អ្នក​ថត​រូប​ទម្លាយ​ការ​ងារ​អូតេស​លើ​យន្ត​ហោះ

  • 2014-12-25 18:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូតេស​បម្រើ​លើ​យន្ត​ហោះ​ គឺ​ជា​ការងារ​មួយ​ដែល​យុវជន​ជា​ច្រើន​ប្រាថ្នា​ចង់​បាន​ ដោយសារ​គេ​សង្កេត​ឃើញ​ថា ​អ្នក​ធ្វើ​ការងារ​នេះ​​តែង​ស្លៀក​ពាក់​ស្អាត​បាត ​ពូកែ​ទាំង​ភាសា​បរទេស​ និង​បម្រើ​ភ្ញៀវ​ចម្រុះ​សាសន៍។ ប៉ុន្តែ​យុវជន​ជា​ច្រើន​យល់​ថា​ ការងារ​នេះ​មិន​ងាយ​នឹង​មាន​អ្នក​ណា​ទទួល​បាន​ងាយ​ស្រួល​នោះ​ទេ។

 

ប៉ុន្តែ​លោក​ អ៊ុយ នូសិរីមុនី​ អាយុ​៣២​ឆ្នាំ​ ដែល​ជា​អ្នក​ថត​រូប​សោះ​ មាន​ឱកាស​បាន​ធ្វើ​ជា​អូតេស​​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​​ខ្មែរ​ Cambodia Angkor Air ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ។ ការ​ជាប់​ការងារ​ជា​អូតេស​ ត្រូវ​បាន​អ្នក​ថតរូប​រូប​នេះ​បញ្ជាក់​ថា​ គ្រាន់​តែ​យក​ពាក្យ​ទៅ​ដាក់​សាមញ្ញ​ធម្មតា​ នៅ​ពេល​លោក​ឮ​ដំណឹង​ប្រកាស​រើស​​បុគ្គលិក​ ហើយ​ក៏​ត្រូវ​គេ​ហៅ​ឲ្យ​ទៅ​ធ្វើ​តេស្ត​តែ​ម្ដង។

 

មុនី​ថា៖ “ឮ​ប្អូន​ស្រី​ខ្ញុំ​ថា​ ធ្វើ​អូតេស​ហ្នឹង​អាច​ដើរ​លេង​បាន​ច្រើន​ប្រទេស។ ខ្ញុំ​​ចូល​ចិត្ត​ថត​រូប​ផង​ ដោយ​ឮ​តែ​បាន​ទៅ​ច្រើន​ប្រទេស​ គឺ​ចង់​ធ្វើ​តែ​ម្ដង។ អីចឹង​ខ្ញុំ​ក៏​ទៅ​ដាក់​ពាក្យ​លេង​ទៅ​ នៅ​ពេល​ដឹង​ថា​គេ​ប្រកាស​ជ្រើស​រើស​បុគ្គលិក"។

 

ថ្វីត្បិត​តែ​​កាល​ណោះ​ មុនី​ គឺ​គ្រាន់​តែ​ជា​អ្នក​ថត​រូប​ម្នាក់​ក្តី​ តែ​លោក​ធ្លាប់​ជាប់​​​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​ធន​ធាន​មនុស្ស​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​សាំងហ្គាពួរ​រយៈពេល​មួយ​ឆ្នាំ​ដែរ ​ចន្លោះ​ពី​ឆ្នាំ​២០០២​ និង​២០០៣។ ក្រោយ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ លោក​បម្រើ​ការងារ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រហូត​ដល់​ឆ្នាំ​២០០៦។

 

 

ពេល​លា​ឈប់​ពី​ការងារ​អង្គការ​នោះ​ លោក​បាន​ធ្វើ​​ជា​អ្នក​ដើរ​រក​ទី​តាំង​ថត​ភាព​យន្ត​ឲ្យ​​ផលិត​កម្ម​ក្រៅ​ស្រុក។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​ចាប់​ផ្ដើម​ការងារ​ថត​រូប ដោយ​លក់​​ឲ្យ​ផលិត​កម្ម​ភាព​យន្ត​ក្រៅ​ស្រុក​ និង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន។ ទើប​ឆ្នាំ​២០១១​ លោក​ក៏​បាន​ជាប់​ការងារ​ជា​អ្នក​បម្រើ​លើ​យន្តហោះ។ ប៉ុន្តែ​ឱកាស​បាន​ជាប់​ការងារ​នេះ ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​ក្នុង​ចំណោម​បេក្ខជន​រាប់​រយ​នាក់​ឯណោះ​ ខណៈ​បេក្ខជន​ដែល​ត្រូវ​ជ្រើស​រើស​ គឺ​​តែ​៩​នាក់​ទេ​ ប្រុស​៣​ ស្រី​៦។

 

