ថន លក្ខិណា៖ "ចំណេះដឹង​សំខាន់​ជា​ពន្លឺ​នៃ​ជីវិត"

  • 2014-10-01 17:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​អាជីព​សិល្បៈ​ជា​ឆ្នាំង​បាយ​ប្រចាំ​ថ្ងៃ ប៉ុន្តែ បំណិន​ជីវិត​សំខាន់​បំផុត​គឺ​ការ​សិក្សា​ ឬ​ការ​ក្រេប​ចំណេះ​ដឹង។ "ចំណេះ​ដឹង​សំខាន់ ជា​​​ពន្លឺ​​នៃ​​ជីវិត"។ ទាំង​នេះ​គឺជា​ការ​លើក​ឡើង​របស់​ កញ្ញា ថន លក្ខិណា ពិធី​ការិនី និង ​តារា​សម្ដែង ​​បាន​និយាយ​ប្រាប់ Sabay នា​ពេល​ថ្មីៗ​នេះ។

សូមចុចអាន៖ “ព្រាយ​ខ្លា” ពី​ប្រទេស​កម្ពុជា​បង្ក​ចលាចល​ផ្អើល​អ្នក​ស្រុក​ថៃ

 
កញ្ញា ថន ​លក្ខិណា ដែល​កំពុង​រវល់​ការងារ​សិល្បៈ​ផង និង ការ​សិក្សា​ផ្នែក​ធនាគារ​ ឆ្នាំ ទី ៣ នៃ​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង បាន​និយាយ​ថា បើ​ទោះ​បី​សព្វថ្ងៃ​រវល់​នឹង​ការងារ​សិល្បៈ​ក៏ដោយ ក៏​កញ្ញា​ថា៖ "ខ្ញុំ​មិន​បោះ​បង់​ការ​សិក្សា​ចោល​នោះ​ទេ បើ​ទោះ​បី​ខ្ញុំ​កំពុង​រវល់​ការងារ​សិល្បៈ​ច្រើន​យ៉ាង​ណា​ក្ដី"។

 

ការងារ​សិល្បៈ និង ការ​សិក្សា កញ្ញា ថន​ លក្ខិណា បាន​បញ្ជាក់​ថា នាង​បាន​បែង​ចែក​ពេល​វេលា​ច្បាស់​លាស់​ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​នោះ​ទេ។ "ប្រសិន​បើ​ខ្ញុំ​ធ្វើ​កម្មវិធី គឺ​ខ្ញុំ រក​ពេល​ណា​ដែល​មិន​ឲ្យ​ប៉ះពាល់​នឹង​ម៉ោងកា​រសិក្សា ហើយ​ប្រសិន​ម្ដង​ម្កាល​ត្រូវ​ថត​ស្ព៉ត​ គឺ​នាង​សុំ​ច្បាប់​សាលា​ត្រឹមត្រូវ ប៉ុន្តែ បើ​ថត​រឿង​អី​ហ្នឹង​ ខ្ញុំ​រក​ពេល​ច្បាស់​ណាស់​ធ្វើ​ម៉េច​ថត​មិន​ឲ្យ​ប៉ះ​ម៉ោង​សិក្សា​ឡើយ"។

 

កញ្ញា ថន លក្ខិណា បាន​លើក​ឡើង​ថា ពេល​ខ្លះ​មាន​ការ​លំបាក​ដែរ តែ​ធ្វើ​ម៉េច​បើ​នាង​នៅ​មិនទាន់​រៀន​ចប់​ ដូច្នេះ​ ទ្រាំ​សិក្សា​ផង និង ធ្វើ​ការងារ​ផង​ ព្រោះ​ថា​ ការងារ​សិល្បៈ​ គឺជា ​ឆ្នាំង​បាយ​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​បោះបង់​ចោល​បាន។

 

