Laura Mam ច្រៀង​នៅ Brown Coffee ផ្សារ​TK ល្ងាច​មិញ​ មាន​អ្នក​គាំទ្រ​ច្រើន​

  • 2014-12-26 17:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ច្រៀង​របស់​តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ កញ្ញា Laura Mam សហការ​​​ជា​មួយ Brown Coffee & Bakery និង Gong Cha Tea & Coffee ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន ដើម្បី​រក​​​ថវិកា​​ទៅ​ជួយ​​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​មិញ​​នេះ ​នៅ Brown Coffee ផ្សារ TK  ដោយ​កម្មវិធី​នេះ ​មាន​អ្នក​​គាំទ្រ​ជា​ច្រើន។

 

 

អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam មាន​ប្រមាណ​ជា ​៥០០​ បន្ទះ ​ត្រូវ​បាន​ទទួល​​លក់​សិទ្ធិ​​ផ្ដាច់​មុខ​ដោយ Brown និង Gong Cha  ក្នុង ១​បន្ទះ ​មាន​តម្លៃ ៤,៩៩ ដុល្លារ។ អ្នក​ដែល​ទិញ​នឹង​ទទួល​បាន​ភេសជ្ជៈ ១កែវ ជា​មួយ​គ្នា​នោះ ក៏​មាន​ការ​ចុះ​ហត្ថលេខា ក៏​ដូច​ជា​ការ​ថត​រូប​អនុស្សាវរីយ​ជា​​មួយ Laura Mam ផង​ដែរ។ ចំពោះ​ប្រាក់​ដែល​បាន​ពី​ការ​លក់​អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam នឹង​ត្រូវ​បញ្ជូន​ទៅ​ជួយ​ដល់​​​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់។

 

លោក ថៃ ឈៀងម៉េង ប្រធាន​ទីផ្សារ​របស់ Brown និង Gong Cha បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​បាន​មក​ពី​ការ​លក់​អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam គ្រោង​នឹង​យក​ទៅ​ជូន​នៅ​​​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ ​ឆាប់ៗ​ខាង​មុន​នេះ។ ចំនួន​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ ប្រធាន​ទីផ្សារ​រូប​នេះ សម្ដែង​សុទិដ្ឋិនិយម​ថា អាល់ប៊ុម​ស៊ីឌី​ចម្រៀង​របស់ Laura Mam ទាំង៥០០​បន្ទះ នោះ​ច្បាស់​ជា​​លក់​អស់​ជាក់ជា​មិន​ខាន។

 

 

ការ​លើក​ឡើង​របស់​កញ្ញា Laura Mam ទៅ​កាន់​អ្នក​គាំទ្រ​របស់​នាង​នៅ​​កាល​ពី​ល្ងាច​មិញ មិន​ខុស​កាល​ដែល​នាង​ជួប​អ្នក​គាំទ្រ របស់​នាង​នៅ Gong Cha IFL មុខ​វិទ្យាស្ថាន​ភាសាបរទេស ពី​​ថ្ងៃ ២៣ ធ្នូ ឆ្នាំ ២០១៤ ឡើយ។ តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​​បណ្ដាញ​ YouTube បាន​និយាយ​ថា នាង​​ពិត​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ស្នាដៃ​សិល្បៈ​របស់​នាង បាន​រួម​ចំណែក​ដល់​​​​កិច្ចការ​សង្គម​បែប​នេះ ព្រោះ​តាម​ដែល​នាង​ដឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ គឺ​ជា​មន្ទីរពេទ្យ​តែ១គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​ព្យាបាល​កុមារ​កម្ពុជា​ដោយ​មិន​​យក​ប្រាក់ ហើយ​កំពុងតែ​​ខ្វះខាត​ខាង​ផ្នែក​ហិរញ្ញវត្ថុ។

 

អ្នក​គាំទ្រ​​សុទ្ធសឹងតែ​ជា​យុវវ័យ​បាន​​នាំ​គ្នា​មក​គាំទ្រLaura Mam ជា​ច្រើន ហើយ​ពួក​គេ​បាន​សម្ដែង​​ទឹក​មុខ​សប្បាយ​រីករាយ ខ្លាំង​ណាស់​នៅ​ពេល​បាន​ជួយ​តារា​ចម្រៀង​ដួង​ចិត្ត​របស់​ពួក​គេ។  Laura Mam ក្នុង​ដៃ​កាន់​ហ្គីតា លេង​ភ្លេង​ និង ​ច្រៀង​យ៉ាង​សប្បាយ​រីក​រាយ ជា​មួយ​គ្នា​នោះ​ក៏​មាន​ក្រុម​រាំ Super K Cambodia ជួយ​រាំ​ផង​ដែរ។ ច្រៀង​ផង​រាំ​ផង Laura Mam ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​​ពេញ​ចិត្ត​ ហើយ​នាង​ស្ទើរ​តែ​រើ​ខ្លួន​មិន​រួច​ដោយសារតែ Fans បាន​មក​សុំ​ថត​រូប​ជា​មួយ ទុក​ជា​អនុស្សាវរីយ។

 

ការ​ច្រៀង​របស់ Laura Mam ដើម្បី​ផ្សព្វផ្សាយ​លក់​​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន ដើម្បី​យក​ថវិកា​​ជួយ​​មន្ទីរពេទ្យ​គន្ធបុប្ផា  បាន​ធ្វើ​តែ​ពីរ​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ហាង​ Gong Cha IFL មុខ​វិទ្យាស្ថាន​ភាសាបរទេស កាល​ថ្ងៃ ២៣ ធ្នូ ឆ្នាំ ២០១៤ ម៉ោង ៣ រសៀល​ម្សិល​មិញ និង ល្ងាច​មិញ​នេះ នៅ Brown Coffee ផ្សារ TK ទួល​គោក។ Sabay Digital Corp ក៏​បាន​ចូលរួមឧបត្ថម្ភ​ ក្នុង​ការផ្សព្វផ្សាយ​កម្មវិធី​នេះ​ផង​ដែរ៕

 

 

 

អានអត្ថបទ៖ ៣ សន្លឹក​​របស់ នៅ ណាវីន ធានា​ថា ក្ដៅ​សាច់​ទាំង​ព្រឹកហ្មង! អានអត្ថបទ៖ សកម្មភាព Laura Mam ​សម្ដែង​ម្សិលមិញ​ដើម្បី​​​បាន​ថវិកា​​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

 

អត្ថបទ៖ ខុត សីហា