លោក​ថា​ លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​គឺ​ទាម​ទា​ឲ្យ​បេក្ខជន​មាន​រូប​សម្បត្តិ​សម​រម្យ​ ដោយ​បុរស​ត្រូវ​មាន​កម្ពស់​យ៉ាង​ហោច​១,៦៨​ម៉ែត្រ ​ខណៈ​នារី​វិញ​ត្រូវ​មាន​កម្ពស់​ពី​១,​៥៨​ម៉ែត្រ​ឡើង​ទៅ​ដែរ។

 

លោក​បន្ថែម​ថា៖ “មាន​សម្ភាសន៍​ច្រើន​តង់​ណាស់​ ទាំង​ចំណេះ​ដឹង​ទូទៅ​ ភាសា​អង់គ្លេស​ រូប​សម្បត្តិ ការ​ស្លៀក​ពាក់ ​និង​កាយ​សម្បទា។ តាម​ពិត​ទៅ ​រូប​សម្បត្តិ​គឺ​យក​ម៉ា​សមរម្យ​ ព្រោះ​ការងារ​នេះ​គឺ​ផ្ដោត​លើ​សេវា​បម្រើ​ដល់​អ្នក​ដំណើរ​ជាង"។  ក្រោយ​ពី​ជាប់​ការងារ​នេះ​ហើយ​ មុនី​ ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ជូន​ទៅ​ហាត់​រៀន​នៅ​ប្រទេស​វៀតណាម​ ជាមួយ​នឹង​បេក្ខជន​៨​នាក់​ផ្សេង​ទៀត។

 

លោក​ថា៖ “ដំបូង​ឡើយ​ គេ​ឲ្យ​យើង​រៀន​ពី​របៀប​ទំនាក់​ទំនង​ភ្ញៀវ ពី​ព្រោះ​ការ​ប្រើប្រាស់​ភាសា​លើ​យន្តហោះ​ ខុស​ពី​ភាសា​យើង​ប្រើ​ជា​ទូទៅ។ ជា​ធម្មតា​ យើង​ត្រូវ​តែ​ប្រើ​ភាសា​ឲ្យ​គួរ​សម​ជាង។ បន្ទាប់​មក​ទៀត​ យើង​ត្រូវ​រៀន​ពី​សុវត្ថិភាព​ ដូច​ជា​ចេះ​ឆែក​ទូរសព្ទ​ អុកស៊ីហ្សែន​ និង​គន្លឹះ​ព្យាបាល​ផ្សេង​ៗ"។ លោក​បាន​ហាត់​​រៀន​បម្រើ​ការងារ​ក្នុង​យន្ត​ហោះ​ពីរ​ប្រភេទ​គឺ​ ATR ​ដែល​ផ្ទុក​អ្នក​ដំណើរ​ ៦៨​នាក់​ និង​Airbus ​ដែល​ផ្ទុក​អ្នក​ដំណើរ​បាន​១៨៤​នាក់។

 

 

ក្រោយ​បញ្ចប់​វគ្គ​សិក្សា​ លោក​ត្រូវ​ចូល​បម្រើ​ការ​ងារ​ឲ្យ​Cambodia Angkor Air ​ភ្លាម​ ជា​អ្នក​បម្រើ​ភ្ញៀវ ដោយ​សាក​ល្បង​ដំបូង​ចំនួន​៣​ខែ។ ពេល​ចូល​បម្រើ​ការងារ​ លោក​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​មាន​លិខិត​ជា​ច្រើន​ ដូច​ជា​ ប័ណ្ណ​សុខភាព​ ឬ​អាជ្ញាប័ណ្ណ​ហោះ​ហើរ។ រាល់​មួយ​ឆ្នាំ​ម្ដង​ លោក​ក៏​ត្រូវ​ទៅ​ត្រួត​ពិនិត្យ​សុខភាព​ឡើង​វិញ​ដែរ។

 

អូតេស​រូប​នេះ​​ត្រូវ​បាន​មេ​របស់​ខ្លួន​សួរ​សំនួរ​ជា​ច្រើន​ រាល់​​ពេល​ហោះ​ហើរ​ម្ដង​ៗ​ ដើម្បី​បង្ការ​កុំ​ឲ្យ​លោក​ភ្លេច។ ពេល​ខ្លះ​អ្នក​បម្រើ​ការងារ​លើ​យន្ត​ហោះ​មួយ​ចំនួន​អាច​ភ្លេច​ពី​វិធី​បង្ការ​សុវត្ថិភាព​ផ្សេង​ៗ​ ពេល​ដែល​យន្តហោះ​ជួប​បញ្ហា​ម្ដង​ៗ។

 

