សុខ ពិសី មិនធ្វើខួបធំ មិនមែនគ្មានលុយធ្វើទេ គឺមកពីខ្លាច Fans មិនបានចូលរួម (វីដេអូ)
- អង្គារ, 23 ធ្នូ 2014 21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ពិសី មិនធ្វើខួបធំ មិនមែនគ្មានលុយធ្វើទេ គឺមកពីខ្លាច Fans មិនបានចូលរួម (វីដេអូ)
ចន្លោះមិនឃើញ
កញ្ញា សុខ ពិសី និយាយថា ការមិនធ្វើខួបកំណើតធំដុំដូចជាតារាដទៃ មិនមែនមកពីនាងគ្មានលុយធ្វើ ឬលាក់បាំងព័ត៌មានអ្វីឡើយ គឺមកពីនាងខ្លាចក្រុមអ្នកគាំទ្រ (Fans) មិនបានចូលរួមជុំគ្នា។
ការនិយាយដូច្នេះ ខណៈ Fans របស់កញ្ញា បានធ្វើខួបកំណើតឱ្យកាលពីថ្ងៃទី ១៩ ខែធ្នូ កន្លងទៅ ដោយមិនមានលក្ខណៈធំដុំនោះទេ។
តារាចម្រៀងស្រីឈានមុខក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី និយាយថា៖ "លុយកាក់មិនសំខាន់ទេសម្រាប់ខ្ញុំ ហើយខ្ញុំក៏ចូលចិត្តធ្វើដែរខួបកំណើតបែបធំដុំ។ ប៉ុន្តែបងដឹងស្រាប់ហើយ បើយើងធ្វើធំដុំ Fans របស់ខ្ញុំគាត់ម៉េចហ៊ានចូលរួម។ ម្យ៉ាងទៀតប៉ាម៉ាក់របស់ពួកគេម៉េចឱ្យមក អីចឹងហើយទើបខ្ញុំធ្វើលក្ខណៈតូចតាច ដែលពួកគាត់រៀបចំឱ្យខ្ញុំ ដោយមិនដឹងខ្លួន"។
កញ្ញា បន្តថា រឿងធំមួយទៀតរារាំងមិនអាចឱ្យនាងធ្វើខួបកំណើតធំដុំបាន គឺមកពីការងារខាងក្រៅរវល់ខ្លាំងពេក រកពេលសម្រាកមិនបាន។ ម្យ៉ាងទៀតក្រុមគ្រួសាររបស់នាងក៏មិនសូវជាចូលចិត្តធ្វើខួបកំណើតទ្រង់ទ្រាយធំនោះទេ គឺឱ្យតែដល់ថ្ងៃខួបម្ដងៗ ធ្វើជាលក្ខណៈគ្រួសារតូចតាចប៉ុណ្ណោះ។
មិនខុសពីការធ្វើជាលក្ខណៈគ្រួសារនៅផ្ទះទេ សុខ ពិសី អះអាងថាក្រុម Fan របស់ខ្លួនតែងធ្វើឱ្យជារៀងរាល់ឆ្នាំជាលក្ខណៈតូចៗល្មម ហើយពួកគាត់ចំណាយទាំងពេលវេលា និង ប្រាក់ផ្ទាល់ខ្លួនក្នុងការរៀបចំ។
ដោយគ្មានអ្វីនឹងថ្លែងបន្ថែមតារាចម្រៀងរូបនេះ បានអរគុណជាខ្លាំងចំពោះអ្នកគាំទ្ររបស់ខ្លួនបានយកចិត្តទុក ដោយលះបង់អ្វីៗគ្រប់បែបយ៉ាងក្នុងការធ្វើខួបកំណើតដ៏រំភើបមួយឱ្យ។
“ក្រៅពីអរគុណខ្លាំងចំពោះពួកគាត់ ខ្ញុំគ្មានអ្វីនិយាយទៀតទៀត ហើយចង់ឱ្យពួកគាត់ក្លាយជាគ្រួសារ សុខ ពិសី តែមួយ"។ កញ្ញា សុខ ពិសី បន្ថែម។
កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅ ក្រុម Fan របស់កញ្ញា សុខ ពិសី បានធ្វើខួបកំណើតជាទ្រង់ទ្រាយតូចមួយជូនតារាសំណព្វចិត្តពួកគេ និងបានបង្ហោះ ឃ្លីបវីដេអូមួយលើបណ្ដាញសង្គម Youtube និង Facebook ។ សុខ ពិសី ជាតារាចម្រៀងស្រីឈានមុខក្នុងផលិតកម្ម សាន់ដេ ទាំងបទចម្រៀង និងភាពយន្ត៕
អត្ថបទ៖ អ៊ីង សុឡា