ព្រីម​ លីហ្សា៖ ស្រាយបំភ្លឹ​រឿង​មាន​ប្រាក់​ខ្ទង់​ម៉ឺនដុល្លារ ទិញ​សំលៀក​បំពាក់

  • 2014-12-22 13:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​នឹក​ដល់​ឈ្មោះ​ ព្រីម លីហ្សា​ តារា ​សម្ដែង ​Sexy នៅ​ក្នុង​ពិភព​សិល្បៈ​ គឺ​គេ​ច្បាស់​ណាស់​ថា នាង​ជា​អ្នក​លេង​សម្ភារៈ​និយម​ដាច់​គេ ​ក្នុង​ចំណោម​តារា​ស្រី​ល្បីៗ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​​បាន​ស្គាល់​ប្រវត្តិ​របស់​នាង​ឲ្យ​បាន ​ស៊ី​ជម្រៅ​។ តើ​ព្រីម​ លីហ្សា​ គឺ​ជា​នរណា? លីហ្សា មាន​ប្រាក់​មក​ពី​ណា​ទិញ​សំលៀក​បំពាក់​ក្បែរ​ម៉ឺន​ដុល្លារ​នោះ​?

 

 

កញ្ញា ព្រីម​ លីហ្សា កើត​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​១៩៩៣។ នាង​កើត​នៅ​ប្រទេស​សិង្ហបុរី ជា​កូន​ទី​៥ ក្នុង​ចំណោម​បងប្អូន​៦នាក់។ ព្រីម​ លីហ្សា ជា​កូន​កំព្រា​ឪពុក​ តែ​នាង​មាន​ម្ដាយ​ឈ្មោះ កែវ កល្យាណ​​បច្ចុប្បន្ន​វ័យ​៦៣​ឆ្នាំ ដែល​ជា​កូន​ខ្មែរ​កាត់​ចិន​ ដោយ​លោក​តា​ព្រីម លីហ្សា ជា ​ជន​ជាតិ​ខ្មែរ និង​ជីដូន​ជនជាតិ​ចិន​ទាជីវ​​ នៅ​សិង្ហបុរី​។ ឪពុក ​ព្រីម លីហ្សា ឈ្មោះ ស្ទីវ វិនហ៊ី ជនជាតិ​ចិន​រស់​នៅ​ប្រទេស​សិង្ហបុរី​ដែល​លោក​គឺ​ជា​អ្នក​ជំនួញ​នាំ​ផលិត​ផល​ គ្រឿង​សមុទ្រ​រវាង​កម្ពុជានិង​សិង្ហបុរី។

 

នៅ ​ឆ្នាំ​១៩៩៩ ព្រីម​ លីហ្សា បាន​ចាក​ចេញ​ពី​ប្រទេស​សិង្ហបុរី មក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​​ ដែល​មក​តាម​ម្ដាយ​ ដោយ​មក​រក​ស៊ី​នៅ​​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឪពុក​ព្រីម លីហ្សា​ ស្លាប់​ដោយ​សារ​ជំងឺ​។ លីហ្សា​ បាន​រៀន​នៅ​សាលាមត្តេយ្យ​ មួយ​ក្នុង​ប្រទេស​សិង្ហបុរី។កុមារី​ព្រីម​ លីហ្សា​នៅអាយុ​៦ឆ្នាំបាន​ចូល​រៀន​នៅ​សាលា​ឯកជន​ញ៉ូវតុនធីឡាយ​និង​បាន​ចូល​ រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​រហូត​ដល់​ថ្នាក់​ទី​១០​។

 

