សកម្មភាព Laura Mam ​សម្ដែង​ម្សិលមិញ​ដើម្បី​​​បាន​ថវិកា​​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

  • 2014-12-24 17:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ កញ្ញា Laura Mam ដែល​ធ្លាប់​ទទួល​បាន​ភាព​ល្បីល្បាញ​ ដោយ​មាន​អ្នក​ចូលមើល​ចម្រៀង​របស់​នាង​ដ៏ច្រើន​នៅ​ក្នុង​បណ្ដាញ​ YouTube កាល​ពី​ឆ្នាំ​កន្លងទៅ​ ឥឡូវ​នាង​​បាន​សហការ​​​ជា​មួយ Brown Coffee & Bakery និង Gong Cha Tea & Coffee ល្ងាច​ម្សិល​មិញ​ ដើម្បីផ្សព្វផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន ហើយ​ថវិកា​ដែល​ទទួល​បាន​​ពី​ការ​លក់​អាល់ប៊ុម​ចម្រៀង​​នឹង​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។​

 

ការ​ច្រៀង​របស់ Laura Mam បាន​ធ្វើ​តែ​ពីរ​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ហាង​ Gong Cha IFL មុខ​វិទ្យាស្ថាន​ភាសាបរទេស ថ្ងៃ ២៣ ធ្នូ ឆ្នាំ ២០១៤ ម៉ោង ៣ រសៀល​ម្សិល​មិញ និង​ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ Brown Coffee ផ្សារ ​TK ម៉ោង ៤ រសៀល។

 

អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam គឺ​ ១ បន្ទះ ​មាន​តម្លៃ ៤,៩៩ ដុល្លារ ហើយ​​អ្នក​ដែល​ទិញ​នឹង​ទទួល​បាន​ភេសជ្ជៈ​ពី Gong Cha។ ជា​មួយ​គ្នា​នោះ ក៏​មាន​ការ​ចុះ​ហត្ថលេខា ក៏​ដូច​ជា​ការ​ថត​រូប​អនុស្សាវរីយ​ជា​​មួយ Laura Mam ផង​ដែរ។ ចំពោះ​ប្រាក់​ដែល​បាន​ពី​ការ​លក់​អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam នឹង​ត្រូវ​បញ្ជូន​ទៅ​ជួយ​ដល់​​​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់។

 

លោក ថៃ ឈៀងម៉េង ប្រធាន​ទីផ្សារ​របស់ Brown និង Gong Cha បាន​ឲ្យ​ដឹង​ថា អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam គ្រោង​ដាក់​លក់​នេះ​ មាន​ប្រមាណ​ជា ​៥០០​ បន្ទះ ហើយ​ត្រូវ​បាន​ទទួល​​លក់​សិទ្ធិ​​ផ្ដាច់​មុខ​ដោយ Brown និង Gong Cha ប៉ុណ្ណោះ។ ប្រធាន​​ទីផ្សារ​រូប​នេះ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​​ឲ្យ​ក្រុមហ៊ុន​របស់​លោក​សម្រេច​ចិត្ត​ចាប់​ដៃគូ​សហការ​ជា Laura Mam ដើម្បី​ជួយ​ដល់​​​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ព្រោះ​តែ​ក្រុមហ៊ុន​ចង់​រួម​ចំណែក​ជួយ​គាំទ្រ​ផលិតផល​ជា​ស្នាដៃ​កូន​ខ្មែរ និង ​ចង់​រួម​ចំណែក​ជួយ​ដល់​កិច្ច​ការ​សង្គម។

 

 

 

កញ្ញា Laura Mam បាន​លើក​ឡើង​ថា នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ស្នាដៃ​សិល្បៈ​របស់​នាង បាន​រួម​ចំណែក​ដល់​​​​កិច្ចការ​សង្គម​បែប​នេះ ព្រោះ​តាម​ដែល​នាង​ដឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ គឺ​ជា​មន្ទីរពេទ្យ​តែ១គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​ព្យាបាល​កុមារ​កម្ពុជា​ដោយ​មិន​​យក​ប្រាក់ ហើយ​កំពុងតែ​​ខ្វះខាត​ខាង​ផ្នែក​ហិរញ្ញវត្ថុ។

ល្ងាច​​ម្សិល​មិញ​នេះ Fans បាន​នាំគ្នា​មក​ទិញ​​អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam ជា​ច្រើន​នាក់ ហើយ​ពួក​គេ​បាន​សម្ដែង​ទឹក​មុខ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​នៅ​ពេល​បាន​ជួប​តារា​ចម្រៀង​ដួង​ចិត្ត​របស់​ពួក​គេ។ Laura Mam ស្ទើរ​តែ​រើ​ខ្លួន​មិន​រួច ដោយសារតែ Fans បាន​មក​សុំ​ថត​រូប​ជា​មួយ។

 

តាម​ការ​ប៉ាន់ប្រមាណ​របស់​ប្រធាន​ទីផ្សារ​ខាង​លើ អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam ទាំង ៥០០ បន្ទះ ក្នុង​រយៈ​ពេល​២ថ្ងៃ​នេះ អាច​នឹង​លក់​អស់​ទាំង​អស់​តែ​ម្ដង ឬ អាច​មិន​គ្រប់​ឡើយ ព្រោះ​គ្រាន់តែ​​ចាប់​ផ្ដើម​ដាក់​លក់​ភ្លាម មាន Fans ច្រើន​ណាស់​​បាន​មក​សម្រុក​ទិញ។ ថវិកា​ដែល​បាន​មក​​ពី​ការ​លក់​ អាល់ប៊ុម​ស៊ីឌី​ចម្រៀង គ្រោង​នឹង​យក​ទៅ​ប្រគល់​ឲ្យ​​មន្ទីរពេទ្យ​គន្ធបុប្ផា ឆាប់ៗ​ខាង​មុខ​នេះ។

 

 

 

 

ទស្សនិកជន​ដែល​​ចង់​ជួប តារា​ចម្រៀង Laura Mam ផ្ទាល់​អាច​ទៅ Brown Coffee ផ្សារ​ TK ម៉ោង ៤ រសៀល​​ថ្ងៃ​ទី ២៥​​ ធ្នូ​ ​ស្អែក​នេះ៕

 

អានអត្ថបទ៖ ធ្លាយ​រឿង តារា​ប្រុសៗ​មួយ​ចំនួន លួចលាក់​ទៅ​ធ្វើ​​ការ​ជា​បុរស​ម៉ាស្សា អានអត្ថបទ៖ សុខ ពិសី មិន​ធ្វើ​ខួប​ធំ មិន​មែន​គ្មាន​លុយ​ធ្វើ​ទេ គឺ​មក​ពី​ខ្លាច Fans មិន​បាន​ចូល​រួម (វីដេអូ)

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី