បញ្ហា​រំជើប​រំជួល​នៅ​​បាត់​ដំបង​ កំពុង​​​ជះ​ឥទ្ធិពល​មិន​ល្អដល់​​​ការ​​ផ្តល់​​វ៉ាក់​សាំង​​​​កុមារ​តូច​ៗ​​

  • 2014-12-19 23:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បញ្ហា​​រំជើប​រំជួល​ពី​ការ​​ឆ្លង​រីករាយ​ដាល​ នៃ​ជំងឺអេដស៍​​​នៅ​​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​សង្កែ ​​ខេត្ត​បាត់​ដំបង​ កាល​ពី​ចុង​សបា្តហ៍​​មុន បាន​​នាំ​ឲ្យ​​ចំនួន​​​កុមារ​​តូច​ៗ​​ មក​​​ទទួល​​​​វ៉ាក់សាំង ដើម្បី​​ការពារ​​ ពី​ជំងឺ​ជា​ច្រើន​​ប្រភេទ​​​​ ​មាន​​ការ​ថយ​ចុះ​ក្នុង​​សបា្តហ៍​នេះ​។ ​

 

លោក​ វឿង​ ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង​​​ប្រាប់​ Sabay ថា​ មន្ត្រី​សុខាភិបាល​តាម​ស្រុក​​បាន​រាយ​ការណ៍​មក​ថា​ ឪពុក​​ម្តាយ​ មួយ​​ចំនួន​​មិន​ហ៊ាន​​នាំ​​កូន​តូច​ៗ របស់​ខ្លួន​មក​ទទួល​វ៉ាក់​សាំង​ការពារ​ជំងឺ​ នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នោះ​​ទេ​។ ​នេះ​គឺ​ជា​ការ​យល់​ខុស​​។ ដូច្នេះ​លោក​សូម​អំពាវ​នាវ​ដល់​ឪពុក​ម្តាយ​ ត្រូវ​នាំ​កូន​តូច​​របស់​ខ្លួន​មក​ទទួល​វ៉ាក់​សាំង​ឲ្យ​​បាន​ទៀង​ទាត់​។ "​ជា​រឿង​គួរ​ឲ្យ​អាសូរ​ ដែល​រឿង​មួយ​កើត​​​​ឡើង​ ហើយ​​អាច​ប៉ះពាល់​ដល់​រឿង​មួយ​ទៀត​។ យើង​ខ្ញុំ​​កំពុង​ខិត​ខំ​​​ជា​ខ្លាំង ដើម្បី​រក​​មូលហេតុ​​ពិត​ប្រាកដ​ នៃ​ការ​ឆ្លង​រីក​រាល​ដាល​នេះ​​។ ឪពុក​ម្តាយ ​ទាំង​អស់​​នៅ​ខេត្ត​បាត់​ដំបង​ សូម​​កុំ​ខ្លាច​ ហើយ​ត្រូវ​នាំ​កូន​មក​ទទួល​វាក់​សាំង​ឲ្យ​បាន​​ទៀង​ទាត់​​”។

 

គិត​​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​​ធ្នូ​ ឆ្នាំ​២០១៤ ​មាន​​មនុស្ស​​ ១០៦ ​នាក់​ ក្នុង​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ​​បាន​តេស្ដ​​ឈាម​រក​​​​ឃើញ​មាន​ផ្ទុក​​​ជំងឺ​អេដស៍។​ ព័ត៌មាន​​នេះ​នាំ​​ឲ្យ​​មាន​​ការ​​ភ្ញាក់​ផ្អើល ​និង​សោក​ស្តាយ​ជា​ខ្លាំង​។ មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​ជំងឺ​អេដស៍​ ​សើស្បែក​ និង​កាមរោគ​​ នៃ​ក្រសួង​សុខាភិបាល រួម​ទាំង​អង្គការ​ជាតិ​ និង​អន្តរជាតិ​​ជា​ច្រើន​ កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ចំពោះ​បញ្ហា​ខាង​លើ​នេះ​៕

 

 

អានអត្ថបទ៖ រដ្ឋមន្ត្រី​សុខាភិបាល​​​ជិះ​ឡាន​​ទៅ​បាត់​ដំបង​ទាំង​​យប់​ បន្ទាប់​ពី​​​ផ្ទុះ​​​​ជំងឺ​អេដស៍​​ឆ្លង​អ្នក​ភូមិ​​​ ចុច​ត្រង់​នេះ..!

អត្ថបទ៖មៃ សុខលីម

រូបភាព៖www.cdc.gov

អត្ថបទថ្មី