អាយុ១៣ ឆ្នាំ ព្រីម លីហ្សា បាន​ហក់​ចូល​ក្នុង​ពិភព​សិល្បៈ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៦​ ដោយ​រៀន​ផង​ចូល​សម្ដែង​សិល្បៈ​ផង។ “ខ្ញុំ​ស្រឡាញ់​សិល្បៈ​ ហើយ​ស្រប​នឹង​ម៉ាក់​គាត់​ចូលចិត្ត​ដែរ គាត់​ក៏​ជំរុញ​ខ្ញុំ​ឲ្យ​ចូល​សិល្បៈ។ មួយ​ទៀត​កាល​ខ្ញុំ​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ ខ្ញុំ​ចេះ​សិល្បៈ​ច្រើន​ ជាពិសេស​របាំ​ប្រពៃណី ហើយ​ខ្ញុំ​ក៏​ចាប់​អាជីព​សិល្បៈ​នេះ​ទៅ​។ ​ព្រីម ​លីហ្សា និយាយ។

 

គេ​នៅ​ចាំ​បាន​ថា ផលិត​កម្ម​ដំបូង​គេ​ ដែល​នាង​បាន​ថត គឺ​ផលិត​កម្ម​ឆ្លងដែន, ប៊្លូដាយមីន, និង​ផលិត​កម្ម​ បុប្ផា។ ជាបន្តបន្ទាប់ ​នាង​បាន​ថត​សម្ដែង​ខារ៉ា​អូខេ និង​ដើរ​តួសម្ដែង​ ឲ្យ​ផលិត​កម្ម​ FCI,​ SSB, ​ហង្សមាស, និង ​Sunday ជាដើម​។

 

បន្ទាប់​ពី​នាង​ចូល​ក្នុង​ពិភព​សិល្បៈ​ ព្រីម លីហ្សា ត្រូវ ​បាន​គេ​ទទួល​ស្គាល់​ថា ជា​តារា​ស៊ីវិល័យ ដែល​ហ៊ាន​ចំណាយ​ប្រាក់​​លើ​សម្ភារៈ​ថ្លៃៗ មិន​ចាញ់​តារា​ល្បី​បរទេស ឡើយ​។ នាង​បាន​ចំណាយ​ប្រាក់​ទិញ​សំលៀក​បំពាក់​ក្នុង​១​ឈុត​អាច​ពី​៨ពាន់​ដុល្លារ​​ ដល់​១ម៉ឺន​ដុល្លារ។ កញ្ញា ​ព្រីម​លីហ្សា​ និយម​ប្រើប្រាស់​​ផលិត​ផល​ម៉ាក​ល្បី​ៗថ្លៃៗ ដូចជា គ្រឿង​ផាត់​មុខ ទឹក​អប់ ម៉ាក MAC, CHANEL, YSL, រ៉ូបLouis Vuitton និង Versace។

 

ដោយ​សារ​តែ​នាង​បាន​ចំណាយ​ប្រាក់​ក្បែរ​ម៉ឺន​ដុល្លារ​ លើ​ការ​ទិញ​សំលៀក​បំពាក់​​ ដើម្បី​ចូលរួម​កម្មវិធី​ធំៗ ជាពិសេស​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១២ និង​​​​២០១៣​ កាល​ពី​ឆ្នាំ​ទៅនោះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ ចោទ​សួរ​ថា​ តើ​នាង​បាន​ប្រាក់​មក​ពី​ណា​ ដើម្បី​ទិញ​សម្ភារៈ​ថ្លៃ​ៗ​បែប​នេះ បើ​នាង​គ្រាន់​តែ​ជា​តារា​ដែល​គេ​មិន​សូវ​ស្គាល់​ក្នុង​ស្រុក តែ​មាន​ទីផ្សារ​ក្រៅ​ស្រុក​ប៉ុណ្ណោះ​។

 

ទាក់ទង​នឹង​បញ្ហា​នេះ កញ្ញា​ព្រីម លីហ្សា បាន​ស្ម័គ្រចិត្ត​​ផ្ដល់​កិច្ច សម្ភាសន៍​ជាមួយ​ Sabay ដើម្បី​ស្រាយ​ចម្ងល់​មួយ​ចំនួនជូនប្រិយមិត្ត។ ខាងក្រោម​នេះ​ គឺ​ជា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​រវាង Sabay និង ​​កញ្ញា ព្រីម លីហ្សា ៖ ​​

 

 

Sabay៖ ព្រីម លីហ្សា ដែល ​ជា​តារា​សម្ដែង និង​ បង្ហាញ​ម៉ូដ ត្រូវ​បាន​គេ​ដឹង​ថា មិន​សូវ​មាន​ទីផ្សារ​ទេ​នៅ​ក្នុង​ស្រុក​ ប៉ុន្តែ​ អ្នក​នាង​សំបូរ​នៅ​ឯ​ក្រៅ​ស្រុក​ តើ​មាន​មូលហេតុ​អ្វី​ដែរ​អ្នក​នាង​?

