ឈិនឡុង បរិច្ចាគ​​មួយ​លាន​ដុល្លារ​ដល់​គ្រួសារ​អ្នក​ថត​រឿង​ដែល​លង់​ទឹក​ស្លាប់

  • 2015-01-03 13:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេធាវី​ពី​ក្រុមហ៊ុន​ផលិត​ភាពយន្ត “SKIPTRACE” បាន​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា តារា​សម្ដែង​ហុងកុង Jackie Chan (ឈិន ឡុង) បាន​បរិច្ចាគ​ប្រាក់ ១លាន​ដុល្លារ​ហុងកុង (ស្មើ​១២៨ ៩៣៤ដុល្លារ​អាមេរិក) ចំពោះ​គ្រួសារ​អ្នក​ថត​រូប Chan Kwok Hung ដែល​បាន​ស្លាប់​ក្នុង​ពេល​ថត​រឿង “SKIPTRACE” កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ២០១៤​កន្លង​ទៅ។

 

ក្រោយ​លោក Kwok Hung បាន​ស្លាប់ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា តារា​ក្បាច់​គុន​ឈិនឡុង បាន​អំពាវនាវ​ឲ្យ​អ្នក​គ្រប់គ្នា​ប្រមូល​ប្រាក់​ជួយ​ជន​រងគ្រោះ​បាន ៧៧៣០០ដុល្លារ ប៉ុន្តែ​តារា​រូប​នេះ មិន​បាន​បរិច្ចាគ​ប្រាក់​ខ្លួន​ឯង​សូម្បី​តែ​មួយ​សេន។ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ ​មេធាវី​​តំណាង​ក្រុមហ៊ុន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

 

“១. ក្រុមហ៊ុន​ពិត​ជា​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ដែល​នាំ​ឲ្យ​អ្នក​ថត​រឿង​ម្នាក់​ស្លាប់។ ឥលូវ​នេះ​ក្រុមហ៊ុន​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច ដើម្បី​ជួយ​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​កំពុង​មាន​ទុក្ខ​លំបាក"។

 

“២. សមាគម​អ្នក​ថត​រឿង​ហុងកុង បាន​បញ្ជាក់​ប្រាប់​ក្រុមហ៊ុន​ថា លោក Jackie Chan បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន ១លាន​ដុល្លារ​ហុងកុង ជួយ​ដល់​ភរិយា​ជន​រងគ្រោះ”។

 

អ្នក​ថត​រឿង​វ័យ ៥១ឆ្នាំ Kwok Hung បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក អំឡុង​ពេល​​រៀបចំ​ថត​រឿង "SKIPTRACE” ដែល​សម្ដែង​ដោយ Jackie Chan និង Fan Bingbing។ ក្រុម​ការងារ​រួម​ដំណើរ​ចំនួន ៧​នាក់​ទៀត​បាន​ហែល​មក​ច្រាំង​វិញ​ដោយ​សុវត្ថិភាព​ លើកលែង​តែ​លោក​ដែល​ទាក់​ខ្លួន​ជាប់​នឹង​ទូក​ម្នាក់​ឯង ៕

 

ចុច​អាន៖លិច​ទូក ស្លាប់​មនុស្ស​ម្នាក់​ពេល​កំពុង​ថត​រឿង​ថ្មី​របស់ ឈិន​ឡុង (វីដេអូ)

ចុច​អាន៖រឿង​ថ្មី ឈិនឡុង សម្ដែង​ជាមួយ​តារា​ល្បី​អាមេរិក និង​កូរ៉េ ចេញ Trailer ផ្លូវការ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop