សិស្សវិទ្យាល័យកម្ពុជា ១០០ នាក់ ទទួលបានអាហារូបករណ៍ ២ ម៉ឺនដុល្លារ កាលពីម្សិលមិញ
- 2014-12-19 17:44:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សវិទ្យាល័យកម្ពុជា ១០០ នាក់ ទទួលបានអាហារូបករណ៍ ២ ម៉ឺនដុល្លារ កាលពីម្សិលមិញ
ចន្លោះមិនឃើញ
កាលពីម្សិលមិញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ មានការប្រគល់រង្វាន់អាហារូបករណ៍ជាទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ដល់សិស្សវិទ្យាល័យពូកែ ក្នុងប្រទេសកម្ពុជាចំនួន ១០០ នាក់ ដែលមានជីវភាពខ្វះខាត តែមានបំណងបន្តការសិក្សា។ ទឹកប្រាក់សរុបប្រមាណជាង ២ម៉ឺនដុល្លារ និង សម្ភារៈសិក្សាផ្សេងៗជាច្រើនទៀត ត្រូវបានក្រុមហ៊ុន SCG ប្រគល់ជូនដោយផ្ទាល់ដល់សិស្ស នៃវិទ្យាល័យកម្ពុជាចំនួន ១០០ នាក់ ដោយសិស្សម្នាក់ទទួលបាន រង្វាន់អាហារូបករណ៍ជាទឹកប្រាក់ចំនួន ២០០ ដុល្លារ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោក អារី ចាវ៉ាលីតជីវង្គល អគ្គនាយករងនៃក្រុមហ៊ុន SCG មានប្រសាសន៍ថា៖ ដើម្បីទទួលបានអាហារូបករណ៍ សិស្សត្រូវឆ្លុះបញ្ចាំងទឹកចិត្តស្រលាញ់បន្តការសិក្សា អប់រំ មានការដឹងគុណដល់ឪពុកម្ដាយ និងមានការចូលរួមសកម្មភាពក្នុងសហគមន៍របស់ពួកគេ។ បន្ថែមពីនេះ សិស្សត្រុវសរសេរតែងសេចក្ដី អំពីប្រធានបទ "ខ្ញុំជាមនុស្សល្អ ហើយខ្ញុំជួយដល់អ្នកដទៃ"។
លោកបន្ថែមទៀតថា៖ ក្រុមហ៊ុនរបស់លោក បានពិនិត្យមើលការដាក់ពាក្យរបស់សិស្សចំនួន ៣០០នាក់ មកពីសាលាចំនួន ២៦ ហើយបានសម្រិតសម្រាំងជ្រើសរើសសិស្ស ១០០នាក់ ដើម្បីទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ។ ឡើងថ្លែងអំណរគុណទាំងទឹកមុខសប្បាយរីករាយ យុវតី ហឿន គន្ធា មកពីវិទ្យាល័យសាមគ្គី និយាយថា៖ "ខ្ញុំមានអារម្មណ៍ថា មានសំណាងខ្លាំងណាស់ ដែលបានទទួលអាហារូបករណ៍នេះ ហើយខ្ញុំនឹងបន្តក្ដីសុបិនរបស់ខ្ញុំដែលចង់ក្លាយជាវិស្វករឲ្យបាន"។ កន្លងមកកម្មវិធីធ្លាប់ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៥០០០ នាក់ នៅតាមបណ្ដាប្រទេសអាស៊ានមួយចំនួនរួចមកហើយ តែសម្រាប់ប្រទេសកម្ពុជា នេះជាលើកទី១ ដែលក្រុមហ៊ុនសាជីវកម្មប្រចាំតំបន់ផ្នែកស៊ីម៉ង់ត៍-សម្ភារៈសាងសង់មួយនេះ ផ្ដល់ដល់សិស្សវិទ្យាល័យចំនួន ១០០ នាក់ ដែលជាប់ជយលាភី៕ អត្ថបទ៖ យិន សំបូរ