​រដ្ឋមន្ត្រី​សុខាភិបាល​​​ជិះ​ឡាន​​ទៅ​បាត់​ដំបង​ទាំង​​យប់​ បន្ទាប់​ពី​​​ផ្ទុះ​​​​ជំងឺ​អេដស៍​​ឆ្លង​អ្នក​ភូមិ​​​

  • 2014-12-18 01:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង​​ទាំង​យប់​​ ​ ដើម្បី​តាម​ដាន​ផ្ទាល់​​​​ករណី​ឆ្លង​រីក​រាល​ដាល​ជំងឺ​អេដស៍​នៅ​​ក្នុង​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​​សង្កែ​ ខេត្ត​បាត់​ដំបង។ ​​​គិត​ត្រឹម​ម៉ោង​ ១២​ ថ្ងៃ​ទី​១៧ ខែ​​ធ្នូ​ ឆ្នាំ​២០១៤ មាន​​មនុស្ស​​ ១០៦ ​នាក់​ត្រូវ​បាន​តេស្ដ​​ឈាម​​ឃើញ​មាន​ផ្ទុក​​​ជំងឺ​អេដស៍។​

 

លោក​ មាន​ ឈីវ៉ុន​ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​ជំងឺ​អេដស៍​ ​សើស្បែក​ និង​កាមរោគ​​ នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ Sabay ​ថា​ ស្អែក​នេះ​នឹង​មាន​​ពិធី​ជួប​ជុំ​​ សំណេះ​សំណាល​មួយ​​​រវាង​អ្នក​​ភូមិ​​​រកា​​ និង​លោក​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​ដើម្បី​បង្កើន​​​ភាព​កក់​ក្តៅ​ និង​លើក​ទឹក​ចិត្ត​​ ជា​ពិសេស​ណែនាំ​​​​ពី​​វិធី​​​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ​។​ លោក​​ថា​ ​មន្ត្រី​សុខាភិបាល​​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ជា​ច្រើន​​កំពុង​រួម​គ្នា​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​លំអិត​​ ថា​ ​តើ​អ្វី​ជា​ដើម​ហេតុ​​នាំ​ឲ្យ​​ឆ្លង​រីក​រាល​ដាល​បែប​នេះ​។ "មន្ត្រី​​ជំនាញ​ជាង​១០​នាក់​ រួម​នឹង​មន្ត្រី​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​តាម​ដាន​ និង​ប្រមូល​ព័ត៌មាន​ពី​ប្រភព​នានា​ តើ​ពួក​គាត់​ព្យាបាល​នៅ​ឯណា​? ប្រើ​ប្រាស់​ឧបករណ៍​យ៉ាង​ដូច​ម្តេច​?​ យើង​មិន​​ទាន់​ដាក់​ការ​​សង្ស័យ​លើ​អ្នក​ណា​​ម្នាក់​នៅ​​ឡើយ​ជុំវិញ​បញ្ហា​ខាង​លើ​ គ្រាន់​តែ​ប្រមូល​ព័ត៌មាន​ប៉ុណ្ណោះ​ ព្រោះ​​មុន​នឹង​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ត្រូវ​មាន​​ភស្តុតាង​ពិត​ប្រាកដ​​”។ លោក​ មាន​ ឈីវ៉ុន​ បន្ថែម​។

 

ដោយ​ថ្លែង​កោត​សរសើរ​ចំពោះ​អ្នក​ភូមិ​ ដែល​មិន​បង្ក​​​​​​ភាព​​ច្របូក​ច្របល់​ និង​​បាតុភាព​អ្វី​​​​ ​​អ្នក​ភូមិ​​ទាំង​នោះ​ ថែម​ទាំង​​បាន​រស់​នៅ​ធម្មតា​ និង​មិន​មាន​​ការ​រើស​អើង​នោះ​ទេ​។​ លោក​ មាន​ ឈីវ៉ុន​ បន្ថែម​។​

 

លោក​ វឿង​ ប៊ុន​រ៉េត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង​បាន​​ប្រាប់​ Sabay ថា​ គិត​ត្រឹម​ម៉ោង​១២ ថ្ងៃ​ត្រង់​នេះ​​ មាន​អ្នក​ជំងឺ​ជាង​​ ១០៦​ នាក់​​រស់​នៅ​ក្នុង​ភូមិ​រកា​ ឃុំ​រកា​ ត្រូវ​បាន​​រក​ឃើញ​មាន​ជំងឺ​អេដស៍៕ ​​ អត្ថបទ៖មៃ សុខលីម រូបថត៖ akp.gov.kh

អត្ថបទថ្មី