 

ព្រីម លីហ្សា៖ ដើម​ឡើយ​ខ្ញុំ​គឺ​ប្រឡូក​ជាមួយ​ផលិត​កម្ម​ ក្រៅ​ស្រុក ដូច្នេះ​ហើយ​ ខ្ញុំ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​។ ម្យ៉ាង​គឺ​ចង់​មិន​ចង់​ តម្លៃ​ខ្លួន​នៅ​ក្រៅ​ស្រុក​ថ្លៃ​ជាង​ក្នុង​ស្រុក​ ដូច្នេះ​ហើយ​ទើប​ផលិត​កម្ម​ក្នុង​ស្រុក​មិន​ហ៊ាន​ហៅ​ថត ឬ​សម្ដែង​ផ្សេង​ៗ។ បន្ថែម​លើ​ហេតុ​ផល​នេះ គឺ​លីហ្សា​មាន​អ្នក​ជំនួយ​ការ​នៅ​ប្រទេស​សិង្ហបុរី ដោយ​លីហ្សា​ឲ្យ​ប្រាក់​ខែ​គេ​ក្នុង​១ខែ​៣០០០​ពាន់​ដុល្លារ​ ដូច្នេះ​ហើយ​លីហ្សា​មិន​ខ្វះ​ទីផ្សារ​ក្រៅ​ស្រុក​នោះទេ។

 

Sabay ៖ នរណា​ៗ​ក៏​និយាយ​ដែរ​ថា រាល់​ពេល​ដែល​អ្នក​នាង​ទៅ​សម្ដែង​នៅ​ខាង​ក្រៅ​ប្រទេស​​គឺ​ទំនង​​​​ជា​​កញ្ញា ​​នឹង​កើប​ប្រាក់​ ច្រើន​ហើយ​​តើ​អ្នក​នាង​បាន​តម្លៃ​ខ្លួន​ទៅ​សម្ដែង​នៅ​ទី​ នោះ​ប៉ុន្មាន​ដែរ​?​

 

ព្រីម លីហ្សា៖ ចាស៎​! មែន​ហើយ​បង គឺ​ខ្ញុំ​ចេញ​ទៅ​ម្ដង​ៗ​អាច​សល់​ប្រាក់​ខ្ទង់ពាន់ ​ហើយ​ពេល​ខ្លះ​ខ្ទង់​ម៉ឺន​ក៏​មាន​ដែរ។ ខ្ញុំ​ចំណាយ​ពេល​ទៅ​សម្ដែង​ពេល​ខ្លះ​ពី​មួយ​អាទិត្យ​ ទៅ​១ខែ តាម​ការ​អញ្ជើញ​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ឲ្យ​ចូលរួម​សម្ពោធ​ហាង​ខោអាវ ដែល​មាន​ម៉ាក​ល្បី​ៗ​នៅ​ក្រៅ​ប្រទេស​។

 

Sabay ៖ រហូត​មក​ទល់​នឹង​ពេល​នេះ​ តើ​​កញ្ញា​​បាន​ទៅ​ប៉ុន្មាន​ប្រទេស​ហើយ​?

