យុវវ័យបាក់ស្បាត រឿងបងប៉ូលិសផាកម៉ូតូ ទាររកកាតគ្រី!
- 2014-12-24 15:19:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យបាក់ស្បាត រឿងបងប៉ូលិសផាកម៉ូតូ ទាររកកាតគ្រី!
ចន្លោះមិនឃើញ
យុវជនមួយចំនួនបានរៀបរាប់ថា ការផាកពិន័យទារកកាតគ្រីម៉ូតូ ពីសំណាក់នគរបាលចរាចរណ៍ នៅតែជាបញ្ហាមួយ ដែលនាំឲ្យមានការផាកលើសតម្លៃកំណត់ និងឈានទៅផាកពិន័យច្រើនករណី។ ប៉ុន្តែនគរបាលចរាចរណ៍បានបដិសេធ និងលើកឡើងថា នេះគឺជាសមត្ថកិច្ចរបស់នគរបាល ដែលត្រូវតែអនុវត្ត។
កក្កដា និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា ទោះជាកំហុសឆ្គង កើតឡើង ពីអ្នកបើកបរ ភ្លេចភ្លាំងយកឯកសារម៉ូតូតាមខ្លួន នគរបាលចរាចរណ៍គួរផ្ដោតទៅលើការអប់រំជាជាងលើការផាកពិន័យពិសេស ការទារកកាតគ្រី ដែលជាឯកសារសំខាន់សម្រាប់ម៉ូតូ ឬយានយន្ត។ “មិនមែនតែខ្ញុំទេ តែមិត្តខ្ញុំជាច្រើនសុទ្ធតែដឹងថា បើកាតគ្រីធ្លាក់ដល់ដៃសមត្ថកិច្ចច្បាស់ជាអស់លុយកាន់តែច្រើន។ ដូច្នេះខុសត្រូវតិចតូចគួរប្រញាប់សម្រួលទៅល្អជាង”។
កញ្ញា សោភា និស្សិតសាកលវិទ្យាល័យបៀលប្រាយ ជំនាញគណនេយ្យឆ្នាំទី២ បានរៀបរាប់ថា ខ្លួនមានឯកសារគ្រប់គ្រាន់ ពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ត្រឹមត្រូវ នៅតែអស់លុយ ក្រោយសមត្ថកិច្ចដកហូតកាតគ្រី និងរកមើល ចាប់កំហុស។ “ខ្ញុំមានពាក់មួកសុវត្ថិភាព និងកញ្ចក់ត្រឹមត្រូវ ចុះឆ្ងល់ហេតុអីបានជាប៉ូលិសនៅតែហៅ? គាត់បានសុំមើលកាតគ្រី ខ្ញុំមានកាតគ្រី បន្ទាប់មកសួររកប័ណ្ណបើកបរ។ ខ្ញុំមានតែច្បាប់កុបពី ទីបំផុតនៅតែអស់លុយ”។
“វាមិនមែនសុទ្ធ តែបែបណឹងនោះទេ។ យុវវ័យគួររៀនមើល៍កំហុសរបស់ខ្លួនឲ្យបានច្រើនជាជាង ផ្តោតទៅលើបញ្ហារបស់សមត្ថកិច្ច។ ករណីគ្រោះថ្នាក់ចរាចរណ៍គឺ បានកើនឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះត្រូវរួមគ្នាមើលបញ្ហា និងការគោរពច្បាប់”។ ទាំងនោះគឺជាការលើកឡើងរបស់ បញ្ញា និស្សិតសាកលវិទ្យាល័យកម្ពុជា ជំនាញអក្សរសាស្ត្រអង់គ្លេស។ បញ្ញា បានរៀបរាប់ទៀតថា អ្នកបើកបរភាគច្រើនបានរំលោភច្បាប់។ ដូច្នេះ ពេលខ្លះសកម្មភាពរបស់នគរបាលនៅស្លូតណាស់ ចំពោះអ្នកបើកបរល្មើសច្បាប់។
លោក ហ៊ឹម យាន ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ បានលើកឡើងថា ការសុំឆែករកឯកសារផ្សេងៗ លើអ្នកបើកបរគឺជាសមត្ថកិច្ច ដែលមានចែក ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។ បើអ្នកបើកបរគិតថា នគរបាលចរាចរណ៍ផាកខុសច្បាប់ គឺអាចប្ដឹងទៅស្នងការនគរបាលខេត្ត ឬទៅ ក្រសួងមហាផ្ទៃ ដោយកត់ឈ្មោះ អត្តលេខ ទីតាំងពេលវេលា ឲ្យបានច្បាស់លាស់។ ម្យ៉ាងក៏អាចទាក់ទងទៅលេខ ១១៥ ឬ ១១៧ ដាក់តាមប្រអប់សំបុត្រ ឬអង្គភាពប្រឆាំងអំពើពុករលួយក៏បាន។ ” ជាគោលការណ៍រាល់ការផាកពិន័យមិនមែនសមត្ថកិច្ចចង់បានលុយពីអ្នក បើកបរនោះទេ។ សំខាន់ចង់ឲ្យអ្នកបើកបររាងចាល និងមានការផ្លាស់ប្តូរឥរិយាបថ”៕
អត្ថបទ៖មៃ សុខលីម