លោក​បន្ថែម​ថា៖ "តាម​ពិត​ទៅ​ យើង​ឃើញ​ការងារ​អូតេស​ដូច​ជា​ត្រឹម​បម្រើ​ម្ហូប​អាហារ​ដល់​ភ្ញៀវ​ តែ​តាម​ពិត​ទៅ​គ្រាន់​តែ​ឡើង​ និង​ចុះ​មាន​២០​ដំណាក់​កាល​ឯណោះ"។ រាល់​ការ​ហោះ​ហើរ​ម្ដង​ៗ​មិន​ប្រាកដ​ថា​ គ្មាន​បញ្ហា​នោះ​ទេ។ ដូច​ជា​ថ្ងៃ​មួយ​ ត្រូវ​​ជួប​ព្យុះ​ តួ​យន្ត​ហោះ​ទាំង​មូល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​មាន​សភាព​ញ័រ​ខ្លាំង​ ហើយ​ចង្កា​របស់​លោក​បាន​ប៉ះ​ទៅ​នឹង​អ្វី​មួយ​ ប៉ុន្តែ​លោក​ថា​ ការ​ប៉ះ​ទង្គិច​នោះ​ពុំ​មាន​រង​របួស​អ្វី​ខ្លាំង​ក្លា​ទេ។

 

ជា​ទូទៅ​ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​យល់​ថា ​ការងារ​លើ​យន្ត​ហោះ​នេះ​ដូច​ជា​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ណាស់​ ពី​ព្រោះ​បើ​សិន​ជា​យន្ត​ហោះ​ខូច ​ខុស​ពី​ឡាន​ គឺ​ត្រូវ​ធ្លាក់​មក​ដី​ដែល​មាន​កម្ពស់​រាប់​គីឡូ​ម៉ែត្រ ហើយ​តែង​នាំ​មក​នូវ​​សោកនាដកម្ម​ដ៏​ធំធេង។ ប៉ុន្តែ​អូតេស​រូប​នេះ​យល់​ផ្ទុយ​ទៅ​វិញ​ថា៖ "បើ​មើល​តាម​ស្ថិតិ​ យន្ត​ហោះ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​​មាន​សុវត្ថិភាព​បំផុត​លើ​ពិភព​លោក។ ក្នុង​ស្ថិតិ​ចំនួន​ហោះ​ហើរ​មួយ​លាន​ដង​ យន្ត​ហោះ​ជួប​បញ្ហា​តែ​ម្ដង​ទេ។ ប៉ុន្តែ​ស្ថិតិ​មធ្យោបាយ​ធ្វើ​ដំណើរ​លើ​ដី​វិញ​ បួន​ម៉ឺន​ដង​ គឺ​ជួប​ឧប្បត្តិហេតុ​ម្ដង។ ចំពោះ​ខ្ញុំ​អត់​មាន​ភ័យ​ខ្លាច​អ្វី​ទេ​ ពី​ព្រោះ​ខ្ញុំ​ប្រកាន់​តាម​ក្បួន​សុវត្ថិភាព​ផ្សេង​ៗ​ បើ​សិន​យន្តហោះ​ជួប​បញ្ហា"។ ​

 

 

លោក​ឲ្យ​យោបល់​ថា​ បើ​យុវជន​ដែល​ចង់​បាន​ការងារ​នេះ​ មិន​គួរ​ភ័យ​ខ្លាច​រឿង​នេះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​​ពួក​គេ​គួរ​តែ​ព្យាយាម​ដុះ​ខាត់​ភាសា​បរទេស​ សិក្សា​ស្វែង​យល់​ពី​ចំណេះ​ដឹង​ទូទៅ​ និង​គួរ​ដាក់​ពាក្យ​ភ្លាម​ដោយ​ពុំ​ត្រូវ​រារែក​ ពេល​ឮ​ដំណឹង​ជ្រើស​រើស​បុគ្គលិក​ចូល​បម្រើ​ការងារ​នេះ។ រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​ ក្រៅ​ពី​ប្រទេស​កម្ពុជា​ លោក​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ចិន​ ថៃ​ និង​វៀតណាម។ លោក​ថា​ នៅ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​របស់​លោក​ពង្រីក​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ លោក​ក៏​នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​ដែរ។

 

ក្នុង​មួយ​ខែ​ៗ​ មុនី​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​តាម​យន្តហោះ​ ពី​១៥​ទៅ​២០​ថ្ងៃ។ ពេល​យន្ត​ហោះ​ត្រូវ​ឈប់​សម្រាក​នៅ​ខេត្ត​ណា​ ឬ​ប្រទេស​ណា​ លោក​ត្រូវ​ក្រុម​ហ៊ុន​ជួល​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​ ឬ​ផ្កាយ​៥​ឲ្យ​ស្នាក់​នៅ​​នៅ​ទី​នោះ។ មើល​ទៅ​លោក​ដូច​ជា​មាន​ពេល​សម្រាប់​ពី​១០​ទៅ​១៥​ថ្ងៃ​ដែរ​ក្នុង​មួយ​ខែ​ៗ​ ប៉ុន្តែ​លោក​ថា​ ភាគ​ច្រើន​គឺ​ត្រូវ​សម្រាក​នៅ​បរទេស​ ឬ​នៅ​ខេត្ត​សៀម​រាម។ ដូច្នេះ​លោក​មាន​ពេល​ម្ដង​ៗ​តែ​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​មក​ជួប​ភរិយា​ និង​កូន​ជា​ទី​ស្រឡាញ់​ទាំង​ពីរ​​របស់​លោក៕

 

 

អត្ថបទ៖ ​មាស រ័ត្ន