ចេញ​ហើយ! គ្រូ​បង្វឹក​ថ្មី​របស់​បឹងកេត​ជា​ជនជាតិ​អូស្ដ្រាលី និង ជា​អតីត​គ្រូ​ជំនួយ​ភ្នំពេញក្រោន

  • 2014-09-29 16:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ក្រុម​បាល់​ទាត់​ចម្ការ​កៅស៊ូ​បឹង​កេត​ បាន​បង្ហាញ​វត្តមាន​គ្រូ​បង្គោល​ថ្មី​ជំនួស​លោក​គ្រូ​បង្វឹក​ចាស់​ ប្រាក់​ វុទ្ធី​ ហើយ​នោះ​​គឺ​លោក​ John Mcglynn ជា​ជន​ជាតិ​អូស្ដា្រលី​ និង​ជា​គ្រូ​ជំនួយ​មក​ពី​ក្លិប​ភ្នំពេញក្រោន ដើម្បី​ដឹក​នាំ​ក្រុម​សម្រាប់​យុទ្ធនាការ​ ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​រដូវកាល​ថ្មី (MCL 2015) ​និង​ពាន​រង្វាន់​ផ្សេងៗ​នា​ពេល​ខាង​មុខ​នេះ។

លោក John Mcglynn បង្ហាត់​ក្រុម​កាល​ពី​ព្រឹក​មិញ

 

Page Facebook ផ្លូវការ​របស់​ក្លិប​បាន​​បង្ហាញ​​អត្តសញ្ញាណ​​គ្រូ​បង្វឹក​​ថ្មី​នៅ​ព្រឹក​ថ្ងៃ ២៩ កញ្ញា នេះ​​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម និង​ជម្រះ​មន្ទិល​ដល់​អ្នក​គាំទ្រ​ខ្លួន។ ចំណែក​លោក ប្រាក់ វុទ្ធី ដែល​ជា​គ្រូ​បង្វឹក​ចាស់​ បាន​លា​ឈប់​ពី​តំណែង​ដោយ​សារ​បញ្ហា​សុខភាព ហើយ​លោក​បាន​ស្ម័គ្រ​ចិត្ត​ទៅ​បណ្ដុះ​ឈុត​យុវជន​សម្រាប់​ក្លិប​វិញ។

 

 

បន្ទាប់​ពី​ត្រូវ​បាន​ក្លិប​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លោក​គ្រូ​បង្វឹក​ថ្មី​បាន​សម្ដែង​អារម្មណ៍​ផ្ទាល់​ខ្លួន​នៅ​បណ្ដាញ​សង្គម​យក្ស​របស់​ក្លិប​​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ និង​សូម​អរគុណ​ចំពោះ​ក្លិប​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ដើម្បី​ដឹកនាំ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ភាព​ជោគជ័យ​នៅ​បឹង​កេត​ ឲ្យ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ក្លិប​ចាស់​របស់​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ចង់​ជួប​ និង​ចាប់​ផ្ដើម​ជាមួយ​ក្រុម​ថ្មី​របស់​ខ្ញុំ​ ហើយ​នាំ​យក​នូវ​ភាព​ជោគជ័យ​មក​ឲ្យ​ក្លិប​វិញ»។

 

លោក Jonh បាន​មក​ធ្វើ​ជា​ជំនួយការ​​លោក Sam Schweingruber នៅ​ភ្នំពេញក្រោន កាល​ពី​រដូវកាល​មុន ហើយ​ថែម​ទាំង​ងាយ​យល់​ពី​​វប្បធម៌​មួយ​ចំនួន​​របស់​បាល់ទាត់​ខ្មែរ​ថែម​ទៀត។ ក្រៅ​ពី​នោះ​លោក​ក៏​ទទួល​បាន​ការ​អាណិត​ស្រលាញ់ និង គោរព​ពី​កីឡាករ​ក្នុង​ក្លិប​ចាស់​ផង​ដែរ។

 

 

 

មិន​មែន​មាន​តែ​ក្រុម​បឹង​កេត​ មួយ​ប៉ុណ្ណោះ​ទេ​ ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​សម្រាប់​រដូវ​កាល​ក្រោយ​ ប៉ុន្តែ​ក្រុម​ផ្សេងៗ​ទៀត​ដូចជា​ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ ក្រុម​វេស្ទើន​យូនីអេហ្វស៊ី​ ​បាន​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ​ថ្មី​។ ក្រៅ​ពី​នេះ​​ដំណឹង​​ក្រៅ​ផ្លូវការ​មួយ​​ថា​ក្លិប​មួយ​ចំនួន​​ផ្សេង​ទៀត​ក៏​មាន​គម្រោង​​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដែរ៕

 

 

អត្ថបទ៖ អៀង សូទ្រី