 

ព្រីម លីហ្សា ៖ ប្រទេស ​ដែល​ខ្ញុំ​បាន​ទៅ​ចូលរួម​កម្មវិធី​ និង​ថត​ម៉ូដែល ​ឲ្យ​ផលិត​ផល ​របស់​ក្រុមហ៊ុន​នោះ​រួម​មាន​ប្រទេស​វៀតណាម សិង្ហបុរី និង​ថៃ។ ដោយ​ឡែក​ប្រទេស​ដែល​ខ្ញុំ​ធ្លាប់​ដើរ​លេង​រួមមាន​សហរដ្ឋ​អាមេរិក​ជាដើម​។

 

Sabay ៖ សំណួរ​មួយ​ដែល​ខ្ញុំ​មិន​អាច​អត់​សួរ​បាន​នោះ គឺ​អ្នក​នាង​តែង​តែ​ប្រកាស​ប្រាប់​សាធារណៈ​ជន​ តាម​បណ្ដាញ​សារព័ត៌មាន​ថា សំលៀកបំពាក់​ ដែល​អ្នក​នាង​ប្រើ​នោះ គឺ​មាន​តម្លៃ​ថ្លៃ​រាប់​ពាន់​ដុល្លារ​ ចាប់​ពី៤​ពាន់​ដុល្លារ​ ទៅ​ដល់​​៩​ពាន់​ដុល្លារ​ ហើយ​ស្ទើរ​តែ​តារា​មួយ​ចំនួន​មិន​ហ៊ាន​ទិញ​ប្រើ​នោះ​ទេ​ តើ​កញ្ញា​មាន​ប្រាក់​មក​ពី​ណា​ដើម្បី​ចំណាយ​លើ​សម្ភារៈ​និយម​នេះ​?

 

ព្រីម លីហ្សា ៖ ការពិត​បង​! ខ្ញុំ​ចូល​ចិត្ត​ទិញ​របស់​ថ្លៃ​ៗ​មក​ប្រើ​ ព្រោះ​តាំង​ពី​តូច​មក​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​ប្លែក​ពី​គេ​ ហើយ​នៅ​លើ​ពិភព​សិល្បៈ​ខ្ញុំ​ចង់​បង្ហាញ​របស់​ថ្លៃ​ដូច​តារា​បរទេស​ដែរ ពួកគេ​ប្រើ​របស់​ថ្លៃ ខ្ញុំ​ក៏ចង់​ដូច​ពួកគេ​ដែរ។ និយាយ​ពី​ថា ខ្ញុំ​បាន​ប្រាក់​មក​ពី​ណា​នោះ​ គឺ​ខ្ញុំ​បាន​មក​ពី​ពេល​ខ្ញុំ​ចូលរួម​កម្មវិធី​របស់​ក្រុម​ហ៊ុន​នៅ​ឯ​ក្រៅ​ ប្រទេស​ ដែល​ទៅ​ម្ដង​អាច​សល់​ប្រាក់​បាន​ខ្ទង់​ពាន់​​ឯ​ណោះ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ដក​ប្រាក់​ខ្លះ​ទិញ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​នោះ​ទៅ​ ទី​១​ដើម្បី​ទំនាក់ទំនង ទី​២​បង្ហាញ​ថា តារា​ខ្មែរ​ក៏​មាន​លទ្ធភាព​ទិញ​សម្ភារៈ​ថ្លៃ​ៗ​ដែរ​។​

 

Sabay ៖ នៅ​ក្នុង​ពិភព​សិល្បៈ​ពាក្យ​ចចាមអារ៉ាម​ តែង​តែ​លើក​ឡើង​ថា ​កញ្ញា​​មាន​​អ្នក​ជំនួញ​តាម​ស្នេហ៍ និង​មាន​អ្នក​​ចិញ្ចឹម​តើ​រឿង​នេះ​ពិត​ទេ​?

