ហេតុផល ៧យ៉ាង អ្នក​គួរ​សម្រេច​ចិត្ត​រៀប​ការ

  • 2014-12-12 21:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក​អាពាហ៍ពិពាហ៍​កសាង​គ្រួសារ ព្រោះ​គេ​មិន​ដឹង​ច្បាស់​ថា​ជម្រើស​មួយ​នេះ​ល្អ​ចំពោះ​ខ្លួន ឬ​អត់។ ទោះ​យ៉ាង​ណា ការ​ចូល​រោងការ​គឺ​ជា​រឿង​ធម្មជាតិ ដែល​មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​ក្នុង​មួយ​ឆាក​ជីវិត។ បើ​អ្នក​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា គួរ​រៀប​ការ​ដើម្បី​អ្វី សូម​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

 

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល ៧​យ៉ាង ដែល​អ្នក​គួរ​សម្រេច​ចិត្ត​រៀប​ការ៖

 

១. រំដោះ​ខ្លួន​ចេញ​ពី​ភាព​ឯកា

 

មនុស្ស​ដែល​នៅ​លីវ​មិន​ទាន់​មាន​គ្រួសារ តែង​មាន​អារម្មណ៍​ថា​ឯកា​ពេល​នៅ​ដាច់​ពី​គេ​។ បើ​ទោះ​ជា​មាន​សង្សារ​ហើយ ក៏​មិន​ប្រាកដ​ថា​អាច​ឲ្យ​អ្នក​​មាន​អារម្មណ៍​ស្រស់​ស្រាយ​គ្រប់​ពេល​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​កំដរ​អ្នក​បាន​ពេញ​មួយ​ជីវិត ដូច​ប្ដី​ប្រពន្ធ​ដែល​យល់​ចិត្ត​គ្នា​នោះ​ទេ។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​ជីវិត​អ្នក​តែលតោល​កណ្ដោចកណ្ដែង​ម្នាក់​ឯង​ទៀត គួរ​គិត​ពី​រឿង​អាពាហ៍ពិពាហ៍​កសាង​អនាគត។

 

២. ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ

 

ជា​ធម្មតា ពេល​មាន​សង្សារ អ្នក​អាច​ប្រច័ណ្ឌ​ច្រើន ភ័យ​ខ្លាច​បាត់​បង់ និង​បារម្ភ​ពី​គេ ព្រោះ​មិន​បាន​នៅ​ជិត​គ្នា​គ្រប់​ពេល។ អារម្មណ៍​ទាំង​អស់​នេះ អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់​មាន​ភាព​រង្គោះរង្គើ និង​ឈាន​ទៅ​រក​ការ​ប្រេះ​ស្រាំ ប្រសិន​បើ​កើត​មាន​ឡើង​ញឹកញាប់​ពេក។ ជម្រើស​ល្អ​បំផុត​សម្រាប់​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​ឲ្យ​កាន់​តែ​ស្អិត​ល្មួត គឺ​ជ្រើស​រើស​យក​អាពាហ៍ពិពាហ៍។

 

៣. មាន​អ្នក​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក

 

ជា​ការ​ពិត​ណាស់ គ្មាន​នរណា​យល់​ចិត្ត និង​សុខ​ទុក្ខ​គ្នា​ដូច​ប្ដី-ប្រពន្ធ​ទេ ជាពិសេស​គឺ​ពេល​ឈឺ​ថ្កាត់​តែ​ម្ដង។ រៀបការ​រួច ប្រៀប​ដូច​ជា​អ្នក​មាន​គ្រូ​ពេទ្យ​ម្នាក់​ប្រចាំ​កាយ បើ​ទោះ​ជា​មិន​ចេះ​ព្យាបាល​គ្រប់​ជំងឺ​ដូច​ពេទ្យ​ទូទៅ តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​មើលថែ​អ្នក​ឲ្យ​មាន​ភាព​កក់​ក្ដៅ​បាន​ដែរ។ ​

 

៤. ចេះ​សន្សំ​ប្រាក់​គិត​ពី​អនាគត

 