“តែ​ការ​សិក្សា​ក៏​រឹតតែ​សំខាន់​ប្រសិន​បើ​យើង​រៀន​បាន​ច្រើន​ ការ​និយាយ​ស្ដី​ក៏​សម្បូរវោហារ ​ពោរពេញ​ដោយ​ចំណេះ​ដឹង​ ដូច្នេះ ខ្ញុំ​យល់​ថា ការ​សិក្សា​នឹង​ជួយ​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​លើ​វិថី​សិល្បៈ​បាន​ជោគជ័យ​ ព្រោះ​ការ​សិក្សា ​គឺជា ​ឃ្លាំង​ចំណេះ​ដឹង​ដែល​មិន​ចេះ​រីងស្ងួត"។

  • ប្រវត្តិសង្ខេប ថន លក្ខិណា
នៅ​អំឡុង​ឆ្នាំ ២០១១ កញ្ញា ថន​ លក្ខិណា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់​ឌុប ហើយ​បន្ត​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផ្នែក​ធនាគារ។ ថន លក្ខិណា កើត​នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ​ ១៩៨៩ ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះ​កុង ដែល​មាន​បងប្អូន​​ ៤​ នាក់ (​ប្រុស​១ ស្រី​៣) ដោយ​នាង​ គឺ​ជា ​កូន​ពៅ បាន​បញ្ជាក់​ប្រាប់​ថា ហេតុ​តែ​នាង​ចាប់​ជំនាញ​ផ្នែក​ធនាគារ ដោយ​សារ​ មុខ​វិជ្ជា​នេះ​ងាយ​ស្វែង​រក​ការងារ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​នាង​បាន​និយាយ​ថា ជំនាញ​អ្វី​មិន​សំខាន់​នោះ​ទេ ឲ្យ​តែ​យើង​រៀន​ចេះ គឺ​អាច​ស្វែង​រក​ការងារ​បាន​ដូចគ្នា។

 

កញ្ញា ថន លក្ខិណា មាន​កម្ពស់​ខ្ពស់​ស្រឡះ ១៦៥ សង់ទីម៉ែត្រ។ នាង​មាន​ឪពុក​ឈ្មោះ​ លី ថន អាយុ ​៥៤ ​ឆ្នាំ ជា​អាជីវករ និង ​ម្ដាយ​ឈ្មោះ​ យិន សុផាន អាយុ​ ជាង ៥០ ​ឆ្នាំ​ ជា​ស្ត្រី​មេផ្ទះ បាន​រំលឹក​ពី​ប្រវត្តិ​សិក្សា​របស់​ខ្លួន​ថា កាល​ពី​នៅ​ក្មេង​នាង​រៀន​ត្រឹម​ថ្នាក់​ទី​ពីរ​ប៉ុណ្ណោះ ក៏​ត្រូវ​ម្ដាយ​ និង​ បង​ៗ នាំ​យក​ចេញ​ទៅ​កាន់​ទឹក​ដី​ខេត្ត​ ត្រាត​ ប្រទេស​ថៃ​ ដែល​មាន​ព្រំ​ប្រទល់​​ជាប់​នឹង​​ខេត្ត​កោះ​កុង ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​​នៅ​ក្នុង​ប្រទេស​ថៃ​។

 

នាង​លើក​ឡើង​ពី​អតីត​កាល​នោះ​ថា «​កាល​នោះ​ម៉ាក់​ខ្ញុំ​ គាត់​ឆ្អែត​ចិត្ត​នឹង​ប៉ា​ខ្ញុំ​ ទើប​គាត់​សម្រេច​ចិត្ត​​នាំ​កូន​ប្រុស​ស្រី​ចេញ​ទៅ​ស្រុក​ថៃ ដើម្បី​គេច​ចេញ​ពី​ប៉ា ម្យ៉ាង​ពួក​ខ្ញុំ​ចង់​ចេញ​ទៅ​ធ្វើ​ការ​រក​លុយ​ផង​»។

 

