យុវតីវ័យ២៣ឆ្នាំ ស្រស់សោភាធ្លាប់ជាអ្នកដឹកនាំលើឆាកអន្តរជាតិ
- 2014-12-17 15:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីវ័យ២៣ឆ្នាំ ស្រស់សោភាធ្លាប់ជាអ្នកដឹកនាំលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
“ នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” សុភាសិតមួយឃ្លានេះត្រូវនឹងសកម្មភាពរបស់ កញ្ញា ម៉ុង សុឌី វ័យ ២៣ឆ្នាំ ធ្លាប់ក្លាយជាអ្នកដឹកនាំ និងគ្រប់គ្រងយុវជនតំណាងប្រទេសកម្ពុជា ១៤ រូប ទៅប្រទេសជប៉ុនចូលរួមសន្និសីទនិស្សិតអាស៊ាន-ជប៉ុនឆ្នាំកន្លងទៅ “Japan-ASEAN Student Conference” ដោយគ្មានមន្ត្រី ឬអ្នកមុខអ្នកការអមដំណើរទៅជាមួយនោះទេ។
អតីតនិស្សិតអក្សរសាស្រ្តអង់គ្លេស នៃ វិទ្យាស្ថានភាសាបរទេស (IFL) រូបនេះបានប្រាប់ឲ្យដឹងថា កម្មវិធីនេះស្ថិតក្រោមកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់ និស្សិតឈ្មោះ JENESYS (Japan-East Asia Network of Exchange for Students and Youths) ដែលផ្តោតសំខាន់លើការជំរុញឲ្យយុវជនអាស៊ានមានសេចក្តីក្លាហាន និងបណ្តុះបណ្តាលយុវជនអាស៊ានឲ្យឈានទៅរកសក្តានុពលក្នុងការដោះ ស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងប្រទេសនៅតំបន់អាស៊ាន។
បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងសរសេរអត្ថបទជា ភាសាអង់គ្លេស និងសម្ភាសន៍រួច សុឌី ត្រូវបាននាយកដ្ឋានយុវជនសម្រេចជ្រើសរើសជាប្រធានក្រុមដឹកនាំ យុវជនដទៃទៀត។ សុឌី បានប្រាប់ឲ្យដឹងថា ៖ “ខ្ញុំមិនបានគិតថា ខ្ញុំក្លាយជាអ្នកដឹកនាំពួកគេទេ ក៏ប៉ុន្តែប្រហែលជាគេឃើញពីសមត្ថភាពភាសាខ្ញុំល្អ ម្យ៉ាងខ្ញុំរាងចាស់ទុំជាងគេផងមើលទៅ”។
យ៉ាងណាមិញ យុវតីរូបនេះមិនមែនមានត្រឹមតែសមត្ថភាពតែប៉ុណ្ណោះទេ រូបគេក៏ធ្លាប់មានបទពិសោធន៏ជាប្រធានថ្នាក់ និងជាមេក្រុមម្នាក់ក្នុងក្រុមនាវាយុវជនអាស៊ីអាគេ្នយ៍ (SSEAYP) ផងដែរ។ យុវតីវ័យ ២៣ឆ្នាំរូបនេះ បានបន្តទៀតថា ៖ “ដោយសារតែកម្មវិធីនេះជាកម្មវិធីរបស់យុវជន ដូចេ្នះគេចង់ហ្វឹកហាត់ឲ្យយុវជនមានជំនាញក្នុងការដឹកនាំ (Leadership) ក្នុងខ្លួន ទើបបានគ្មានមនុស្សចាស់ណាដឹកនាំទៅ”។
យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