ពេល​នៅ​ម្នាក់​ឯង មិន​ទាន់​​មាន​គូ​អនាគត​ច្បាស់​លាស់ អ្នក​ច្រើន​តែ​ដៃ​ទូលាយ​ចាយ​វាយ​មិន​សូវ​ចេះ​គិត​ទេ ព្រោះ​អាង​ថា​ខ្លួន​មួយ។ ទម្លាប់​គិត​ថា​ខ្លួន​ឯករាជ្យ រក​លុយ​ខ្លួន​ឯង ចាយ​សម្រាប់​ម្នាក់​ឯង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​សល់​អ្វី​ជា​ដុំ​កំភួន​ច្រើន សម្រាប់​ត្រៀម​ពេល​ខ្លួន​ចាស់។ ទោះ​យ៉ាង​ណា ការ​ទទួល​យក​អាពាហ៍ពិពាហ៍ គឺ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​ឲ្យ​អ្នក​ចេះ​គិត​ពី​អនាគត និង​សន្សំ​ប្រាក់​សម្រាប់​រួម​ដំណើរ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។

 

៥. ជម្រុះ​ទម្លាប់​អាក្រក់

 

​អ្នក​ប្រហែល​ជា​អាច​មាន​ទម្លាប់​អាក្រក់​ច្រើន ពេល​មិន​ទាន់​រៀបការ ព្រោះ​គិត​ថា​គ្មាន​នរណា​ឃើញ ឬ​គ្មាន​នរណា​មក​ទើស​ចិត្ត​នឹង​ទង្វើ​របស់​ខ្លួន។ ជួន​កាល អ្នក​អាច​ដើរ​លេង​ច្រើន ខ្ជិល​ច្រអូស​មិន​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង រហូត​ក្លាយ​ជា​ទម្លាប់​ចាក់​ឫស។ យ៉ាង​ណា​មិញ ក្រោយ​ពេល​អ្នក​រៀបការ​រួច ទម្លាប់​អាក្រក់​ទាំង​នោះ អាច​នឹង​ត្រូវ​ជម្រុះ​ចោល​ម្ដង​បន្តិចៗ ហើយ​ងាក​មក​រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​មាន​សុភមង្គល​ជាមួយ​គូ​អនាគត​វិញ។

 

៦. បំពេញ​តម្រូវការ​ជីវិត

 

អាពាហ៍ពិពាហ៍ គឺ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស និង​ជា​តម្រូវ​ការ​សម្រាប់​ជីវិត ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​រីករាយ និង​ទុក្ខសោក។ ភាព​រីករាយ​អាច​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ភាព​រីករាយ​ពិត​ៗ​ដែល​កើត​ចេញ​ពី​សុភមង្គល​នៃ​គ្រួសារ​មួយ មិន​ងាយ​នឹង​សាបសូន្យ​ឡើយ។ នរណា​ក៏​ប្រាថ្នា​ចង់​បាន​គ្រួសារ​មួយ បង្កើត​កូន​គួរ​ឲ្យ​ស្រលាញ់ និង​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ជាមួយ​គ្នា​ដែរ គ្រាន់​តែ​ពេល​ខ្លះ​អ្នក​មិន​ហ៊ាន​ទទួល​យក​ប៉ុណ្ណោះ។

 

 

៧. មាន​ដៃ​គូ​សិច​ជាប់​លាប់​មួយ មិន​ព្រួយ​ឆ្លង​មេរោគ

 

ល្បែង​លើ​គ្រែ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​លោក ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ផ្ដល់​គ្រោះ​ថ្នាក់ ប្រសិន​បើ​មាន​ដៃ​គូ​ច្រើន និង​មិន​ចេះ​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ។ ទោះ​យ៉ាង​ណា ក្រោយ​ពេល​រៀប​ការ​រួច អ្នក​នឹង​អស់​ក្ដី​កង្វល់​ចំពោះ​រឿង​ទាំង​អស់​នេះ ព្រោះ​មាន​​ដៃ​គូ​ច្បាស់​លាស់​ម្នាក់ មិន​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​ផ្សេងៗ​ឡើយ៕

 

ចុចអាន៖ ៦យ៉ាង ​ស្រី​ៗ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ប្រុស​​ដែល​ខ្លួន​​ស្រលាញ់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ wmnlife​

អត្ថបទថ្មី