ថន លក្ខិណា អះ​អាង​ថា ជីវិត​នៅ​ក្នុង​ប្រទេស​ថៃ​របស់​ពួក​នាង គឺ​​មើល​​មិន​ឃើញ​ភាព​សំបូរ​សប្បាយ​​នោះ​ទេ ដោយ​សារ​តែ​ទាំង​ម្ដាយ និង​ បង​ៗ​​របស់​នាង ត្រូវ​ពឹង​អាស្រ័យ​​លើ​​អាជីព​អូស​ត្រី និង ​​ស៊ី​ឈ្នួល​ តែ​មួយ​ចម្អែត​ឲ្យ​ជន​ជាតិ​ថៃ​។

 

ទោះ​យ៉ាង​ណា នាង​ក៏​ត្រូវ​បាន​ម្ដាយ និង ​បងៗ ផ្ដល់​លទ្ធភាព​ឲ្យ​ចូល​សាលា​ក្នុង​ប្រទេស​ថៃ ហើយ​រៀន​បាន​ដល់​ចប់​ថ្នាក់​ទី​ ៩ នៅ​ក្នុង​ខេត្ត​ត្រាត​នោះ​ដែរ។ ម្ល៉ោះ​ហើយ ទើប​នាង​អាច​និយាយ និង​ សរសេរ​ភាសា​ថៃ បាន​ស្ទាត់​ជំនាញ​​ដូច​ភាសា​ខ្មែរ។ តារា​ផ្សង​ព្រេង​ចេញ​ក្រៅ​ទឹក​ដី​កំណើត​រូប​នេះ​ បាន​និយាយ​ថា «​កាល​នោះ​ពួក​ខ្ញុំ​ស្អី​ក៏​ធ្វើ​ដែរ ព្រោះ​យើង​ទៅ​ស៊ី​ឈ្នួល​គេ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​តាំង​ចិត្ត​ថា ត្រូវ​តែ​ខំ​រក​ប្រាក់​ដើម្បី​ជួយ​ម៉ាក់​ខ្ញុំ កុំ​ឲ្យ​គាត់​វេទនា ព្រោះ​ខ្ញុំ​ស្អប់​ភាព​ក្រី​ក្រ​ណាស់​»។

 

នៅ​ឆ្នាំ ២០០៥ នាង​បាន​ផ្លាស់​មក​រស់​នៅ​ទី ​ក្រុង​ភ្នំពេញ​​ បន្ទាប់​ពី​ការ​ងារ​រក​ប្រាក់​នៅ​ក្នុង​ប្រទេស​ថៃ មិន​សូវ​អំណោយ​ផល ​ដែល​កាល​នោះ​ក៏​ស្រប​គ្នា​ គម្រោង​​ចង់​ឡើង​មក​រក​ការងារ​ធ្វើ​នៅ​​ភ្នំពេញ​ផង។

 

តារា​រូប​នេះ​ថ្លែង​ថា «​គ្រាន់​តែ​សន្សំ​បាន​ប្រាក់​មួយ​ចំនួន ម៉ាក់​ និង ​បងៗ​ខ្ញុំ​ក៏​ចេញ​ពី​ថៃ មក​ភ្នំពេញ​ភ្លាម ព្រោះ​នៅ​ថៃ​ វា​ពិបាក​​រក​លុយ​ ហើយ​​ការ​ផ្សង​ព្រេង​លើក​ទី​ពីរ​របស់​ពួក​ខ្ញុំ ក៏​ដូច​ការ​គ្រោង​ទុក​មែន ព្រោះ​មក​ដល់​ពេល​នេះ ក្រៅ​ពី​​​បង​ៗ​របស់​ខ្ញុំ គាត់​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ​និង ​មាន​ការងារ​ច្បាស់​លាស់ គឺ​ សូម្បី​តែ​ខ្ញុំ​ក៏​ក្លាយ​ជា​អ្នក​សិល្បៈ ដែល​អាច​ចាត់​ទុក​ថា​ កំពុង​មាន​អនាគត​ដែរ»។ នេះ​ជា​អ្វី​ដែល​ថន លក្ខិណា និង​ បងៗ បាន​រួម​គ្នា​ប្រឹង​ប្រែង បើ​ទោះ​​ជា​មិន​សូវ​ទទួល​ភាព​កក់​ក្ដៅ ពី​លោក​ឪពុក ដូច​ក្មេងៗ​ដទៃ។

