មុន​ឆ្នាំ​២០១៥ មក​ដល់ មាស ចាន់ណា ឡើង​ធ្វើ​គ្រូ​ធំ​នៅ​ណាហ្គាខប

  • 2014-12-25 22:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ណាហ្គាខប បាន​សម្រេច​​ដំឡើង​​លោក មាស ចាន់ណា ពី​ជំនួយ​ការ​គ្រូ​បង្វឹក​ធ្វើ​ជា​គ្រូ​បង្គោល​​​​របស់​ក្រុម ក្រោយ​ការ​ចាក​ចេញ​​របស់​លោក ប្រាក់ សុវណ្ណារ៉ា បន្ទាប់​ពី​ចប់​រដូវកាល​​ឆ្នាំ ២០១៤ កន្លង​ទៅ។

 

 

លោក មាស ចាន់ណា ធ្លាប់​ជា​ចំណែក​ឱ្យ​ក្រុម​លើក​ពាន Hun Sen Cup 2013 (កាន់​ពាន)

  លោក មាស ចាន់ណា បាន​ប្រាប់​ Sabay ថា​លោក​​បាន​ចុះ​កិច្ចសន្យា​​ផ្លូវការ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​​ជាមួយ​លោក ឡាំ ទីនី អ្នក​ចាត់ការ​ក្រុម នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នាំ ២០១៤ នេះ។ ក្នុង​នាម​ជា​គ្រូ​បង្វឹក​បង្គោល​​លោក​បាន​​ស្នើសុំជ្រើសរើស​ជំនួយការ​សំខាន់​ចំនួន ៦ នាក់ ដោយ​ក្នុង​នោះ​មាន​ពេទ្យ​ផង​ដែរ។

  លោក​រីករាយ​ចំពោះ​ក្រុម​ហ៊ុន​ដែល​បំពេញ​តាម​ការ​ស្នើ​សុំ​​របស់​កីឡាករ​នាពេល​កន្លង​មក​ មាន​ទាំង​ដំឡើង​ប្រាក់​ខែ​ផង​ដែរ ហើយ​លោក​រំពឹង​ថា​កីឡាករ​ទាំង​អស់​នឹង​ខិតខំ​ប្រឹងប្រែង​​ទាំង​អស់​គ្នា ដើម្បី​តបស្នង​នឹង​អ្វី​ដែល​ក្រុមហ៊ុន​បាន​ជួយ។

  បុរស​វ័យ ៣៤ ឆ្នាំ​រូប​នេះ​ធ្លាប់​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឈុត U-13 មក​ម៉្លេះ​ ហើយ​រហូត​​ពី​ឆ្នាំ ១៩៩៩ ដល់ ២០០៩ លោក​បាន​ចូល​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ។ លោក​បាន​ក្លាយជា​សមាជិក​​ក្នុង​ក្លិប​ណាហ្គាខប​ពី​ឆ្នាំ ២០០១ ដល់ ២០១០។ ចាប់​ពី​ឆ្នាំ ២០១១ រហូត​ដល់​​រដូវកាល ២០១៤ លោក​បាន​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ក្នុង​លីក​​កំពូល​កម្ពុជា នេះ។ ក្រៅពី​​ធ្វើ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្លិប លោក​ក៏​ធ្លាប់​ជា​គ្រូ​ជំនួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែរ ទាំង​ឈុត​យុវជន និង​ជម្រើស​ជាតិ​ឈុត​ធំ​ផង​ដែរ៕

  ចំពោះ​ជីវប្រវត្តិ​របស់​លោក មាស ចាន់ណា Sabay នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ។

  អត្ថបទ៖ ម៉ឺន រស្មី