សម្រាប់ការដឹកនាំប្រកបដោយភាពជោគជ័យនេះ សុឌី បានកំណត់យកគោលការណ៍បីសំខាន់ៗគឺ ការចេះបត់បែន ការផ្សារភ្ជាប់ទំនាក់ទំនង និង ជំនឿចិត្ត។ការចេះបត់បែន ជាចំនុចចម្បងដែលរូបគេត្រូវចេះសង្កេតលើខ្លួនឯង ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈ និង ស្វែងរកដំណោះស្រាយភ្លាមៗ។ ទាមទារឲ្យមានការគិតគ្រប់ជ្រុងជ្រោយនិងរហ័សដើម្បីសម្រួលការខ្វះ ខាតដោយប្រការណាមួយ។
ការផ្សារភ្ជាប់ ទំនាក់ទំនង សំដៅដល់ការប្រាស័យទាក់ទងគ្នាទាំងនៅក្នុងក្រុម និងក្រៅក្រុម។ ការលើកយកពីបញ្ហាក្រុមមកពិភាក្សាគ្នា អាចស្វែងរកដំណោះស្រាយរួមមួយជួយឲ្យក្រុមដំណើរការបានល្អ។ ក្រៅពីនោះ ការប្រើប្រាស់ពាក្យសម្តីបានសមរម្យ ប្រកបដោយសីលធម៌ ក៏ជាកត្តាជំរុញឲ្យភាពជាអ្នកដឹកនាំមានប្រជាប្រិយភាពផងដែរ។ ជំនឿចិត្ត ដែលផ្តោតសំខាន់លើការជឿជាក់លើសមត្ថភាពដែលខ្លួនមាន និងសមាជិកក្រុមជាអ្នកចាំជួយគាំទ្រ។ ម្យ៉ាងវិញទៀត ជំនឿចិត្តក៏ជាអាវុធសម្រាប់ប្រឆាំងនឹងភាពភ័យខ្លាចដែរ។
យ៉ាងណាមិញ អ្នកដឹកនាំវ័យក្មេងរូបនេះ ក៏មិនភ្លេចនាំវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅវេទិកាអាស៊ានដែរ។ រូបគេ បានសម្រេចជ្រើសរើសការសម្តែងសិល្បៈរាំវង់ដែលជារបាំប្រជាប្រិយ ខ្មែរ។ “វាស្រួលរាំ ហើយយើងក៏ងាយបង្រៀនដល់អ្នកដទៃដែរ។ ដូច្នេះពួកគេងាយនឹងចាប់បានពីកាយវិការរាំនោះ”។
ដោយឡែក ក្រោយពីបញ្ចប់កម្មវិធីនោះ អ្នកដឹកនាំវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា បញ្ហាដែលយុវជនខ្មែរនឹងជួបប្រទះសម្រាប់សមាហរណកម្មអាស៊ានខាងមុខ នេះគឺ ភាសា។ “ការប្រើប្រាស់ភាសាអង់គ្លេសរបស់យុវជនកម្ពុជាភាគច្រើននៅមាន កម្រិតនៅឡើយ។ យុវជនគួរត្រៀមខ្លួនជាស្រេចក្នុងរឿងនេះ ព្រោះថាភាសាអង់គ្លេសនឹងក្លាយជាភាសាក្នុងទីផ្សារអាស៊ានមួយយ៉ាង សំខាន់”។ សុឌី បញ្ជាក់បន្ថែម។
ចុងក្រោយ សុឌី បានលើកទឹកចិត្តឲ្យយុវជនគ្រប់គ្នា សិក្សាស្វែងយល់និងប្រឡូកក្នុងភាពជាអ្នកដឹកនាំឲ្យបានច្រើន ព្រោះវាជំរុញឲ្យពួកគេមានឆន្ទៈក្នុងការសម្រេចកិច្ចការងារ ផ្សេងៗបាន។ ម្យ៉ាងវិញទៀត យុវជនត្រូវខិតខំរៀនសូត្រនិង ពង្រឹងសមត្ថភាពភាសាអង់គ្លេសដើម្បីប្រកួតនឹងយុវជនអាស៊ាន៕
យុវតីខ្មែរពូកែគណិតវិទ្យា ចង់ក្លាយជាគ្រូបង្រៀន បន្ទាប់ពីរៀនចប់នៅចិន
៤សាកលវិទ្យាល័យល្បីៗនៅភ្នំពេញមួយឆ្នាំបង់រាប់ពាន់ដុល្លារទើបរៀនបាន
អត្ថបទ៖ ផល្លា សុម៉ាលីណា រូបថត៖ ផ្តល់ឱ្យ