 

ព្រីម លីហ្សា ៖ រឿង​​អ្នក​តាម​ស្រឡាញ់​ គឺ​មិន​ខ្វះ​ទេ​បង​ ប៉ុន្តែ​រឿង​ថា មាន​អ្នក​ចិញ្ចឹម​ គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។ រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​គ្មាន​ទេ​អ្នក​ចិញ្ចឹម​ គឺ​អ្វី​ៗ​ខ្ញុំ​ប្រឹង​ដោយ​ខ្លួន​ឯង និង​បាន​របស់​ពី​ការងារ​សិល្បៈ​តាម​រយៈ​ទៅ​ចូល​រួម​កម្មវិធី​​ ហើយ​ខ្ញុំ​និយាយ​​ដដែល​ គឺ​ចង់​បញ្ជាក់​ថា ខ្ញុំ​បាន​ប្រាក់​ពី​កម្មវិធី មិនមែន​បាន​មក​ពី​អ្នក​ចិញ្ចឹម​នោះ​ទេ។​

 

 

Sabay ៖  នៅ​ក្នុង​ពិភព​សិល្បៈ​​រំ​រឹត​ដោយ​ពាក្យ​ចចាមអារ៉ាម​បែប​នេះ តើ​​កញ្ញា​​ គិត​ថា វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ឯក​ជន​យ៉ាង​ម៉េច​ដែរ​ទេ?

 

ព្រីម លីហ្សា ៖ ថ្វីបើ​អ្នក​សារព័ត៌មាន​បាន​សរសេរ​រិះគន់​ខ្ញុំ​ពី​រឿង​ថា ខ្ញុំ​កូន​កាត់​វៀតណាម ឬ​ខ្ញុំ​មាន​ស្នេហា​រញ៉េរញ៉ៃ​ក្ដី ក៏ ​ខ្ញុំ​មិន​ខឹង​អ្នក​សារព័ត៌មាន​ដែរ គឺ​ខ្ញុំ​រង់​ចាំ​បក​ស្រាយ​ជានិច្ច​។ “ធ្វើ​ម៉េច​បើ​ខ្ញុំ​ជា​សិល្បៈ​ អ្នក​សិល្បៈ​គឺ​ត្រូវ​តែ​រង​សម្ពាធ​ពាក្យ​ចចាមអារ៉ាម​មិន​ខាន​”។ ប៉ុន្តែ​ឥទ្ធិពល​ព័ត៌មាន​នោះ​មិន​ជះ​ដល់​ជីវិត​ឯក​ជន ឬ​ការងារ​សិល្បៈ​​អ្វី​នោះ​ទេ។ ប្រសិន​បើ​យើង​ស្អាត​ស្អំ​ គឺ​យើង​មិន​ខ្លាច​អ្វី​ទាំង​អស់។

 

Sabay ៖ តើ​​កញ្ញា​​នៅ​មាន​អ្វី​ចង់​លើក​ឡើង​បន្ថែម​នូវ​អ្វី​ដែល​ខ្ញុំ​អត់​បាន​សួរ​ដែរ​ទេ?

 

ព្រីម លីហ្សា ៖ ខ្ញុំ​សប្បាយ​ចិត្ត​ឃើញ​ថា មាន​អ្នក​គាំទ្រ​ខ្ញុំ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។ មួយ​ទៀត​បើ​ទោះ​ខ្ញុំ​ប្រើ​សម្ភារៈ​ថ្លៃ​ៗ និង​Sexy បន្តិច​ក្ដី​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ឡើយ​វប្បធម៌ ប្រពៃ​ណី​ខ្មែរ ដែល​ផូរផង់​ហើយ​នេះ គឺ​ជា​តួនាទី​របស់​អ្នក​សិល្បៈ ​ដែល​ត្រូវ​បង្ហាញ​ដល់​សាធារណៈ​ជន​ ក៏ដូចជា​ បរទេស​ឲ្យ​ស្គាល់​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​៕

 

សូមចុចអាន៖ ១៤​សន្លឹក​បង្ហាញ​ពី​ឈុត​​លម្អ​ខ្លួន​សម្បូរ​បែប​​ថ្លៃ​​ពាន់​ ម៉ឺន​ដុល្លារ​​​ពី ព្រីម លីហ្សា

សូមចុចអាន៖ ព្រីម លីហ្សា ជាប់​ដៃ​នឹង​ MV គ្មាន​ពេល​សម្រាក!

សូមចុចអាន៖ ព្រីម លីហ្សា ​ជួល​ជំនួយ​ការ ​១ខែ​ ៣ ពាន់​ ដុល្លារ​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា