យ​វាយ​ជា​មួយ​កូន​ក្មេង។ ឈិត ក្វាន់ង៉ុយ​មាន​មាឌ​​ធំ ខ្ពស់ និង​អាយុ​ច្រើន​ជាង ខណៈ​ Kha Thon ទើប​មាន​អាយុ​១៧​ឆ្នាំ ហើយ​មាន​មាឌ​តូច​ជាង។ ការ​ប្រកួត​​ពិត​ជា​ពិបាក​ភ្នែក​ណាស់ ដោយ​ឈិត ក្វាន់ង៉ុយ​​វាយ​សម្រុក​តាម​រយៈ​ឡើង​ជង្គង់​ឲ្យ​កីឡាករ​ថៃ​សន្លប់​ក្នុង​ទី​២​យ៉ាង​ស្រួល៕

វីដេអូ ឡៅ ចន្ទ្រា vs Nondengyim http://youtu.be/qCVAgDXAP7A ឡៅ ស៊ីណាត vs Jinda http://youtu.be/Eas-2Ip2h80 ម៉ន វីរៈ vs Deth Oudom http://youtu.be/5Zrxu8MyYmY សារឿន ចាន់ vs Ganas http://youtu.be/CkVScTg8KPI ឈិត ក្វាន់ង៉ុយ vs Kha Thon http://youtu.be/PAeeFOY77a4 អត្ថបទ៖ ជាន ចាន់រ៉ា