 

ទោះ​យ៉ាង​ណា​​រហូត​មក​ដល់​ពេល​នេះ ថន លក្ខិណា មិន​បាន​ខឹង​សម្បា​​នឹង​ឪពុក​ខ្លួន​ឡើយ ​​ក្នុង​ពេល​ដែល​មួយ​រយៈ​នេះ លោក​ក៏​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង ដោយ​បាន​បង្ហាញ​ការ​គិត​គូរ​ចំពោះ​​រូប​នាង ​ក៏​ដូច​ជា​​បងៗ​ផ្ទុយ​​ពី​អតីត​កាល​ដែរ​នោះ​។ តារា​រូប​នេះ​និយាយ​ថា «​រឿង​ចាស់​ៗ ខ្ញុំ​មិន​អាច​ថា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ថា បើ​គ្មាន​រឿង​អ៊ីចឹង​ទេ គឺ​ខ្ញុំ​ប្រហែល​ជា​គ្មាន​ចេះ​តស៊ូ រហូត​ដល់​មាន​អនាគត​បែប​ហ្នឹង​ឡើយ​»។

 

និយាយ​អំពី​ការ​ប្រលូក​ក្នុង​ពិភព​សិល្បៈ​លើក​ដំបូង​ គឺ កញ្ញា ថន លក្ខិណា បាន​​ជាប់​ជា​ស្រី​ស្អាត​របស់​មជ្ឈមណ្ឌល ​BS ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ កាល​ពី​ឆ្នាំ ​២០០៦។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ក៏​មាន​ឱកាស​ត្រូវ​ខាង​ផលិតកម្ម​ហៅ​ថត​ពាណិជ្ជកម្ម និង ​ខារ៉ាអូខេ​ជា​ហូរ​ហែ រហូត​មាន​កេរ្តិ៍​ឈ្មោះ​ដល់​បច្ចុប្បន្ន។

 

នៅ​ចុង​ឆ្នាំ ២០០៦ នាង​បាន​ហក់​ចូល​មក​កាន់​តំណែង​ជាពិធី​ការិនី​ជា​បន្ត​បន្ទាប់​នៅ​ស្ថានីយ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ គឺ​ កម្មវិធី​ ស្ត្រី​មេផ្ទះ​។ នៅ​ ប៉ុស្តិ៍​លេខ​ ៩ ក្នុង​ឆ្នាំ​ ២០០៨ កម្មវិធី​ផ្សាយ​ផ្ទាល់ តន្ត្រី​ថ្ងៃ​អាទិត្យ និង​ ចុង​ក្រោយ​គេ​ គឺ​ប៉ុស្តិ៍​ស៊ីធីអិន កាល​ពី​ចុង​ឆ្នាំ ​២០០៩ ក្នុង​កម្មវិធី​ «​សុខគា លក្ខិណា ប៊ីអាយជី» រហូត​មក​ដល់​សព្វ​ថ្ងៃ​។

 

ទោះ​បី​ជា​ កញ្ញា ថន លក្ខិណា កំពុង​ជោគជ័យ​លើ​វិថី​សិល្បៈ​យ៉ាង​ណា​ក៏ដោយ ក៏​នាង​អះអាង​ថា នាង​នឹង​បន្ត​ការ​សិក្សា​របស់​នាង​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​ថា ការ​សិក្សា​មាន​តម្លៃ​ណាស់​សម្រាប់​ជីវិត។ នាង​បាន​បញ្ជាក់​ថា "ចំណេះ​គឺជា​ពន្លឺ​សម្រាប់​ជិវិត"៕

ព័ត៌មាន​កម្សាន្ដ​ជាច្រើន​ទៀត​ ចុចត្រង់​នេះ

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា