កុំ​ថា​តែ​កម្ពុជា ម៉ាឡេស៊ី​ក៏​បែក​ធ្លាយ​វិញ្ញាសា​ប្រលង​​ដែរ

  • 2014-09-30 23:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រឹត​បន្តឹង ​និង​ការ​ការពារ​ មិន​ឱ្យ​បែក​វិញ្ញាសា​​ពេល​ប្រលង ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​គុណភាព​សិស្ស​​ តែ​ទោះជា​យ៉ាងណា ការ​បែក​ធ្លាយ​នៅតែ​​កើត​មាន កុំ​ថា​ឡើយ​កម្ពុជានា​ឆ្នាំ​កន្លង​មក ​សូម្បី​ម៉ាឡេស៊ី​ក៏​ជួប​​បញ្ហា​នេះ​ដែរ។

 

 

គេហទំព័រ Bangkokpost បាន​ឱ្យ​ដឹង​ថា ការ​បែក​ធ្លាយ​វិញ្ញាសាប្រលង​ថ្នាក់​ទី៦ ដែល​​មាន​បេក្ខជន ៤៧០ ០០០នាក់ ក្នុង​ប្រទេស​​ម៉ាឡេស៊ី​ ​ក្នុង​ខែ​នេះ​បាន​កើត​ឡើង។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មាតាបិតា​សិស្ស​ជាច្រើន​ខឹង​សម្បារ​ និង​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​កូនៗ​ពួកគេ​នឹង​ត្រូវ​ចូល​ប្រលង​ជាថ្មី។

 

នៅ​ម៉ាឡេស៊ី ការ​ប្រលង​បញ្ចប់​បឋម​សិក្សា ឬ​ Primary School Achievement Test ជា​ការ​​ប្រលង​​​ដ៏​សំខាន់សម្រាប់​សិស្ស​ថ្នាក់​ទី​៦​ មក​ពី​សាលា​រដ្ឋ និង​​​ឯកជន​ទាំងអស់​។ ជា​ធម្មតា​ការ​ប្រលង​ ប្រារព្ធ​ធ្វើ​ឡើងនៅ​សប្ដាហ៍​ទី២ ​ក្នុង​ខែ​កញ្ញា។

 

មន្ត្រី​ក្រសួង​អប់រំ​​ម៉ាឡេស៊ី កំពុង​តាម​ដាន​លើ​ការ​បែក​ធ្លាយ​​​វិញ្ញាសា និង​កំពុង​វែក​មុខ​​​ជនខិលខូច។ ​ឥលូវ​ប៉ូលិស បាន​ឃាត់​​ខ្លួន​មនុស្ស​៣០​នាក់ ដែល​រួម​ទាំង​លោក​គ្រូ​អ្នក​គ្រូ នាយក​សាលា​ម្នាក់ និង​បុគ្គលិក​ក្រសួង​អប់រំ​មួយ​ចំនួន អ្នកកាសែត​ម្នាក់​ និង​វិស្វករ​ម្នាក់។ ​

 

លោករដ្ឋ​មន្ត្រី Ahmad Zahid Hamidi និយាយ​ថា ការ​បែក​ធ្លាយ​នេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​បណ្ដាញ​គ្រូបង្រៀន។ តែ​យ៉ាងណា ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត៕

 

ចុចអាន៖ ពេល​​ភ្លៀង​​ម្ដងៗ ​ទី​ក្រុង​នៃ​​​ប្រទេស​​ក្បែរ​​​​​ខាង​យ៉ាង​​ម៉េច​​ដែរ​? ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ bangkokpost